ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Justin Trudeau វិលត្រឡប់​មក​ធ្វើ​យុទ្ធនាការ​វិញ​ជាមួយ​ការសន្យា​កាត់បន្ថយ​ពន្ធ

នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau កាលពី​ថ្ងៃអាទិត្យ​បាន​បន្ត​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឡើងវិញ​ជាមួយ​ការសន្យា​ថា​នឹង​កាត់​បន្ថយពន្ធ​ប៉ុន្តែ​ជាថ្មី​ម្តងទៀត​គាត់​បាន​សុំទោស​ចំពោះ​រូបថត​ដែល​បង្ហាញ​គាត់​តុបតែង​មុខ​ពណ៌​ខ្មៅ​។​

លោក Trudeau អាយុ​៤៧​ឆ្នាំ​បាន​រង​នូវ​ការរិះគន់​រួចទៅហើយ​ចំពោះ​បញ្ហា​សីលធម៌​និង​រឿងរ៉ាវ​ចម្រូងចម្រាស់​ផ្សេង​ទៀតហើយ​រូបថត​និង​វីដេអូ​ដែលមាន​អាយុកាល​រាប់សិប​ឆ្នាំ​ដែល​បាន​លេចឡើង​កាលពី​សប្តាហ៍​មុន​អំពី​សកម្មភាព​របស់គាត់​ដែល​គាត់​បាន​ទទួលស្គាល់ថា​ជាការ​រើសអើង​ជាតិ​សាសន៍​បាន​ជះឥទ្ធិពល​ដល់​ឱកាស​របស់គាត់​។​

បន្ទាប់ពី​ឈប់សម្រាក​នៅ​ថ្ងៃ​សៅរ៍​, នៅ​ថ្ងៃអាទិត្យ​លោក Trudeau បានធ្វើ​ដំណើរ​ទៅ​ទីក្រុង Brampton ក្នុង​ខេត្ត Ontario ដែលជា​កន្លែង​គាត់​បានប្រកាស​អំពី​វិធានការ​ម៉ឺងម៉ាត់​ចំនួន​ពីរ​ក្នុង​គោលបំណង​បញ្ចុះបញ្ចូល​អ្នកមាន​វណ្ណៈ​កណ្តាល​ដែលជា​គោលដៅ​សំខាន់​របស់​គណបក្ស​សេរីនិយម​និង​គណបក្ស​អភិរក្ស​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​២១​ខែតុលា​។​

ប្រសិនបើ​គាត់​ត្រូវបាន​ជ្រើសរើស​ជាថ្មី​មែន​នោះ លោក Trudeau បាន​និយាយថា អ្នក​វណ្ណៈ​កណ្តាល​នឹងមិន​បង់ពន្ធ​លើ​ប្រាក់ខែ​ដំបូង​១៥,០០០​ដុល្លារ​កាណាដា (១១,៣០០​ដុល្លារ​) ដែល​ពួកគេ​រកបាន​នោះទេ​។​

លោក​ក៏បាន​សន្យា​ផងដែរ​ថា​នឹង​កាត់បន្ថយ​ថ្លៃដើម​នៃ​ផែនការ​ទូរស័ព្ទ​ចល័ត​របស់​ប្រទេស​កាណាដា​ចំនួន​២៥​ភាគរយ​។​

បន្ទាប់មក​លោក Trudeau បានធ្វើ​សន្និសីទកាសែត​មួយ​ដែល​ក្នុងអំឡុង​ពេលនោះ​គាត់​ត្រូវ​ប្រឈមមុខ​នឹង​សំនួរ​ជាច្រើន​ទាក់ទង​នឹង​រូបថត​និង​វីដេអូ​ដែល​បាន​លេច​ធ្លាយ​នៅក្នុង​បណ្តាញសារព័ត៌មាន​កាល​ពីថ្ងៃ​ពុធ​ដែល​បង្ហាញថា គាត់​តុបតែង​មុខ​ពណ៌​ខ្មៅ​ឬ​ពណ៌​ត្នោត​ជាច្រើនលើក​នៅ​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០០១​។​

យោងតាម​ការស្ទង់មតិ​ជាច្រើន​ដែល​បានចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កាណាដា​បាន​បង្ហាញថា គណបក្ស​អភិរក្ស​ហាក់ដូចជា​បាន​នាំមុខ​បន្តិច​លើ​គណបក្ស​សេរីនិយម​របស់លោក Trudeau ចាប់តាំងពី​មានរឿង​អាស្រូវ​នោះមក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114