ព័ត៍មានទាន់​ហេតុការណ៏
Search

U-16 កម្ពុជា បញ្ចប់​ការប្រកួត​ក្នុង​ពាន​វគ្គ​ជម្រុះ​យុវជន​អាស៊ី ដោយបាន​ត្រឹម​លេខ​៤ ក្នុង​ពូ​ល ដែលមាន ៤​ក្រុម

​ការប្រកួត​ពានរង្វាន់​ជម្រុះ​ជើងឯក​យុវជន​អាស៊ី អាយុ​ក្រោម​១៦​ឆ្នាំ ( AFC U-16 Championship 2020 Qualification ) ដែល​កម្ពុជា ចូលរួម​ប្រកួត ធ្វើឡើង​នៅ​ប្រទេស​ឡាវ ក្នុង​ថ្ងៃ​ប្រកួត​ទី​៣ កម្ពុជា បានបញ្ចប់​ទៅដោយ​ចាញ់ ក្រុម​ជម្រើសជាតិ​ឡាវ​អាយុ​ក្រោម ១៦​ឆ្នាំ លទ្ធផល ០​ទល់នឹង​១ នៅ​កីឡដ្ឋាន​ជាតិ​របស់​ឡាវ ( Lao National Stadium Km16 ) ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ នា​ល្ងាច​ថ្ងៃអាទិត្យ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩​។

នៅក្នុង​ការប្រកួត​នេះ​ក្រុម​ជម្រើសជាតិ​ឡាវ​អាយុ​ក្រោម ១៦​ឆ្នាំ បាន​បើក​ការនាំ​មុខមុន ដែល​ទាត់​បាន​ដោយ​កីឡាករ​ពាក់អាវ​លេខ​៤ ANANTAZA SIPHONGPHANH នៅ​នាទី​២៥ និង​រក្សា​លទ្ធផល ០​ទល់​១ ដល់​ចប់​វគ្គ​ទី​១ ខណៈ​នៅ​វគ្គ​ទី​២ ការប្រកួត​មិនមាន​អ្វី​ប្រែប្រួល និង​បាន​បន្ត​រក្សា​ដល់​ចប់​ការប្រកួត​។

នេះ​គឺជា​បរាជ័យ​ដទៃ​ផ្សេងទៀត​សម្រាប់ កម្ពុជា បន្ទាប់ពី​ចាញ់​ម៉ាឡេស៊ី ៧-០ កាលពី​ប្រកួត​បើកឆាក ចាញ់ ជប៉ុន ០-៨ ប្រកួត​ទី​២ និង​ប្រកួត​ទី​៣ នេះ​ចាញ់​ឡាវ​។

លទ្ធផល​ចាញ់​នេះ​ផង​ដែរ នាំ​ឲ្យ​កម្ពុជា ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ ជា​ផ្លូវការ​ប្រចាំ​ពូ​ល J នៃ​វគ្គ​ជម្រុះ​នេះ ដោយមាន ០​ពិន្ទុ​ក្នុង​ដៃ និង​ត្រូវ​គូប្រកួត​ទាត់​ចូលដល់​ទៅ ១៦​គ្រាប់ ហើយ​គ្មាន​ឱកាស​រក​គ្រាប់​បាល់​បាន​សូម្បីតែ ១​គ្រាប់​ក្នុងចំណោម ៣​ប្រកួត​នេះ​។

លេខ​១ ក្នុង​ពូ​ល​នេះ គឺ​បាន​ទៅ U-16 ជប៉ុន មាន ៧​ពិន្ទុ ខណៈ​លេខ​២ ម្ចាស់ផ្ទះ ឡាវ មាន ៦​ពិន្ទុ ម៉ាឡេស៊ី លេខ​៣ មាន ៤​ពិន្ទុ និង​កម្ពុជា លេខ​៤ មាន ០​ពិន្ទុ​។

ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ គ្រោង​នឹង​ត្រលប់មក​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ផងដែរ​។

សូមបញ្ជាក់ថា នេះ​គឺជា​ព្រឹត្តិការណ៍​ទី​៣ ដែល U-16 កម្ពុជា ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ​២០១៩ នេះ បន្ទាប់ពី​បានរៀបចំ​ក្រុម​ឡើង​បាន​ត្រឹម ៣​ខែ ក្រោយ​ធ្វើតេស្ត​ជ្រើសរើស​ចូល​ហ្វឹកហាត់​ជាមួយ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ពោលគឺ​បាន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) នៅ​ប្រទេស​ថៃ កាលពី​ចុងខែ​កក្កដា ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥ ប្រចាំ​ពូ​ល B ប្រកួត ៥​ដង មិនដែល​ឈ្នះ ស្មើ​១ និង​ចាញ់ ៤ មាន ១​ពិន្ទុ និង​បាន​ប្រ​កូត​ក្នុង​ពាន​អន្តរជាតិ​នៅ​ប្រទេស​ចិន «Jinshan Cup» International Youth Football Championship 2019 នៅ​ចុងខែ​សីហា ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម ៨​ក្រុម មុន​ប្រកួត​ក្នុង​ពានរង្វាន់​ចុងក្រោយ​នៅ​ឡាវ មួយ​នេះ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114