ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​កែប អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន

កែប ៖ ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ ទី​៩ ក្នុង​វត្ត​ស​ត្ថា​រាជា​អង្គ​ព្រៃធំ សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប នា​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កែប បាន​ធ្វើ​ការអប់រំ ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ធ្វើដំណើរ​តាម​ដង​ផ្លូវ​សាធារណៈ បើកបរ​រថយន្ត ម៉ូតូ ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ពាក់មួក និង​ខ្សែក្រវាត់​សុវត្ថិភាព ដាក់​កញ្ចក់​មើល​ក្រោយ​ឲ្យ​បាន​ត្រឹមត្រូវ និង​កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ជា យថា​ហេតុ ដែលនាំ​ឲ្យ​ខូចខាត ទ្រព្យសម្បត្តិ លុយកាក់ ខាត់​បង់​ពេលវេលា​រកស៊ី ធ្លាក់ខ្លួន​ពិការ ឬ​បាត់​បង់ជីវិត​ជាដើម។

លោក​អភិបាលខេត្ត​កែប បានបញ្ជាក់​ទៀតថា ស្រប​ពេលដែល​ប្រទេសជាតិ​កាន់តែ​មានការ​រីក​ចម្រើន ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ ដូច្នេះ​កំណើន​ នៃ​យានយន្ត​គ្រប់​ប្រភេទ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​បង្ក​នូវ​ការ​កកស្ទះ​នៅ​តាម​ទីក្រុង ទីប្រជុំជន និង​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់ ដែល​នេះ ​គឺជា​បញ្ហា​ប្រឈម​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ​។
លោក​បាន​បន្តថា ក្រៅពី​គ្រោះថ្នាក់​ចរាចរណ៍​បញ្ហា​គ្រឿងញៀន ក៏​នៅតែ​ជា​បញ្ហា​ចម្បង​ដែល​យើង ទាំងអស់​គ្នា ត្រូវតែ​រួមគ្នា​ដោះស្រាយ និង​ទប់ស្កាត់ ទាំង​ព្រះសង្ឃ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏​ដូច​អាជ្ញាធរ​ដែនដី ត្រូវ​អប់រំ​ផ្សព្វផ្សាយ ដល់​យុវជន កូនប្រុស​ស្រី សិស្សានុសិស្ស ក៏ដូចជា​ប្រជា​ពលរដ្ឋ​ទៅ​ឲ្យ​យល់ដឹង​ពី​ផល​ប៉ះពាល់​នានា​ទាំង​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។

ជាមួយនេះ លោក​អភិបាលខេត្ត​បានចាត់ទុក​ការជួប​ជុំគ្នា​ធ្វើ​បុណ្យទាន​បាន​យ៉ាង​រីករាយ​ដូច​ពេល​នេះ គឺជា សមិទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផល​រាប់រយ​ទៀត នៃ​សន្តិភាព បើ​គ្មាន​សន្តិភាព​ទេ នោះ​អ្វី គ្រប់យ៉ាង​ក៏​និង​ត្រូវ​បាត់បង់​ដែរ ហេតុនេះ​លោក​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវខិតខំ​ថែរក្សា​សុខ​សន្តិភាព​ដែល​ខិតខំ​កសាង​មក​យ៉ាង​លំបាក​នេះ​ឲ្យ​បាន​គង់វង្ស កុំ​ជឿ​លើ ពាក្យភូតកុហក​របស់​ជន​អគតិ ដែល​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា៕


 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114