ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធាន​ទឹក ព្រមាន​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ ដែល​អាច​កើត​មាន​ចាប់ពី​ថ្ងៃទី​២៦​ ដល់​ថ្ងៃ​ទី​២៩ ​កញ្ញា ខាងមុខ​បន្ត​ទៀត ខណៈ​ខេត្ត​មួយ​ចំនួន​ភ្លៀង​កំពុង​បន្ត​ធ្លាក់

ភ្នំពេញ ៖ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថាន​ភាព​អាកាសធាតុ ផ្សេង​មួយទៀត ដោយបាន​ធ្វើការ​ព្រមាន​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើត​មាន​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែ​កញ្ញា ខាងមុខនេះ ខណៈ​ក្រសួង​ព្យាករណ៍​ឃើញ​ថា ទឹកភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​នៅក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន និង នៅ​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​បណ្ដា​រាជធានី​-​ខេត្ត។

យោង​តាម​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​អាកាសធាតុ នៅ​ថ្ងៃទី​២៣​កញ្ញា ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ការ សង្កេត​ពិនិត្យ និង តាមដាន ជា​ប្រចាំ បង្ហាញ​ឲ្យ​ឃើញ​ថា ៖ អាកាសធាតុ ក្នុង​តំបន់​មានការ​ប្រែប្រួល យ៉ាង​ឆាប់រហ័ស ដែល​តម្រូវ​ឲ្យ​មានការ​ជូនដំណឹង​បន្ថែម​ជា​បន្តបន្ទាប់។ ដោយសារ ឥទ្ធិពល នៃ សម្ពាធ ខ្ពស់​ពី​ភាគ​ខាងលើ​បាន​ធ្លាក់​ចុះ​សង្កត់​លើ​ប្រព័ន្ធ​សម្ពាធ ទាប (ITCZ) ធ្វើ​ឲ្យ​ប្រព័ន្ធ​ធ្លាក់​រំកិល ចុះ​មក ក្រោម​អូស​បន្លាយ​លើ​ភាគ​ខាងត្បូង នៃ​កម្ពុជា យើង​សាជាថ្មី។

ក្រសួង​បន្ថែម​ថា ស្ថានភាព​បែបនេះ នៅ​បណ្ដា​រាជធានី​-​ខេត្ត ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​នៅ​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន និង នៅ​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ដោយឡែក នៅ​ថ្ងៃ​ទី​២៤ -២៥ ខែ​កញ្ញា ភ្លៀង​មាន​ភាព​រអាក់រអួល​បន្តិច។ ចំណែក​នៅ​តំបន់​មាត់សមុទ្រ​ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ។ ជា​មួយ​គ្នា​នេះ អាជ្ញាធរ​សូម​ឲ្យ​ប្រជាពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114