ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​ប្រមូល​ផ្តុំគ្នា​នៅឯ​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ដ៏​សំខាន់

មេដឹកនាំ​ពិភពលោក​ប្រមាណ​៦០​រូប​បាន​ជួបជុំ​កាលពី​ថ្ងៃ​ចន្ទ​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​ស្តីពី “​ភាពអាសន្ន​នៃ​អាកាសធាតុ​” ដែលមាន​គោលបំណង​ពង្រឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ចំ​ពេលដែល​មនុស្សជាតិ​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចូលទៅក្នុង​បរិយាកាស​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ត្រ​។​

ដោយសារតែ​រលក​កម្តៅ ខ្យល់ព្យុះសង្ឃរា​និង​ទឹកសមុទ្រ​មាន​ជាតិ​អាស៊ីត​, ឥទ្ធិពល​នៃ​ការឡើង​កម្តៅ​ផែនដី​កំពុង​ត្រូវបាន​គេ​ដឹង​ខ្លាំង​ជាង​ពេលណា​ណា​ទាំងអស់​។​

វា​ស្ថិតនៅក្នុង​បរិបទ​ដែល​ជំរុញ​ឲ្យ​ចលនា​ដឹកនាំ​ដោយ​យុវជន​ថ្មី​មួយ​បាន​លេចចេញ​ដែល​តំណាង​ដោយ​យុវជន​ស៊ុយ​អ៊ែត​ឈ្មោះ Greta Thunberg ដែល​នឹងត្រូវ​ឡើង​វេទិកា​នៅពេល​ព្រឹក​បន្ទាប់ពី​សុន្ទរកថា​របស់​អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres​។​

នាង Thunberg រួមជាមួយ​មនុស្ស​រាប់​លាន​នាក់​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​សុក្រ​ដោយ​អំពាវនាវ​ឲ្យ​មាន​យុត្តិធម៌​ចំពោះ​អាកាសធាតុ​និង​ប្រមូល​សំឡេង​របស់​មនុស្ស​ជំនាន់​ក្រោយ​ដែល​នឹងត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ការកើនឡើង​នៃ​ព្រឹត្តិការណ៍​អាកាសធាតុ​ខ្លាំង​ហួសហេតុ​។​

តិចជាង​ពាក់កណ្តាល​នៃ​ប្រមុខ​រដ្ឋាភិបាល​ឬ​រដ្ឋ​ចំនួន​១៣៦​នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​សប្តាហ៍​នេះ​ដែល​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​នឹងមាន​វត្ត​មាននៅ​ថ្ងៃ​ចន្ទ​។​

ក្នុងចំណោម​បញ្ជីអវត្តមាន​ទាំងនោះ​គឺ​រួមមាន​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​បាន​ដក​ប្រទេស​របស់ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ចាប់តាំងពី​ឡើងកាន់​អំណាច​និង​យក​ការកាត់បន្ថយ​បទបញ្ញត្តិ​បរិស្ថាន​ធ្វើជា​ផ្នែក​សំខាន់​មួយ​នៃ​វេទិកា​របស់គាត់​។​

អ្នក​អវត្តមាន​ផ្សេងទៀត​រួមមាន​លោក​ប្រធានាធិបតី Jair Bolsonaro នៃ​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ក្រោម​ការដឹកនាំ​របស់លោក ព្រៃ​អា​ម៉ា​ហ្សូ​ន​កំពុង​បន្ត​ឆាបឆេះ​ក្នុង​អត្រា​ខ្ពស់បំផុត​និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ដែល​រដ្ឋាភិបាល​របស់​លោក​បាន​បន្ត​របៀបវារៈ​គាំទ្រ​ធ្យូងថ្ម​យ៉ាង​គឃ្លើន​។​

ប្រទេស​ចិន​ដែលជា​អ្នក​បំ​ភាយ​កាបូន​ធំជាងគេ​លើ​ពិភពលោក​ប៉ុន្តែ​ក៏​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​កកើត​ឡើងវិញ​ផងដែរ​នោះ​គឺ​នឹងមាន​វត្តមាន​ហើយ​តំណាង​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Wang Yi ខណៈ​លោក Guterres បាន​បង្ហើប​កាលពី​សប្តាហ៍​មុន​ថា ប្រទេស​យក្ស​នៅ​អាស៊ី​បូព៌ា​មួយ​នេះ​នឹង​ប្តេជ្ញាចិត្ត​ចំពោះ​វិធានការ​ថ្មី​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114