ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​ហុងកុង​បោសសម្អាត​ បន្ទាប់ពី​អំពើ​ហិង្សា​ចុងក្រោយ​មុន​ថ្ងៃ​គម្រប់​ខួប​១​តុលា

កាលពី​ថ្ងៃ​ចន្ទ ទីក្រុង​ហុងកុង​បានធ្វើការ​បោសសម្អាត​ហើយ​ បាន​ចាប់ផ្តើម​សេវាកម្ម​រថភ្លើង​ឡើងវិញ​បន្ទាប់ពី​ការតវ៉ា​ចុង​សប្តាហ៍​ដែល​ត្រូវបាន​គេ​មើលឃើញ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​បំផ្លាញ​ស្ថានីយ​រថភ្លើង​និង​ផ្សារ​ទំនើប​។​

កាលពី​ថ្ងៃអាទិត្យ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុមបាតុករ​នៅក្នុង​ការប៉ះទង្គិច​គ្នា​ចុងក្រោយបង្អស់​ក្នុង​ភាពវឹកវរ​រយៈពេល​ជាង​៣​ខែ​ដែល​បានធ្វើ​ឲ្យ​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​មួយ​នេះ​ធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​។​

ការប៉ះទង្គិច​គ្នា​ធំ​បំផុត​មួយចំនួន​បានកើត​ឡើង​នៅក្នុង​ឬ​ក្បែរ​ស្ថានីយ Mass Transit Railway (MTR) ដែល​ឥឡូវនេះ​គឺជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយសារតែ​ស្ថានីយ​នានា​ត្រូវបាន​បិទ​ជា​ញឹកញាប់​តាម​បញ្ជា​របស់​រដ្ឋាភិបាល​ក្នុង​គោលបំណង​បញ្ឈប់​បាតុករ​ពី​ការប្រមូល​ផ្តុំគ្នា​។​
​បាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ផ្សារ​ទំនើប New Town Plaza ក្នុង​ទីប្រជុំជន Sha Tin កាលពី​ថ្ងៃអាទិត្យ​ដោយ​ស្រែកថា​“ តស៊ូ​ដើម្បី​សេរីភាព​” និង “​រំដោះ​ហុងកុង​”​។​

ក្រុម​សកម្មជន​បាន​ជាន់​ទង់​ជាតិចិន​នៅ​ជិត​ស្ថានីយ​រថភ្លើង​ហើយ​បាន​ឡោមព័ទ្ធ​បុរស​ម្នាក់​ដែល​ពួកគេ​ជឿថា​បាន​ប្រឆាំងនឹង​ពួកគេ​។ ក្រុមអ្នកតវ៉ា​ក៏បាន​វាយ​បំបែក​កាមេរ៉ា​និង​បញ្ជរ​លក់​សំបុត្រ​នៅក្នុង​ស្ថានីយ៍​នេះ​ផងដែរ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន MTR បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សេវាកម្ម​រថភ្លើង​បាន​វិលត្រឡប់​មករក​ភាពប្រក្រតី​វិញ​ហើយ​។​

អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​ជិត​ដល់​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​នៅ​ថ្ងៃទី​១​ខែតុលា​ហើយ ដោយ​អាជ្ញា​ធរមាន​ឆន្ទៈ​ចង់​ចៀសវាង​ឈុត​ឆាក​ដែល​អាចធ្វើ​ឲ្យ​រដ្ឋាភិបាលកណ្តាល​នៅក្នុង​ទីក្រុង​ប៉េកាំង​អាម៉ាស់មុខ​។​

រដ្ឋាភិបាល​ហុងកុង​បាន​ផ្អាក​ការបាញ់​កាំជ្រួច​ដ៏​ធំ​មួយ​រួចទៅហើយ​ដើម្បី​កត់សម្គាល់​ទិវា​នេះ​ក្នុងករណី​មានការ​ប៉ះទង្គិច​គ្នា​បន្ថែមទៀត​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114