ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បាន​អញ្ជើញ​ដល់​ប្រទេស​កាហ្សាក់ស្ថាន ដោយ​សុវត្ថិភាព

ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា អញ្ជើញ​ដល់​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ​ដោយ​សុវត្ថិ ភាព នៅវេលា​ម៉ោង២១​និង​៤០​នាទី រាត្រី ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធាន សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤។

រដ្ឋសភា​កា​ហ្សា​ក់​ស្ថាន​ដែលជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ បានទទួល​ស្វាគមន៍ សម្ដេច និង​គណៈប្រតិភូ​យ៉ាង​កក់ក្ដៅ​។ កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ប្រតិភូ​ថ្នាក់ដឹកនាំ​សភា​ក្នុង​តំបន់​ទាំងពីរ ប្រមាណ​៦០​ប្រទេស​ចូលរួម ព្រមទាំង​មាន​វត្តមាន អង្គការ​អន្តរជាតិ និង​អន្តរ​សភា​ជាច្រើន​ទៀត។

សម្ដេច​ប្រធានរដ្ឋសភា ​នឹង​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា ទៅកាន់​កិច្ចប្រជុំ​ផងដែរ​។ ជាមួយគ្នានេះ​កំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​នេះ សម្ដេច​គ្រោង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានរដ្ឋសភា​នៃ​ប្រទេស​មួយចំនួនទៀត ក្នុងការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា ក៏ដូចជា​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ រឹតចំណង​មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេ​ភាគី និង​ពហុភាគី។

សូមជម្រាបថា ប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​សភា​ឌូ​ម៉ា​សហព័ន្ធ​រុស្ស៊ី និង​រដ្ឋសភា​សាធារណ​រដ្ឋ​កូរ៉េ គឺជា​វេទិកា​អន្តរ​សភា​ដ៏​មាន​សារៈសំខាន់ ដែល​ថ្នាក់​ដឹកនាំ​សភា​ទាំងពីរ​តំបន់​ជួបពិភាក្សា លើ​ប្រធានបទ​សំខាន់ៗ ក្នុងការ​ដោះស្រាយ​បញ្ហា​រួម​។ បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​ និង​អឺរ៉ុប​។ ផ្លាស់ប្ដូរ​ទស្សនៈ​យោបល់ ក្នុង​ការ​ការពារ​ផលប្រយោជន៍ ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សុខុមាលភាព​សង្គម​នៅក្នុង​តំបន់ ​ក៏ដូចជា​ពិភពលោក​ទាំងមូល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114