ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​ម៉ែន សំអន ជួប​សំណេះសំណាល​ជាមួយ​កុមារកំព្រា និង​បុគ្គលិក​នៃ​មណ្ឌល​ទាំង​១៣ នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ដល់​កុមារកំព្រា និង​បុគ្គលិក​នៃ​មណ្ឌល​គោលដៅ​ទាំង​១៣ ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​ជិត ១.០០០នាក់។

ពិធី​នោះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​មណ្ឌល​កុមារ​កំព្រា​សែន​សុខ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយមាន​ការ​ដំណើរ​ដោយ លោក​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា លោក ឱម វិសាល តំណាង​ធនាគារ អ៊ឹម​ធី​អ៊ីន​អែម​ភឺ​រ័​របែង រួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរ​មូលដ្ឋាន ពាក់ព័ន្ធ និង​ប្រធាន​មណ្ឌល​ទាំង​១៣ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១០​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។

ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ បណ្ឌិត ម៉ែន សំអន ក៏បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្ដេច​ទាំងពីរ តែងតែ​គិតគូរ​ពី​សុខទុក្ខ ផ្ដល់​នូវ​ភាព​កក់ក្ដៅ តាមរយៈ​ការ​ជួយឧបត្ថម្ភ​ទាំង​សម្ភារៈ ថវិកា គាំទ្រ និង​លើក​ទឹក​ដល់​ក្មួយៗ​កុមារ​កំព្រា ទាំងអស់​នៅ​ទូទាំងប្រទេស។

លោកជំទាវ​បាន​បន្ត​ទៀត​ថា ការពិត​ក្មួយៗ កំព្រា​ឪពុក ម្តាយ​មែន តែ​ចិត្ត​ក្មួយៗ​មិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន សម្ដេច​ទាំងពីរ អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ សម្បទា និង​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ​តែងតែ​នៅក្បែរ​ក្មួយៗ​ជានិច្ច ដើម្បី​ដោះស្រាយ​ការលំបាក និង​ក្តីកង្វល់​នានា​របស់​ក្មួយៗ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រធាន​មណ្ឌល បុគ្គលិក​និង​ម៉ែ​ដោះ ដែល​បាន​ជួយ​ថែទាំ​ដល់​កុមារកំ​ព្រា​ទាំងអស់ ហើយក៏​សូម​អរគុណ​ពី​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​វិស័យ​ឯកជន ជាពិសេស ធនាគារ​អ៊ឹម​ធី​អ៊ី​ន​អែម​ភឺ​រ័​របែង ដែល​បាន ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​សង្គម និង​ការងារ​មនុស្សធម៌​នាពេល​កន្លងមក ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ផង ក៏ដូចជា​ថែរក្សា​នូវ​អនាគត​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​ផង ។ ជាក់ស្តែង​ថ្ងៃនេះ ធនាគារ អ៊ឹម​ធី​អ៊ីន​អែម​ភឺ​រ័​របែង ក៏បានផ្តល់​ជូន​នូវ របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដល់​មណ្ឌល ទាំង​១៣ រួមមាន ៖ អង្ករ ទឹកត្រី ទឹក​ស៊ី​អ៉ី​វ ប្រេងឆា មី និង​អំបិល។ ចំណែក​ឯ​កុមារ​ម្នាក់ៗ​ទទួល​បាន កន្សែងពោះគោ ១ ភួយ ១ សាប៊ូ​លុច ១​កញ្ចប់ ថ្នាំដុសធ្មេញ ១​ប្រអប់ ច្រាស​ដុសធ្មេញ ១ សាប៊ូកក់​សក់ ១​ដប និង​ថវិកា​មួយ​ចំនួន និង​បុគ្គលិក​តាម​មណ្ឌល​ក៏បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ផងដែរ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​សំណូមពរ​ឲ្យ​ឲ្យ​ម៉ែ​ដោះ បន្ត​យកចិត្ត​ទុក្ខ​ដាក់​បន្ថែម​ទៀត​ក្នុង​ជួយ​ថែទាំ​ដល់​កុមារ​កំព្រា​ទាំងអស់ និង​អំពាវនាវ​ដល់ សប្បុរស​ជន​នានា ក៏ដូចជា​វិស័យ​ឯកជន​បន្ត ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​កំព្រា​ទាំង​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំងប្រទេស​ផង​ដែរ​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114