ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ដន្ទាទោស​ សោម ឯក ដាក់ពន្ធនាគារ​១១​ឆ្នាំ ពាក់​ព័ន្ធ​អំពើ​មនុស្សឃាត

ភ្នំពេញ ៖ លោក យិន សារឿន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោយពេល​ចប់​សវនាការ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ទណ្ឌិត សោម ឯក ដាក់​ពន្ធនាគារ​កំណត់​១១ ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម។

ជន​ជាប់ចោទ​ សោម ឯក និង​ឈ្មោះ ហូរ សម្បត្តិ ដាក់​ពន្ធនាគារ​កំណត់​១៣​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់ខ្លួន (​ហូរ សម្បត្តិ នៅ​ក្រៅ​ឃុំ​) ជា​ជនដៃដល់​ធ្វើ​មនុស្សឃាត​លើ​ជនរងគ្រោះ។

អង្គហេតុ​ក្នុង​សំណុំរឿង​មនុស្ស ឃាត​នេះ កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ ២០០០ ទណ្ឌិត សោម ឯក និង​បក្ខពួក​ឈ្មោះ ហូរ សម្បត្តិ បាន​រួម​គំនិត​គ្នា​ប្រព្រឹត្ត​បទល្មើស ធ្វើ​មនុស្សឃាត​លើ​ជនរងគ្រោះ​ម្នាក់ ដោយ​ប្រើ​ដាវ​ចាក់​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ជន​រង​គ្រោះ កើតហេតុ​ស្ថិត នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ថា ទណ្ឌិត សោម ឯក ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មេ​ភេរវកម្ម ចលនា​តស៊ូ​ក្បាល​ខ្លា ធ្លាប់​បាន​ដឹកនាំ​សមាជិក​ក្រុម ប្រព្រឹត្ត​បទល្មើស​ភេរវកម្ម នឹង​ឧក្រិដ្ឋ​ជាច្រើន​ករណី ដូចជា​ករណី​ដាក់​បំផ្ទុះ​គ្រាប់បែក​នៅ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ករណី​ដាក់​គ្រាប់បែក​នៅមុខ​ក្រសួង​ការពារ​ជាតិ ក្នុង​អំឡុង​ឆ្នាំ​២០០០ ហើយ​ត្រូវ​បាន​សម​ត្ថ​កិច្ច​ចាប់ខ្លួន រហូត​មាន​សាលក្រម​ផ្ដន្ទាទោស​ឈ្មោះ សោម ឯក ដាក់ពន្ធនាគារ​សរុប​ជាង​៤០​ឆ្នាំ ពាក់​ពន្ធ​បទល្មើស​ធ្វើ​ភេរវកម្ម ប្រឆាំង​មនុស្សជាតិ នឹង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​កើតឡើង​ដោយ​ស្របច្បាប់។

គួរ​បញ្ជាក់​ទៀត​ថា ខណៈ​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ទណ្ឌិត សោម ឯក ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូ​វៀត ពេលនោះ​ទណ្ឌិត សោម ឯក បាន​ប្រព្រឹត្ត​បទល្មើស​មួយទៀត គឺ​លួច​រត់​គេច​ខ្លួន​នៅ​យប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៧ តែ​ត្រូវបាន​កិច្ច​ចាប់ខ្លួន​មកវិញ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប៕
មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114