ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​សុខាភិបាល ​ណែនាំ​ដល់​អ្នកលក់​ឱសថ​ទាំងអស់​ មិន​ត្រូវ​ផ្តល់​ឱសថ​ប្រភេទ​ថ្នាំ​ផ្សះ​ដោយ​មិន​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ជំនាញ​ឡើយ

ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ណែនាំ​ដល់ អ្នកលក់​ឱសថ​នៅ​តាម​ឱសថ​ស្ថាន​នានា​មិន​ត្រូវ​ផ្តល់​ឱសថ​អង់​ទី​ប៊ី​យ្យូ​តិច​ ឬ​ថ្នាំ​ផ្សះ​សម្លាប់​មេរោគ​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ជំនាញ​នោះឡើយ ​ព្រោះ​អាច​បណ្ដាល​ឲ្យ​អ្នកជំងឺ​មាន​ភាព​ស៊ាំ​ជាមួយ​ថ្នាំ​បាន។

ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ​គម្រោង​« ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​របស់​ឱសថ​ប្រឆាំង​មេរោគ តាមរយៈ​ការធ្វើ​អភិបាលកិច្ច​ល្អ ទៅលើ​អ្នក​លក់​ឱសថ​ប្រឆាំង​មេរោគ​នៅ​ប្រទេស​កម្ពុជា​៖ ផ្តោតលើ​ទំនាក់ទំនង និង​មតិ​ នៃ​ដៃគូ​ពាក់ព័ន្ធ​»​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក​សាស្ត្រា​ចារ្យ ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា​ ការ​ស៊ាំ​នឹង​ឱសថ​នេះ ​គឺ​បណ្តាលមកពី​មូលហេតុ​ការ​ប្រើ​ប្រាស់​ឱសថ​ប្រឆាំង​មេរោគ​មិនបាន​ត្រឹមត្រូវ​ ដោយ​មិន​គោរព​កម្រិត​ និង​រយៈពេល​ប្រើប្រាស់​។

ការ​ប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​ដោយ​ខ្លួនឯង​ដោយ​មិនមាន​វេជ្ជបញ្ជា ការប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​ក្នុងករណី​មិនចាំបាច់​។ ​ការចែក​ចាយ​ឱសថ​ប្រ ឆាំង​មេរោគ​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ​និង​ប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​ដែល​មិនមាន​គុណភាព​ជាដើម។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ​«​នៅពេល​យើង​មាន​ភាពស៊ាំ​នឹង​ឱសថ​មិន​ត្រឹមតែ ​ធ្វើ​ឲ្យ​អ្នកជំងឺ​មិន​ជា​ពី​ជំងឺ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ខាតបង់​ថវិកា ​និង​ពេលវេលា ​និង​អាច​រងគ្រោះ​ដល់​អាយុជីវិត​ទៀត​ផង​ដោយសារ​ជំងឺ​មិន​ជា​សះស្បើយ​ហើយ​ចេះតែ​វិវត្តន៍​ទៅមុខ​»។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ ដើម្បី​ការពារ​ជំងឺ​មិន​ឲ្យ​មាន​ភាពស៊ាំ​ជាមួយនឹង​ថ្នាំពេទ្យ​នោះ អ្នក​ជំងឺ​ទាំងអស់​នៅពេលដែល​ឈឺ គឺ​មិនត្រូវ​ធ្វើការ​ផ្សំ​ថ្នាំ​នៅតាម​ឱសថស្ថាន​ដោយ​ខ្លួនឯង​ ដោយ​មិន​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ជំនាញ​នោះទេ ដែល​នេះ​វា​គឺជា​ចំណុច​សំខាន់​ណាស់ ព្រោះ​បើ​យើង​នៅ​ផ្សំ​ថ្នាំលេប​ដោយ​ខ្លួនឯង វា​អាច​នឹងមិន​ត្រឹមត្រូវ​នឹង​ជំងឺ ហើយ​អាចធ្វើ​ឲ្យ​វីរុស នៃ​ជំងឺ​នោះ​ស៊ាំ​នឹង​ថ្នាំ​ប្រឆាំង​មេរោគ​ផងដែរ​។ បើ​យើង​អាច​គោរព​បាន​ទាំងអស់គ្នា នោះ​យើង​នឹង​អាច​ជៀសបាន​នូវ​ភាព​ស៊ាំ​ នៃ​មេរោគ។

