ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ យ៉​ន សេង​ហាន ដឹកនាំ​បុគ្គលិក​ជាច្រើន​នាក់​ចែក​​អំណោយ​នៅ​វត្ត​អង្គ​ព្រលឹង​នា​ឱកាស​ថ្ងៃ​បិណ្ឌ​ទី​៩

កំពង់ស្ពឺ​ ៖ ​លោក យ៉​ន សេង​ហាន អគ្គ​នាយក្រុម​ហ៊ុន​សេង​ហាន ដែល​ជា​ក្រុមហ៊ុន​បើក​គម្រោង​ពុះ​លក់​ដី​ឡូតិ៍​ធំ​មួយ ​បាន​ដឹកនាំ​បុគ្គលិក​ជាច្រើន​នាក់​ទៅ​ធ្វើ​បុណ្យ​រាប់បាត្រ​ក្នុង​បិណ្ឌ​ទី​៩ នៅ​វត្ត​អង្គ​ព្រលឹង ស្ថិតនៅ​ខាងក្រោយ​ផ្សារ​បាត់ដឹង តាម​បណ្ដោយ​ផ្លូវជាតិ​៥១ ខេត្ត​កំពង់ស្ពឺ​កាល​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៩។

ក្រៅពី​នេះ​ដែរ​ ក្នុង​ពិធី​នោះ​លោក ក៏​មាន​ការ​ប្រគល់ ​និង​ជូន​នូវ​អំណោយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​ពលរដ្ឋ​ខ្វះខាត​ចំនួន​ជិត​១០០​គ្រួសារ​ផង​ដែរ ខណៈ​ផ្លូវ​ចូល​បរិវេណ​វត្ត​ប្រមាណ​ជាង​៥​គីឡូ​ក៏​ត្រូវ​គេ​ដឹង​ថា ​ក្រុមហ៊ុន​មួយ​នេះ ទើបតែ​ធ្វើការ​ឈូស​ឆាយ​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ផង​នោះ។ លោក យ៉​ន សេង​ហាន បាន​អះអាង​ថា ដោយសារតែ​លោក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ពុះ​លក់​ដី​ឡូតិ៍​នៅ​ជាប់​របង​វត្ត​អង្គ​ព្រលឹង ក្រោយ​ការប្រកាស​គម្រោង​កាលពី​ពេល​ថ្មីៗ ទើប​លោក​សម្រេច​ដឹកនាំ​ក្រុមការងារ​ទៅ​ធ្វើ​បុណ្យ​នៅ​ក្នុង​វត្ត​នោះ​តែម្តង។

លោក​បន្ត​ទៀត​ថា​ នា​ឱកាស​នោះ​ដែរ​ លោក​និង​ក្រុមការងារ​បា​រៀបចំ​ជា​អំណោយ​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត​ចំនួន​៣​ភូមិ​ស្មើនឹង​៧៥​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​១​បាវ មី​១​កេស​ ត្រីខ​១​យួរ ក្រ​ម៉ា​១ សារុង​១​ត្រពាំងថ្ម និង​ថវិកា​មួយ​ចំនួន។ នេះ​ជា​ការ​ចែករំលែក​ក្ដី​ស្រលាញ់ ដែល​លោក​តែងតែ​ដឹកនាំ​ក្រុមការងារ​ឲ្យ​រួមគ្នា​ធ្វើ​ទាន ខណៈ​ដែល​ការចែក​អំណោយ​ជូន​ដល់​ពលរដ្ឋ​ខ្វះខាត​នេះ គឺ​លោក និង​ក្រុមការងារ ធ្វើឡើង​ជាច្រើនលើក​មក​ហើយ។

លោក យ៉​ន សេង​ហាន បញ្ជាក់​បន្ថែម​ថា ​លោក​នឹង​បន្ត​ជួយ​ដល់​ភូមិ​ទាំង​៣ អាស្រ័យ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​បន្តបន្ទាប់​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ផង​ដែរ។ ចំណែកឯ​លោក រ៉ា​យ អាប់ ប្រធាន​ភូមិ ដំបូក​ស បាន​អះអាង​ថា​ សកម្ម​ភាព​ចុះ​ចែក​អំណោយ​របស់​ក្រុមហ៊ុន​សេង​ហាន គឺជា​ការ​គិតគូរ​សម្រួល​ដល់​ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក គួរ​ឲ្យ​សរសើរ ដោយ​លោក​ក៏​បន្ត​ស្នើ​អោយ​មាន​សកម្មភាព​បែប​នេះ អោយ​បាន​កាន់តែ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​សម្រួល​កង្វះ​ខាត​របស់​ពលរដ្ឋ​ក្រីក្រ​ក្នុង​ភូមិ​ដំបូក​ស​ទាំងមូល។

ដោយឡែក​លោក ផុន ស៊ីម មេភូមិ​ចាន់​សែន ក៏បាន​លើក​ឡើង​ថា តាំងពី​មាន​វត្តមាន​របស់​ក្រុមហ៊ុន​សេង​ហាន​នៅក្នុង​តំបន់​របស់​លោក មិន​ត្រឹមតែ​ធ្វើ​អោយ​ដីធ្លី​ក្នុង​តំបន់​របស់​លោក​មាន​សភាព​កម្រើក​ឡើង​ប៉ុណ្ណោះ​ទេ សូម្បីតែ​ការ​ធ្វើដំណើរ​របស់​ប្រជាជន​ក្នុង​ភូមិ​ក៏​មាន​ភាព​ប្រសើរឡើង​ផង​ដែរ ជាពិសេស​ចាប់តាំង​ពី​ក្រុមហ៊ុន​មួយ​នេះ ចំណាយ​ថវិកា​ឈូស​ឆាយ​ពង្រីក និង​ជួសជុល​ផ្លូវ​ធ្វើ​អោយ​កន្លែង​ដែល​ធ្លាប់តែ​ភក់ជ្រាំ​នៅ​រដូវ​ធ្លាក់​ភ្លៀង អាច​ធ្វើ​ដំណើរ​បាន​ស្រួល​ទៀត​ផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114