ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កំប្លែង​ល្បីៗ​៣​រូប ​រំភើប​ខ្លាំង​ ក្រោយពេល ​សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ចូលរួម​ញ៉ាំ​អាហារ​រួម​តុ ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​៩​ នៅ​វត្ត​ចំពុះ​ក្អែក

ភ្នំពេញ ៖ តារា​កំប្លែង​ជើងចាស់ និង​ល្បីឈ្មោះ​ចំនួន​៣​រូប គឺ នាយ កុយ ,​នាយ ក្រឹម និង នាយ ចាប​ចៀន កាលពី​ថ្ងៃទី​២២ ​ខែ​កញ្ញា ឆ្នាំ​២០១៩​ នេះ ​បាន​សម្ដែង​ពី​អារម្មណ៍​រំភើប​ខ្លាំង​ បន្ទាប់ពី ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​អង្គុយ​ញ៉ាំ​អាហារ​រួម​តុ​ជាមួយ​ នាឱកាស​ដែល ​សម្ដេច​ទាំងពីរ​ បាន​អញ្ជើញ​ទៅកាន់​បិណ្ឌ​ទី​៩ នៅ​វត្ត​ចំពុះ​ក្អែក។

ផ្អែក​តាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់ លោក អ៊ូ ប៊ុណ្ណា​រ៉ាត់ ហៅ​នាយ ក្រឹម បាន​រៀបរាប់​ភ្ជាប់ នឹង​រូបភាព​អនុស្សាវរីយ៍​បែបនេះ​ថា​ ពិតជា​មហា​កិត្តិយស​ពន់ពេក​ណាស់ ដែល​ពួក​ខ្ញុំ​ទាំង​៣​នាក់​ ជាតា​រា​កំប្លែង​ចាស់​វស្សា​ ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​រួម អាហារ​តុ​តែមួយ​ជាមួយ​ សម្ដេច​តេ​ជោ និង មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ក្នុង​ពិធី​កាន់បិណ្ឌ​ទី​៩ នៅ​វត្ត​ចំពុះ​ក្អែក។

នាយ ក្រឹម បញ្ជាក់ថា​ នេះ​ ស.បញ្ជាក់​ឲ្យ​ច្បាស់​ថា សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ លោក​មិនដែល​មើលរំលង សុខទុក្ខ​របស់​សិល្បក​រ -​សិល្បការិនី​ខ្មែរ​ឡើយ ​ហើយ​លោក​ទាំងពីរ​តែងតែ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ពួក​ខ្ញុំ​រហូតមក​។ ហើយ​អ្វីដែល​ខ្ញុំ​រំភើប​នឹកស្មាន​មិន​ដល់​នោះ ​គឺ លោក​បាន​មាន​ប្រសាសន៍​ចាប់អារម្មណ៍​ និង​កោតសរសើរ​សាច់រឿង​កំប្លែង ដែល​ខ្ញុំ​ដឹកនាំ​រឿង​ និង ​សម្ដែង ក្នុង​កម្មវិធី សំណើច​ចុង​សប្ដាហ៍ របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​គឺ​រឿង (​អាចារ្យ​បាន​ប្រពន្ធ​ចោរ​)។

តារា​កំប្លែង​នាយ ក្រឹម បាន​បន្ថែមថា ​ដូចនេះ ​ក្នុងនាម​ពួក​ខ្ញុំ​សិល្បករ​-​សិល្ប​ការិនី​ទាំងអស់ មិន​អាច​រក​អ្វី​តបស្នង​សងគុណ​លោក​ទាំងពីរ​បាន​ឡើយ ក៏​មានតែ​ការ​ជឿ​ទុក​ចិត្ត ស្ម័គ្រស្មោះ គោរព​តាម​ការដឹកនាំ​ប្រទេស​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត យើងខ្ញុំ​ប្ដេជ្ញា​ចិត្ត​ដើរ​តាម​ និង​បម្រើ​លោក​ទាំងពីរ​អស់​មួយ​ជីវិត។ សូម​គោរព​ជូនពរ សម្ដេច​ទាំងពីរ បុត្រា បុត្រី ចៅប្រុស ចៅស្រី​ជាទី​ស្រឡាញ់​សូម​ជួប​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទៅកាន់​បិណ្ឌ​ទី​៩ នៅ​វត្ដ​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) ដែល​ស្ថិតនៅក្នុង ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ។

ក្នុងឱកាស​អញ្ជើញ​កាន់បិណ្ឌ​នេះដែរ​ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​នាំ​យក​ចង្ហាន់ និង​ទេយ្យទាន​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ទៅដល់​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា និង​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅតាម​ប្រពៃណី​សាសនា​ខ្មែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114