ព័ត៍មានទាន់​ហេតុការណ៏
Search

National Futsal Cup ៖​ យុវជន​កំចាយមារ ទម្លាក់​ក្រុម​ការពារ​ជើងឯក​ឆ្នាំ​ចាស់ Down Town Sport ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ

ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០១៩ បាន​រកឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​ប្រកួត​តទល់​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ដោយ​ក្នុង​នោះ U.Y.F.C Komchaymear ( យុវជន​កំចាយមារ ) បាន​យកឈ្នះ​លើ​ក្រុម​ការពារ​ជើងឯក Down Town Sport FC ក្នុង​លទ្ធផល ៥ ទល់នឹង ២ គ្រា​ដែល ក្រុម Ov Mal FC បាន​យកឈ្នះ​លើ​ក្រុម Home Sport ៤ ទល់នឹង ១​។

​ក្នុង​ការ​ប្រកួត​ទាំងពីរ​នេះ​ក៏ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នូវ​កីឡាករ​ល្អ​ប្រចាំការ​ប្រកួត ដែល​ក្នុង​នោះ​រួមមាន អ្នកចាំទី នួន វាសនា របស់​ក្រុម សស​យក កំចាយមារ និង កីឡាករ ឪ កា​សាន់ របស់​ក្រុម Ov Mal FC ដែល​អ្នក​ទាំងពីរ​ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩ នៅ​ទីលាន​មជ្ឈមណ្ឌល ឌឺ ប្លូ។

​ដូចនេះ ក្រុម សស​យក កំចាយមារ ត្រូវ​ជួប​ជាមួយ​ក្រុម Ov Mal FC នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៩ ។

​រំលឹក​អំពី​លទ្ធផល​របស់​ក្រុម​ទាំងពីរ​មុន​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​ក្រុម សស​យក កំចាយមារ បាន​ប្រកួត​ឈ្នះ​ទាំងអស់​ក្នុង​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​១ និង​ឈរ​កំពូល​តារាង​ពូ​ល C លុះ​ចូល​ដល់​ដំណាក់កាល​ទី​២ ពួកគេ​បាន​យកឈ្នះ​ការប្រកួត​ទាំង ៤​លើក​ថែមទៀត ដោយ​បន្ត​ឈរ​កំពូល​តារាង​ពូ​ល A ។ រីឯ ក្រុម Ov Mal FC វិញ បាន​ក្នុង​ដំណាក់កាល​ទី​១ ក៏​យកឈ្នះ​គ្រប់ការ​ប្រកួត ដោយ​ឈរ​កំពូល​តារាង​ពូ​ល B និង ក្នុងដំណាក់កាល​ទី​២ ក៏​ដូចគ្នា គឺ​ឈ្នះ​ទាំងអស់​។

ក្រុម​ទាំងពីរ​កំពុង​កាន់​កំណត់ត្រា​មិនទាន់​ស្គាល់​បរាជ័យ​នៅឡើយ ក្នុង​ការ​ប្រកួត​ទាំង ៩​លើក​រៀងខ្លួន មុន​ប្រឈមមុខ​ដាក់គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ឆ្នាំ​២០១៩​នេះ​។

គួរ​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៩ ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ​នេះ នឹងមាន​លក្ខខណ្ឌ​ដូចជា សម្រាប់​ដំណាក់កាល​ទី​១ ប្រកួត​សន្សំ​ពិន្ទុ ជ្រើសរើស​ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយៗ និង​លេខ​៣​ល្អ ចំនួន​ពីរ​ក្រុម​ទៀត​ដើម្បី​លេង​ក្នុង​ដំណាក់កាល​ទី​២​។ ដំណាក់កាល​ទី​២ បែង​ចែកចេញជា ២​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៥​ក្រុម បន្ត​លេង​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ជ្រើសរើស​ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយៗ​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​មាន​សរុប​ទាំងអស់​៦៤​ប្រកួត ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ ខែកក្កដា ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​។

ក្រុម​ជើងឯក​នៃ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ រដូវ​កាល ២០១៩​នេះ នឹង​ទទួលបាន​ពានរង្វាន់ អម​ជាមួយ​ប្រាក់រង្វាន់ ៣០​លាន​រៀល ព្រមទាំង​កៅអី​ទៅលេង​ពានរង្វាន់ AFF Club Futsal Championship 2020 ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114