លោក​សាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង ​បាន​បញ្ជាក់​ទៀតថា​ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះដែរ ក្រសួង​សុខាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ប្រយុទ្ធ​ទៅនឹង​ភាពស៊ាំ នៃ​មេរោគ​នេះ​នៅ​ឆ្នាំ​២០១៥​ ដោយ​ឈរលើ​គោលការណ៍​ធំៗ​ដូចជា ​៖ ការទទួលបាន​នូវ​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព គឺជា​សិទ្ធិមនុស្ស​មូលដ្ឋាន ដែល​រាជរដ្ឋាភិបាល​ទទួលខុស​ត្រូវជា​ចម្បង​, ការថែទាំ​សុខ​ភាព​ប្រកបដោយ​គុណភាព​រួមមាន​ទាំង​វិធានការ និង​អន្តរាគមន៍​ផ្សេងៗ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ប្រឆាំងនឹង​ភាពស៊ាំ​របស់​ឱសថ​ប្រឆាំង​មេរោគ​, ភាពស៊ាំ​របស់​ឱសថ​ប្រឆាំង​មេរោគ គឺជា​ការ​គំរាម​កំហែង​សុខភាព​សាធារណៈ ដែល​ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជមាន​ដល់​សុខភាព និង​សេដ្ឋកិច្ច​, កម្មវិធី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​របស់​ឱសថ​ប្រឆាំង​មេរោគ​មួយ ដែល​ជោគជ័យ​ត្រូវការ​នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ អន្តរ​ស្ថាប័ន និង​រួមបញ្ចូល​គ្នា​នូវ​វិស័យ​ជាច្រើន និង​ពាក់ព័ន្ធ​ជាមួយ​ភាគី​ច្រើន​។​

ទាក់ទិន​នឹង​សិក្ខាសាលា​នេះ​ដែរ លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សកលវិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បានឲ្យ​ដឹង​ដែរ​ថា សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ​គម្រោង​« ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​របស់​ឱសថ​ប្រឆាំង​មេរោគ តាមរយៈ​ការធ្វើ​អភិបាលកិច្ច​ល្អ ទៅលើ​អ្នកលក់​ឱសថ​ប្រឆាំង​មេរោគ​នៅ​ប្រទេស​កម្ពុជា ​៖ ផ្តោតលើ​ទំនាក់ទំនង និង​មតិ​ នៃ​ដៃគូ​ពាក់ព័ន្ធ​» មាន​គោលបំណង​ចម្បង​ក្នុង​ផ្សព្វផ្សាយ​នូវ​លទ្ធផល​ នៃ​ការសិក្សា​ស្រាវជ្រាវ​ទាក់ទង​ការ​គ្រប់គ្រង ការចែក​ចាយ និង​ការប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​គោលដៅ​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​នូវ​ភាពស៊ាំ របស់​របស់​ឱសថ​ប្រឆាំង​មេរោគ ជូន​ដល់​អ្នក​ចែកចាយ​ឱសថ​ប្រឆាំង​មេរោគ អ្នកប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ និង​អ្នករៀបចំ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង និង​ការ​ចែកចាយ​ឱសថ​ប្រឆាំង​មេរោគ។

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ បាន​ឲ្យ​ដឹង​ទៀតថា លទ្ធផល​ដែល​ទទួលបាន​ពី​ការសិក្សា​ស្រាវ​ជ្រា វ នេះ អាច​ក្លាយជា​ធាតុ​ចូល​មួយ​ក្នុង​ការរៀបចំ​កែសម្រួល​ផែនការ​យុទ្ធសាស្ត្រ ក៏ដូចជា​ការងារ​អន្តរាគមន៍​នានា​នៅពេល​អនាគត​ដើម្បី​ធ្វើ​ឲ្យ​ការគ្រប់គ្រង ការចែក​ចាយ​ និង​ការប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​នៅ​កម្ពុជា ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ចំណែក​លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង សង្ឃឹមថា​ សិក្ខាសាលា​នេះ​ នឹង​ផ្តល់​នូវ​ធាតុ​ចូល​សំខាន់ៗ​ថែមទៀត​សម្រាប់​ដៃគូ​ពាក់ព័ន្ធ​យក​ទៅ​ពិចារណា​ក្នុង​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​ការចែក​ចាយ ​និង​ការ​ប្រើប្រាស់​ឱសថ​ប្រឆាំង​នឹង​មេរោគ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​ ដើម្បី​រួមចំណែក​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ទៅ​ភាព​ស៊ាំ​របស់​ឱសថ​ប្រឆាំង​មេរោគ​នៅ​កម្ពុជា៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114