ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គឹម សន្តិភាព ថា ផ្អែក​តាម​សកម្មភាព និង​ភស្តុតាង ទណ្ឌិត សម រង្ស៊ី និង​បក្សពួក ឈាន​ចូ​ល​ដល់​ផែនការ​ផ្តួលរំលំ​របប​រាជានិយម និង​រាជរដ្ឋាភិបាល

ភ្នំពេញ​ ៖ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព បាន​អះអាង​ថា តាមរយៈ​សកម្មភាព និង​ភស្តុតាង​ជា​បន្តបន្ទាប់​បង្ហាញ​ថា សកម្មភាព​របស់​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក បាន​ឈាន​ចូល​ដល់​ផែនការ​ផ្តួល​រំលំ​របប​រាជា​និយម និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​នេះ​ជា​សកម្មភាព​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​យ៉ាងពិត​ប្រាកដ។

លោក គឹម សន្តិភាព បញ្ជាក់​យ៉ាងនេះ​ថា “​ឆ្លង​តាមរយៈ​សកម្មភាព និង​ភស្តុតាង​ជា​បន្តបន្ទាប់ បាន​បង្ហាញ​ឲ្យ​យើង​ឃើញច្បាស់​ថា សកម្មភាព​របស់​ទណ្ឌិត សម រង្ស៊ី និង​បក្ស​ពួក​ខ្លួន បាន​ឈាន​ចូល​ដល់​ផែនការ​ផ្តួល​រំលំ​របប​រាជានិយម​ដែលមាន​អង្គ​ព្រះមហាក្សត្រ​គ្រង​រាជសម្បត្តិ​នាពេល​បច្ចុប្បន្ន និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ នា​ពេល​បច្ចុប្បន្ននេះ ដែល​នេះ​ជា​សកម្មភាព​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​យ៉ាង​ពិត​ប្រាកដ​។ អំពើ​ខាងលើ​នេះ គឺជា​ការ​ប្រឆាំងនឹងរ​ដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នៃ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ដែល​កំណត់​បានជា​បទ​ឧក្រិដ្ឋ ត្រូវ​ផ្តន្ទាទោស​ក្នុង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​អាច​អស់​មួយជីវិត តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។

តាម​លោក គឹម សន្តិភាព “​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ រួម​ទាំង​ស្ថាប័ន​អយ្យការ មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ដើម្បី​បំផ្លាញ និង​កម្ទេចចោល​នូវ​រាល់​ផែនការ និង​អង្គការ​ចាត់តាំង​ទាំងឡាយណា ដែល​គាំទ្រ​សកម្មភាព​ខុសច្បាប់​នេះ​។

ការ​លើក​ឡើង​របស់​លោក គឹម សន្តិភាព បាន​ធ្វើឡើង​បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី បាន​ថ្លែង​ប្រមាថ​ព្រះមហាក្សត្រ​ជា​បន្តបន្ទាប់ ហើយ​ក្នុង​នោះ​ដើម្បី​សម្រេច​ផែនការ​វិល​ចូល​ស្រុក ទណ្ឌិត សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​មហាជន ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ក្រោក​ឡើង​ប្រឆាំង ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុ​ជា​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ជា​រដ្ឋាភិបាល​កើតឡើង​ពី​ការបោះឆ្នោត។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ទណ្ឌិត សម រង្ស៊ី បាន​និយាយ​ថា “​អ្នក​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន សូម្បីតែ​ព្រះមហាក្សត្រ​របស់​យើង គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន​។ ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អ្វី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់តែ​រក្សា​រាជបល្ល័ង្ក​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ យើង​មិន​អាច​រំពឹង​ព្រះមហាក្សត្រ ដែលជា​អាយ៉ង​របស់ ហ៊ុន សែន ដូច​សព្វថ្ងៃ​នេះ​បានទេ​”​។

ក្រោយ​ចេញផ្សាយ​បទ​សម្ភាស​ន៍​នេះ ក្រសួងព្រះបរមរាជវាំង បានចេញ​សេចក្តីថ្លែងការណ៍​មួយ ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់​អហង្កា​ចំពោះ​លោក សម រង្ស៊ី ហើយ​ថា លោក សម រង្សី មាន​ចរិត​ជា​ជន​ក្បត់ជាតិ ដែល​តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម​ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​កំពុង​គង់​ប្រថាប់​បំពេញ​ព្រះរាជ​តួនាទី​ដ៏​ឧត្តុង្គឧត្តម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​រិរន្តរភាព​ជាតិ​។

យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ច្បាប់​កំពូល​របស់​ប្រទេស មាត្រា​៤៥១ បាន​ចែងថា បទ​ឧបឃាត “​ឧបឃាត គឺជា​ការប្រព្រឹត្ត​អំពើ​ហិង្សា​មួយ ឬ​ច្រើន​ក្នុង​គោលបំណង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បូរណភាព​នៃ​ទឹកដី​ជាតិ​”​។ “​បទ​ឧបឃាត​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០ ឆ្នាំ​”។

​មាត្រា​៤៥២ ស្ថាន​ទម្ងន់​ទោស​ដែល​ទាក់ទង​ទៅ​នឹង​ជនល្មើស “​ឧបឃាត​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត កាលបើ​អំពើ​នេះ ត្រូវបាន​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ​”​។

មាត្រា​៤៥៣ អំពើ​រួមគំនិត​ក្បត់ “​អំពើ​រួមគំនិត​ក្បត់ គឺជា​គម្រោង​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​ច្រើន​នាក់ ដើម្បី​ប្រព្រឹត្ត​ឧបឃាត កាល​បើក​គម្រោង​នេះ​ត្រូវ​បាន​សំដែង​ចេញ​ជា​រូបរាង​ច្បាស់លាស់​ដោយ​អំពើ​ជាក់ស្ដែង​មួយ ឬ​ច្រើន​”​។ “​ការ​រួម​គំនិត​ក្បត់​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​”​។

“​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០ ទៅ​២០ ឆ្នាំ ប្រសិនបើ​បទល្មើស​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ​”៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114