ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកបើក​ឡាន​ដឹក​ហ្គាស់​ដែល​រង​របួស​ហើយ​រត់​រក​ឲ្យ​គេ​ជួយ​នោះ​ បាន​ទទួលមរណៈភាព​ហើយ (Update)

សៀមរាប ​៖ ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​កនា​រសៀល​នេះ បាន​លើកឡើងថា បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​មុខរបរ​ជា​អ្នកបើកបរ​ឡាន​ដឹក​ហ្គាស ហើយ​មាន​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស់​នៅ​កណ្តាល​ក្រុង​សៀមរាប នោះបាន​ទទួលមរណៈភាព​ហើយ បន្ទាប់ពី​ជនរងគ្រោះ​ត្រូវបាន​ថៅកែ​ក្រុមហ៊ុន​បាន​នាំទៅ​ព្យាបាល​នោះ​ក្រៅប្រទេស​។

សូម​រម្លឹក​ថា ស្ថានីយ​បញ្ចូល​ហ្គាស​រថយន្ត​LPG24​ម៉ោង មួយ​កន្លែង នៅ​កណ្តាល​ក្រុង​សៀមរាប បាន​ផ្ទុះ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់​រងរបួស ក្នុងនោះ​មាន​មន្ត្រី​នគរបាល​ម្នាក់​ផងដែរ ហើយ​អ្វីដែល​គួរ​ឲ្យ​ការ​ភ្ញាក់ផ្អើល​នោះ គឺមាន​បុរស​ម្នាក់​បាន​រត់​ចេញពី​កន្លែង​កើតហេតុ​កន្លែងកើតហេតុ ដោយ​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ស្បែក​រលេះរលួយ​ពេញ​ខ្លួន គួរ​ឲ្យ​ខ្លោចចិត្ត​ណាស់ ហើយ​បាន​ពឹង​អ្នក​នៅ​ជិត​នោះ​ឲ្យ​ជូនទៅ​ពេទ្យ តែ​គ្មាន​អ្នកណាម្នាក់​មានចិត្ត​ធម៌​ព្រម​ជូន​ទេ​។

បុរសរងគ្រោះ​ដែលរ​ត់រក​ឲ្យ​គេ​ជួយ​ជូនទៅ​មន្ទីរពេទ្យ​នេះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ គឺមាន​ឈ្មោះថា មឿ​ន កុយ អាយុ​៤៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ហ្គាស់ ខាងលើ ។ គាត់​មាន​កូន​៦​នាក់ ក្នុងបន្ទុក រស់​ខេត្ត​សៀមរាប គាត់​របួសធ្ងន់ ត្រូវ​ម្ចាស់​ក្រុមហ៊ុន បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯ​ប្រទេស​ថៃ​។ ​ដោយឡែក​មុន​នេះ​បន្តិច​តាមរយៈ​ហ្វេ​ស​បុក​”Chanthourn Cheng” បាន​ឲ្យ​ដឹង​បុរស​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ បានទទួល​មរណភាព​ហើយ “​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​លោកពូ​មឿ​ន​កុយ​ផង​ក្មួយ​ពិតជា​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ ចំពោះ​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​មួយ​នេះ​សូម​ឲ្យ​លោកពូ​បាន​ទៅកាន់​សុគតិភព​។

យ៉ាង​នេះ​ក្តី ករណី​នេះ​គេ​ឃើញ​មាន​អាជ្ញាធរខេត្ត​និង​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត​បាន​ប្រឹងប្រែង​ជួយសង្គ្រោះ​បានជា​បន្តបន្ទាប់​នោះ​ដែរ​។ ​ក្នុង​នោះ​នគរបាល​អន្តរាគមន៍​ម្នាក់​ ដែល​ប្រឹងប្រែង​ជួយ​ពលរដ្ឋ​នោះ​បាន​រង​របួស​ធ្ងន់​។​ ប៉ុន្តែ​គាត់​បាន​ធូរស្បើយ​ខ្លះ​ហើយ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114