ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ពោះ​ធំ​ជាង​៥​ខែ​ម្នាក់ ​ត្រូវ​ប្តី​ហេងស៊យ​យក​កៅអី​វាយ​សំពង​បែក​មុខ​បែក​មាត់ ​ខណៈ​តាម​ទាន់​ប្តី​យក​ស្រី​ថ្មី​មក​ដេក​ក្នុងផ្ទះ

ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជាង​៥​ខែ​ម្នាក់​មាន​របួស​បែក​មុខ​បែក​មាត់​បាក់​ក្តោង​ច្រមុះ​របួស​ពេញ​ខ្លួន​ហូរឈាម​ពេញមុខ សន្លប់​បាត់ស្មារតី​ត្រូវ​បាន​អ្នកជិតខាង​ដឹក​បញ្ជូនទៅ​មន្ទីរ​បង្អែក​ខេត្ត​កោះកុង បន្ទាប់ពី​ស្ត្រី​រងគ្រោះ​ខាងលើ​តាម​ទាន់​ប្តី​យក​ស្រី​ថ្មី​មក​ដេក​នៅ​ក្នុង​ផ្ទះ​ ហើយ​កំពុងតែ​ឡើង​ឋានសួគ៌​ជាមួយគ្នា​ក្រោយមក​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​ទៅ​ធ្វើ​ពាក្យ​បណ្តឹង​នៅ​មន្ទីរ​ពេទ្យ​បង្អែក​កោះកុង​ឲ្យ​ស្ត្រី​រងគ្រោះ​ផ្តិត​មេដៃ​ចាត់​អា​ប្តី​ហេងស៊យ​ចាត់ការ​តាមច្បាប់។

ហេតុការណ៍​នេះ មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២១ ​ខែកញ្ញា​ ឆ្នាំ​២០១៩ ​នៅ ចំណុច​ផ្ទះ​ស្ត្រី​រងគ្រោះ ស្ថិតនៅ​ភូមិ​១​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង។

ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​អ៊ុំ ​សារឿន​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ទីទុយ ឃុំ​យាអង្គ ស្រុកថ្ពង​ខេត្ត​កំពង់ស្ពឺ រីឯ​ប្តី​សង្ស័យ ឈ្មោះ យ៉ែម ​ចិន ​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ។

យោង​តាម​ពាក្យ​បណ្តឹង​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ថា នាង​និង​ប្តី​ហេងស៊យ បាន​ស្រលាញ់​គ្នា​បី​ឆ្នាំ​មក​ហើយ ដោយ​នាង​ធ្វើការ​រោងចក្រ​នៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ​ចំណែក​ប្តី​ហេងស៊យ​របស់​នាង​នៅ​ខេត្តកោះកុង មុខរបរ​មិន​ពិតប្រាកដ។ ពី​ដំបូង​ពួកគេ​ទាំង​២​នាក់​ បាន​ស្រលាញ់​គ្នា​ណាស់ ហើយ​នាង​ក៏​ទៅ​កោះកុង​ជា​ញឹកញាប់ ហើយ​ប្តី​នាង​ក៏​ឧស្សាហ៍​មក​ជួប​នាង​នៅ​កន្លែងធ្វើការ​របស់​នាង​ដែរ ប៉ុន្តែ​យើង​យកគ្នា​ជា​ប្តី​ប្រពន្ធ​មិន​បាន​រៀបការ​ទេ ឪពុក​ម្តាយ​ក៏​ដឹង​ទាំងសងខាង​ដែរ។

នាងរង​គ្រោះ​បាន​រៀបរាប់​ទៀត​ថា មិនយូរប៉ុន្មាន​ប្តី​ហេងស៊យ​របស់​នាង​បាន​មាន​ស្រី​ថ្មី ហើយ​តែងតែ​វាយ​ធ្វើបាប​នាង​រហូត​មិន ​ដែល​មាន​សេចក្តី​សុខ​នោះ​ទេ​ ជួនកាល​គេ​តេ​មក​បញ្ឈឺ​នាង​ទៀត​ផង ជាពិសេស​ថ្មីៗ​នេះ​ពេល​នាង​មាន​ផ្ទៃពោះ គែ​តែង​ធ្វើបាប​នាង​ជា​ញឹកញាប់។

ស្ត្រី​រងគ្រោះ​បន្ត​ថា មុន​ថ្ងៃ​កើតហេតុ​ ថ្ងៃ​ទី​២០​ខែកញ្ញា ប្តី​ហេងស៊យ​ របស់​នាង​បាន​តេ​មក​នាង​ថា ហង​ឯង​ហ៊ាន​មក​កោះកុង​ឬទេ អញ កំពុង​ដេក​អោប​ស្រី​ថ្មី​នៅ​ក្នុង​ផ្ទះ ពេលនោះ​នាង​ខឹង​ខ្លាំង​ណាស់​ប៉ុន្តែ​ខំ​ទប់​អារម្មណ៍ ថា​នាង​នឹង​ទៅ​មិន​ខ្លាច​ទេ។ ស្អែក​ឡើង​ថ្ងៃ​ទី​២១ ​កញ្ញា នាង​បាន​ជិះ​ឡាន​តាក់​ស៊ី​ទៅ ដល់​ផ្ទះ​ក៏​ឃើញ​ប្តី​ហេងស៊យ​របស់​នាង​កំពុង​ឡើង​ ឋានសួគ៌​ជាមួយ​ស្រី​ថ្មី​នោះ​ដោយ​ម្នាក់ៗ​អាក្រាត​កាយ​ទាំងអស់​គ្នា។ នាង​បន្ថែម​ថា ​ពេលនោះ​ប្តី​នាង​បាន​ស្រែក​ថា ​ហងឯង​មក​ធ្វើ​អី​អញ​មិនមែន​ប្តី​ហង​ឯង​ទៀត​ទេ អញ​ឈប់​ស្រលាញ់​ហងឯង​ជា​ប្រពន្ធ​ទៀតហើយ អញ​យក​ហងឯង​ជា​ស្រី​លេងសើច​តែប៉ុណ្ណោះ ង្ហែង​មករក​អី​ទៀត ពេលនោះ​នាង មិនទាន់​បាន​និយាយ​អី​ផង ស្រាប់តែ​ឈ្មោះ យ៉ែម​ចិន ប្តី​នាង​បាន​ស្ទុះ​យក​កៅ​ជ័រ​វាយ​សំពង​មកលើ​នាង​មិន​ដក​ដៃ​ទាំង​នាង​ពោះធំ​មិន​អាណិតអាសូរ​នាង​បន្តិច​ណា​សោះ។

ក្រោយ​នាង​សន្លប់​បាត់ស្មារតី​ហើយ​ត្រូវ​អ្នកភូមិ​យក​នាង​មក​ពេទ្យ ចំណែក​ប្តី​ជ​នស​ង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្មាច់មានជ័យ​ចាប់ខ្លួន។

នៅ​ក្នុង​ពាក្យ​បណ្តឹង នាងរង​គ្រោះ​សុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ មិន​ត្រូវ​ដោះលែង​ទេ ព្រោះ​នាង​មិន​យល់យោគ​ឬ​យកគ្នា​ជា​ប្តី​ប្រពន្ធ​ទៀត​បានទេ៕
ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114