ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី EU ជួបប្រជុំ​ក្នុងប្រទេស​ម៉ា​ល់តា​ដើម្បី​រៀបចំ​ប្រព័ន្ធ​អន្តោប្រវេសន៍​ថ្មី

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មកពី​ប្រទេស​សហភាព​អឺរ៉ុប​ចំនួន​៤​បាន​ជួបគ្នា​នៅ​ថ្ងៃ​ចន្ទ​ក្នុងប្រទេស​ម៉ា​ល់តា​ដើម្បី​ព្យាយាម​បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិ​មួយ​ដើម្បី​កំណត់ថា​តើ​ប្រទេស​ណា​ដែល​នឹងត្រូវ​ស្វាគមន៍​ជន​ចំណាកស្រុក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​នៅ​កណ្តាល​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​

រដ្ឋមន្ត្រី​បារាំង អាល្លឺម៉ង់ អ៊ីតាលី​និង​ម៉ា​ល់តា​សង្ឃឹមថានឹង​បញ្ចប់​ការចរចា​ដែល​អូស​បន្លាយពេល​ជា​យូរ​មកហើយ​ដែល​នាំ​ឲ្យ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ងាយ​រងគ្រោះ​រួមទាំង​ទារក​ផងដែរ​ត្រូវ​ជាប់គាំង​នៅ​សមុទ្រ​ដោយពេល​ខ្លះ​មាន​រយៈពេល​ច្រើន​សប្តាហ៍​។​

ប្រព័ន្ធ​ចែកចាយ​ស្វ័យប្រវត្តិ​នឹង​គ្រាន់តែ​ផ្តល់ជូន​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​រហូតដល់​ប្រព័ន្ធ​បច្ចុប្បន្ន​ដែល​គេ​ហៅថា​“​បទ​ប្បញ្ញត្តិ Dublin”​អាច​ត្រូវបាន​កែសម្រួល​ឡើងវិញ​។​

ក្រុម​អ្នក​រិះគន់​បាន​អះអាង​ជា​យូរ​មកហើយ​ថា វា​បានដាក់​បន្ទុក​ដោយ​អយុត្តិធម៌​លើ​បណ្តា​ប្រទេស​ជួរមុខ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដូចជា​អ៊ីតាលី ម៉ា​ល់តា ក្រិ​ក​និង​អេ​ស្ប៉ា​ញ​។​

រដ្ឋាភិបាល​ថ្មី​ដែល​គាំទ្រ​សហភាព​អ៊ឺរ៉ុប​របស់​ប្រទេស​អ៊ីតាលី​បានធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​ដើម្បី​បើក​ទំព័រ​ស្តីពី​គោលនយោបាយ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍​ដែល​បន្ត​ដោយ​អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្តាំនិយម​លោក Matteo Salvini ដែល​បាន​បិទ​កំពង់ផែ​ចំពោះ​អ្នក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ទាំងនោះ​។​

បន្ទាប់ពី​កិច្ចប្រជុំ​មួយ​កាលពី​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Giuseppe Conte និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើកំណែទម្រង់​នៃ​គោលនយោបាយ​គ្មាន​ប្រសិទ្ធភាព​របស់​អឺរ៉ុប​។​

ពួកគេ​បាន​អះអាងថា ប្រទេស​ដែល​មិន​ស្ម័គ្រចិត្ត​ទទួលយក​ជន​ចំណាកស្រុក​គួរតែ​ប្រឈម​នឹង​ការពិន័យ​ផ្នែក​ហិរញ្ញវត្ថុ​។​

ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​និង​មហាផ្ទៃ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ខែមិថុនា ប្រទេស​ចំនួន​១៥​បាន​ព្រមព្រៀងគ្នា​បង្កើត “​យន្តការ​សាមគ្គីភាព​អឺរ៉ុប​”​។​

ប្រទេស​ក្រូ​អាត ហ្វាំ​ង​ឡង់ បារាំង អៀរ​ឡង់ អាល្លឺម៉ង់ លី​ទុយ​អា​នី លុច​សំបួរ​និង​ព័រ​ទុយ​ហ្គា​ល់​បាន​និយាយថា ពួកគេ​នឹងចូលរួម​យ៉ាងសកម្ម​។​

កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ក្នុងប្រទេស​ម៉ា​ល់តា​នឹង​ព្យាយាម​សម្រេច​ថា​តើ​អ្នក​ដែល​ត្រូវ​ជួយសង្គ្រោះ​អាច​ផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ណា​ហើយ​ថា​តើ​ការសម្រេច​នេះ​គ្រាន់តែ​គ្របដណ្តប់​លើ​អ្នក​ដែល​រត់គេច​ពី​សង្គ្រាម​និង​ការ​ធ្វើទុក្ខបុកម្នេញ​ឬ​ជន​ចំណាកស្រុក​សេដ្ឋកិច្ច​ឬក៏​យ៉ាងណា​៕ AFP

Italian Prime Minister Giuseppe Conte (L) speaks with French President Emmanuel Macron during an informal EU summit on migration at the EU commission in Brussels on June 24, 2018.
EU leaders headed to Brussels for emergency talks over migration as Italy’s new populist cabinet turned away another rescue ship, vowing no longer to shoulder Europe’s migrant burden. / AFP PHOTO / POOL AND AFP PHOTO / YVES HERMANYVES HERMAN/AFP/Getty Images


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114