ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ក្រសួងការបរទេស​៖ តាម​នីតិវិធី EU នឹងត្រូវ​ផ្ញើ​សេចក្តីសន្និដ្ឋាន​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា​នៅ​ខែតុលា​ខាងមុខ

ភ្នំពេញ ៖ លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​លើក​ឡើង​ថា រហូតមកដល់​ពេលនេះ គណៈកម្មការ​វាយតម្លៃ​របស់​សហភាព​អឺរ៉ុប បានបញ្ចប់​ការសន្និដ្ឋាន​ហើយ តាម​នីតិវិធី នឹង​ត្រូវ​ផ្ញើ​សេចក្តីសន្និដ្ឋាន​នោះ មក​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​នៅ​ខែតុលា​ខាងមុខ ដើម្បី​ពិនិត្យមើល​នូវ​អ្វី ដែលជា​ការសន្និដ្ឋាន​នោះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ថ្លែង​បែបនេះ បន្ទាប់ពី​ជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​តែងតាំង​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។

លោក កេ​ត សោ​ផាន់ ថ្លែងថា នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ប្រាប់​លោក​ឯកអគ្គរាជទូត​ជប៉ុន អំពី​កិច្ច​សន្ទនា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​សហភាព​អឺរ៉ុប​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយបាន​បញ្ជាក់​ថា កម្ពុជា​បាន​ផ្ដល់​សារៈ​សំខាន់​ក្នុងនាម​ក្នុង​ភាពជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប ដែល​រហូតមក​ដល់​ពេល​នេះ មានកម្ម​វិធី​ជាច្រើន ដែល​ត្រូវ​បន្ត​ក្នុង​ភាពជា​ដៃគូ​។ ទោះជា​យ៉ាងណា​ទាក់ទង​ទៅនឹង​បញ្ហា EBA នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​រួចហើយ​ថា កម្ពុជា​រក្សា​នូវ​បន្ទាត់​ក្រហម​របស់ខ្លួន ដែល​មិនអាច​ឆ្លង​បានទេ​។

ទាក់ទង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ លោក កេ​ត សោ​ផាន់ បាន​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ គណៈកម្មការ​អឺរ៉ុប បាន​បញ្ចប់​ការ​សន្និដ្ឋាន​ហើយ ដូច្នេះ​យើង​មិនទាន់​អាច​សន្និដ្ឋាន​ថា ភាគី​ខាង​អី​យូ ធ្វើការ​សន្និដ្ឋាន​យ៉ាង​ណា​ទេ តែ​ឆ្លងកាត់​តាមរយៈ​ជំនួយ​ផ្សេងៗ កម្ពុជា​មាន​សុទិដ្ឋិនិយម​ពី​កិច្ច​ពិគ្រោះ​យោបល់​រវាង​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ហើយ​តាម​នីតិវិធី​អី​យូ នឹង​ត្រូវ​ផ្ញើ​សេចក្តី​សន្និដ្ឋាន​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា​នៅ​ខែតុលា​ខាងមុខ ដូច្នេះ​នៅ​ពេល​នោះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​អាច​ពិនិត្យមើល​នូវ​អ្វី ដែល​ជា​ការ​សន្និដ្ឋាន ហើយ​នៅ​ពេល​នោះ រាជរដ្ឋាភិបាល​អាច​មាន​អ្វី​បំពេញបន្ថែម ឬ​ត្រូវ​សុំ​កែតម្រូវ​យ៉ាងណា នឹង​ធ្វើឡើង​នៅពេលណា​នោះ​។

