ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Conor Nestor និង​កីឡាករ ដាវ នី​ម ឈ្នះ​ពាន​គ្រូ​ល្អ និង​កីឡាករ​ល្អ ប្រចាំ​ខែសីហា នៃ​លី​គ​កំពូល​កម្ពុជា

គ្រូបង្វឹក​នៃ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor ជាមួយនឹង​កីឡាករ ដាវ នី​ម របស់​ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ ត្រូវ​បាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា CNCC ជ្រើសតាំង​ឲ្យ​ក្លាយជា​គ្រូ​បង្វឹក​ឆ្នើម និង​កីឡាករ​ឆ្នើម​ប្រចាំ​ខែសីហា នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៩​។

សមាជិក​ក្លិប​គិរីវង់​សុខ​សែន​ជ័យ​ ត្រូវ​បាន​ប្រគល់​រង្វាន់​កិត្តិយស​នេះ​ពី​តំណាង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា CNCC កាល​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែសីហា អំឡុង​ជំនួប MCL ឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី ១​ទល់នឹង​២ ហើយក៏​ជា​លើកទីមួយ​សម្រាប់​គេ​នៅ​រដូវ​កាល​២០១៩​។

ក្រោយ​ទទួលបាន​ពាន​នេះ ខ្សែប្រយុទ្ធ​កំពុងមាន​ប្រជាប្រិយ ដាវ នី​ម បានចាត់ទុក​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែសីហា នៃ​ក្របខណ្ឌ Metfone Cambodian League 2019 ជា​កម្លាំងចិត្ត​ឲ្យ​រូបគេ​ខិតខំ​ប្រឹងប្រែង​សម្រួច​សមត្ថភាព​ឲ្យ​កាន់តែ​ល្អ​បន្តទៀត​សម្រាប់​ក្លិប និង​ក្រុម​ជម្រើសជាតិ​។

ដាវ នី​ម រៀបរាប់​អារម្មណ៍​បែបនេះ​ថា ”​សប្បាយចិត្ត​មែនទែន នឹកស្មាន​មិន​ដល់​ដែរ​។ ពាន​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ខំប្រឹង​ហាត់ ខំប្រឹង​លេង​ដើម្បី​ឲ្យ​ល្អ​ថែមទៀត ព្រោះ​ខ្ញុំ​គិតថា សមត្ថភាព​រាល់ថ្ងៃ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ អ៊ីចឹង​វា​ជា​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ​កាន់តែ​ប្រឹងប្រែង​។​» នេះ​បើ​យោងតាម​ការ​ស្រង់​សម្ដី​ពី​គេហទំព័រ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា CNCC​។

កីឡាករ​មាន​ប្រភព​នៅ​ខេត្តតាកែវ​សង្កត់ធ្ងន់​បន្ថែម​ថា តំណែង​កិត្តិយស​នេះ​បានមកពី​ការខិតខំ​ផ្ទាល់ និង​ការជួយជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​, ក្រុមការងារ​គ្រូបង្វឹក និង​កីឡាករ​ទាំងអស់​ក្នុង​ក្រុម ដូច្នេះ​គេ​ក៏​ចាត់ទុកជា​ចំណែក​សមាជិក​គ្រប់គ្នា​ដែរ​។

គួរ​ដឹង​ដែរ​ថា ដាវ នី​ម ដែល​រក​បាន​១៣​គ្រាប់​នៅ MCL គិត​ត្រឹម​សប្ដាហ៍​ទី​២៣ រក​បាន​គ្រាប់​ជ័យជម្នះ​ក្នុងជំនួប​ឈ្នះ​ណាហ្គា​វើ​លដ៍ និង​ក្រសួងការពារជាតិ កាល​ខែសីហា ហើយ​គេ​ក៏ត្រូវ​បានជ្រើសរើស​ចូល​បញ្ជី​ចុងក្រោយ​ជម្រើសជាតិ​កម្ពុជា ជម្រុះ FIFA World Cup 2022 អំឡុង​ខែកញ្ញា ផងដែរ​។

ដោយឡែក​សម្រាប់​ពានរង្វាន់​គ្រូបង្វឹក​ល្អ​ប្រចាំ​ខែសីហា នៃ​ក្របខណ្ឌ Metfone Cambodian League ២០១៩ គឺ​បាន​ទៅលើ​លោក Conor Nestor គ្រូ​បង្គោល​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បន្ទាប់ពី​ទទួលបាន​លទ្ធផល​យ៉ាង​ល្អ​ក្នុង​ការប្រកួត​នានា​នៅពេល​កន្លងទៅ​។​

ជាក់ស្ដែង​នៅ​ខែសីហា គ្រូបង្វឹក​កាន់ UEFA A-License ដឹកនាំ​ព្រះខ័ន​រាជ​ឈ្នះ​បឹងកេត​១​ទល់នឹង​២, ឈ្នះ​កំពង់ចាម​៥​ទល់នឹង​០, ស្មើ​អង្គ​រថា​យ​ហ្គឺ​រ ១​ទល់នឹង​១ និង​ឈ្នះ​អគ្គិសនី​៥​ទល់នឹង​០​។
​នេះ​ជា​លើក​ទី​៣​ហើយ ដែល​បុរស​ជនជាតិ​អៀរ​ឡង់​ដណ្ដើមបាន​ពានរង្វាន់​កិត្តិយស​ខាងលើ​នៅ​រដូវ​កាល​២០១៩៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114