ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រៀម​បង្ការ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដែល​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង

ប៉ៃលិន ៖ នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រឹង​ប្រែង​ប្រមូល​កម្លាំង​គ្រប់​មធ្យោបាយ​ដែលមាន​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួលរង​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ឱ្យបាន​ទាន់ពេលវេលា​។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ និង​ត្រៀម​បង្ការ​នោះ​ដែរ​ មានការ​អញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ក្រុមការងារ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​អូរអណ្ដូង និង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ដែល​រងគ្រោះ​ខ្លាំងជាងគេ។

មាន​ប្រសាសន៍​ក្នុងឱកាស​នោះដែរ​ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ក៏បាន​ណែនាំ​ក្រើន​រំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ខាងលើ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ​តូចៗ កុំ​បណ្ដែតបណ្ដោយ​ឲ្យ​លេង​ទឹក​ក្រែង​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ជាពិសេស​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​សត្វ​អាសិរពិស​ទិច ឬ​ខាំ​ បើ​ក្នុងករណី​កើតមាន ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ដើម្បី​ជួយសង្គ្រោះ បាន​ទាន់ពេលវេលា​។

លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់ថា​ ៖ ដោយសារ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ជាយថាហេតុ ដូច្នេះ​អាជ្ញាធរ​ខេត្ត បាន​រៀបចំ​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ត្រៀម​ចុះ​អន្តរាគមន៍ និង​ជម្លៀស​ប្រជាពលរដ្ឋ​មករក​ទីទួល​សុវត្ថិភាព ក្នុង​ករណី​មាន​ជំនន់​ទឹក​ភ្លៀង​កើតឡើង។

សូម​រំលឹកថា​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លងទៅ ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចន្លោះ​ពី ៤៥ ទៅ ៧៥ ម​ម ស្ទើរ​ទូទាំង​ខេត្ត​ប៉ៃលិន បណ្ដាល​ឲ្យ​ភូមិសាស្ត្រ​មួយចំនួន នៃ​ឃុំ​សាលា​ក្រៅ ឃុំ​អណ្ដូង និង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ មានការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង (​ជំនន់​រហ័ស​) ក្នុងនោះ ៖ ១- ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ទឹក​ជន់​លិច​ផ្សារ​សាលា​ក្រៅ​០១​កន្លែង ជន់​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៥២​ខ្នង ផ្លូវលំ​គ្រួស​ក្រហម​៣០០​ម៉ែត្រ និង​ផ្លូវជាតិ​៧០​ម៉ែត្រ។ ២- ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ទឹក​ជន់​លិច​ផ្លូវ​គ្រួស​ក្រហម ០១​ខ្សែ ចំនួន​១១​កន្លែង ប្រវែង​សរុប ១២០០​ម៉ែត្រ ផ្ទះ​ចំនួន​១៥​ខ្នង និង​ដំណាំ​ចម្ការ​ប្រមាណ​១០​ហិកតា។ និង​៣-ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ទឹក​ជន់​លិច​ផ្លូវ​គ្រួស​ក្រហម​០១​ខ្សែ​ ប្រវែង​៣០០​ម៉ែត្រ ដំណាំ​ចម្ការ​ប្រមាណ​២៥​ហិកតា ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​២៥​ខ្នង​ផ្ទះ​ផង​ដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114