សូម​បញ្ជាក់​ថា ទាក់ទង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កម្ពុជា​ទទួល​បាន​បេសកកម្ម​ស្វែងរក​ការពិត​របស់​អី​យូ​ចំនួន​២​លើក​មក​ហើយ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ មិនទាន់​ដឹង​នៅឡើយ​ទេ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្លាប់បាន​បញ្ជាក់ថា ជំហរ​របស់​កម្ពុជា គឺ​ម៉ឺងម៉ាត់ មិន​ដោះដូរ មិន​លក់​អធិបតេយ្យភាព​ជាតិ ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ​។ កម្ពុជា​អរគុណ​ចំពោះ​របប​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច ហើយ​ក្នុងនោះ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​ងារ​ធ្វើ​ច្រើន​ផង​ដែរ ពីព្រោះ​គ្រាន់តែ​អ្នកធ្វើការ​នៅក្នុង​វិស័យ​ស្បែក​ជើងមាន​ប្រមាណ​៨​សែន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​។ បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងចំណោម​៨​សែន​នាក់​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​២​លាន​នាក់​ផ្សេងទៀត រស់​បាន​ដោយសារ​ពួកគាត់ ដូចជា​អ្នកបើកបរ អ្នក​ដាំ​ស្ល អ្នក​ជួល​ផ្ទះ ហើយ​ក្រៅពីនោះ​ពួកគាត់​ត្រូវ​យក​ទៅ​ចិញ្ចឹម​បងប្អូន បាន​រៀន​សូត្រ ចិញ្ចឹម​ឪពុកម្តាយ នៅ​ស្រុកកំណើត​ថែមទៀត ប៉ុន្តែ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មានតម្លៃ​អ្វី ប្រសិនបើ​យើង​បាត់បង់​ឯករាជ្យ​ភាព របស់​ប្រទេស​។ ពីព្រោះ EBA នេះ មាន​លក្ខខណ្ឌ​ការងារ ហើយ​ក៏​មាន​លក្ខខណ្ឌ​អធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ផងដែរ ដូច្នេះ​មានន័យថា ការចាត់ការ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​រក្សា​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់ខ្លួន សហភាព​អឺរ៉ុប​មិន​ទទួលយក គឺ​គាត់​មិន​ទទួលយក​ការអនុវត្ត​ច្បាប់​នៅក្នុង​ស្រុក​របស់​យើង​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា “​បើ​យើង​មិន​អាច​អនុវត្ត​ច្បាប់​ស្រុក​យើង​បាន តើ​យើង​ធ្វើ​អ្វី​ទៀត ហើយ​ច្បាប់​មួយ​ចំនួន​របស់​កម្ពុជា សហភាព​អឺរ៉ុប​អ្នក​ជួយ​ឲ្យ​យោបល់ និង​តាក់តែង​ថែមទៀត​។ ការអនុវត្ត​ច្បាប់ ការ​ការពារ​អធិបតេយ្យភាព ការ​ការពារ​សន្តិភាព ពង្រឹង​ការ​ឯកភាព​ជាតិ ក្នុង​ឋានៈ​ជា​រដ្ឋាភិបាល ដែល​ទទួលខុសត្រូវ​មួយ ហើយ​បើ​ធ្វើ​អ្វី​តាម​គេ​ប្រាប់​រហូត​នោះ គឺ​បាត់បង់​អធិបតេយ្យភាព ហើយ​វា​មាន​អធិបតេយ្យ​មក​ពី​ណា វា​ទៅជា​ខ្ញុំគេ​ហើយ​។ ឆ្នាំ​១៩៧០ គឺជា​មេរៀន​សម្រាប់​កម្ពុជា​”​។

គណៈកម្មការ​អឺរ៉ុប កាលពី​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ករណី​ដែល​មិនមាន​ការកែសម្រួល​អ្វីមួយ​តាម​ការ​ចង់​បាន​របស់​ខ្លួន ប៉ុន្តែ​គម្រោង​នេះ ត្រូវ​បាន​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ ចំនួន​៥​ស្ថាប័ន​របស់​អឺរ៉ុប ដែលជា​តំណាង​ឲ្យ​ប្រទេស​ធំៗ​ចំនួន​៩ ប្រទេស​នៅ​អឺរ៉ុប បាន​សរសេរ​លិខិត​ពិសេស​មួយ​ច្បាប់​ផ្ញើ​ជូន លោកស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​ប្រឆាំង​ចំពោះ​ការកំណត់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) ចេញពី​ប្រទេស​កម្ពុជា​នេះ​។

ដោយឡែក តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន សហភាព​អឺរ៉ុប ប្រចាំ​អាស៊ីអាគ្នេយ៍ បាន​ថ្លែង​ថា ប្រសិនបើ​មានការ​ដក​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុមហ៊ុន និង​ចាត់ទុកថា គណៈកម្មការ​អឺរ៉ុប អនុវត្ត EBA នេះ ជា​ឧបករណ៍​នយោបាយ​បរទេស​របស់ខ្លួន​សម្រាប់​កម្ពុជា​។

ចំណែក​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន ក្រសួង ស្ថាប័នរដ្ឋ អ្នកនយោបាយ សហជីព កម្មករ តំណាង​វិនិយោគ​នៅ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ព័ត៌មាន នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​នេះ និង​បាន​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ឡើងវិញ និង​បាន​អះអាង​ថា អ្នក​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​អ្នក​វិយោគ​អឺរ៉ុប កម្មករនិយោជិត និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​។

តាម​របាយការណ៍​របស់​គណៈកម្មការ​ពាណិជ្ជ​កម្ម​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​ផលិតផល​ទៅ​ទីផ្សារ EU មាន​ទំហំ​ជាង​៥​ពាន់​លាន​ដុល្លារ​។ ចំណែក​ការនាំចេញ​នៅ​ឆ្នាំ​២០១៦​វិញ មាន​ទឹកប្រាក់​ចំនួន​៦២៥៩ លាន​ដុល្លារ​អាមេរិក​។ កម្ពុជា ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ធ្លាប់បាន​បញ្ជាក់​ថា បើ​គ្មាន​ការ​អនុគ្រោះ​ពន្ធ​ទេ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន​៦៧៦ លាន​ដុល្លារ​អាមេរិក សម្រាប់​ទំនិញ​សរុប ហើយ​ទំនិញ ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន​ជាដើម​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114