ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកចូលរួម​យុទ្ធនាការ​ម្រាមដៃ​៩ និង​សកម្មភាព​ផ្សេងៗ​ទៀត ដើម្បី​គាំទ្រ​ដល់​ទណ្ឌិត សម រង្ស៊ី នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់

ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាងថា អ្នកចូលរួម​យុទ្ធនាការ​ម្រាមដៃ​៩ និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ជា​សញ្ញា​បង្ហាញ​ការគាំទ្រ​ដល់​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក (​ក្នុង​យុទ្ធនា​ការវិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩) គឺជា​អំពើ​ខុសច្បាប់ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន អះអាង​បែបនេះ បន្ទាប់ពី​លោក ហូរ វ៉ាន់ ក៏ដូចជា​ទណ្ឌិត សម រង្ស៊ី កាលពី​ថ្មីៗ​នេះ បានប្រកាស​ឲ្យ​អតីតមន្ត្រី និង​សកម្មជន និង​អ្នកគាំទ្រ​ខ្លួន ចូលរួម​យុទ្ធនាការ​លើក​ម្រាមដៃ​៩ ជា​សញ្ញា​គាំទ្រ​ការ​វិល​ចូលមក​កម្ពុជា​របស់លោក​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ខាង​មុខ​។

ទាក់ទង​សកម្មភាព​នេះ លោក ជិន ម៉ា​លីន ចាត់ទុក​ការធ្វើ​យុទ្ធនាការ​នោះ​ថា ជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល ហើយ​អ្នក​ដែល​ចូលរួម​យុទ្ធនាការ​ម្រាមដៃ​៩ និង​សកម្មភាព​ផ្សេងៗ​ទៀត ដែល​បង្ហាញ​ការគាំទ្រ​ដល់​លោក សម រង្ស៊ី ជា​អំពើ​ខុសច្បាប់​។

លោក​បញ្ជាក់ថា អ្នកផ្ដើមគំនិត មេគំនិត រៀបចំ​ផែនការ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល គឺ​ចូលក្នុង​បទ​ឧបឃាត​។ ក៏ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​តាម​គ្រប់​រូបភាព​ទាំងអស់ ទាំង​យុទ្ធនាការ​ម្រាមដៃ​៩ ឬ​ប្រមូលផ្ដុំ​ជួបជុំ​សម្ដែង​មតិ ក្នុងន័យ​គាំទ្រ​ដល់​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល គឺជា​បទល្មើស​រួមគំនិត​ក្បត់ ដែល​មានចែង​ក្នុង​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

យោងតាម​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ច្បាប់កំពូល​របស់​ប្រទេស មាត្រា​៤៥១ បាន​ចែងថា បទ​ឧបឃាត “​ឧបឃាត គឺជា​ការប្រព្រឹត្ត​អំពើ​ហិង្សា​មួយ ឬ​ច្រើន​ក្នុង​គោលបំណង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នាំ​ឲ្យ​មាន​ការប៉ះពាល់​ដល់​បូរណភាព ​នៃ​ទឹកដី​ជាតិ​”​។ “​បទ​ឧបឃាត​ត្រូវបាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០ ឆ្នាំ​”​។

មាត្រា​៤៥២ ស្ថាន​ទម្ងន់ទោស​ដែល​ទាក់ទង​ទៅនឹង​ជនល្មើស “​ឧបឃាត​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត កាលបើ​អំពើ​នេះ ត្រូវបាន​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ​”​។

មាត្រា​៤៥៣ អំពើ​រួមគំនិត​ក្បត់ “​អំពើ​រួមគំនិត​ក្បត់ គឺជា​គម្រោង​ដែល​បង្កើតឡើង​ដោយ​មនុស្ស​ច្រើន​នាក់ ដើម្បី​ប្រព្រឹត្ត​ឧបឃាត កាល​បើក​គម្រោង​នេះ​ត្រូវបាន​សំដែង​ចេញ​ជា​រូបរាង​ច្បាស់លាស់​ដោយ​អំពើ​ជាក់ស្ដែង​មួយ ឬ​ច្រើន​”​។ “​ការរួម​គំនិត​ក្បត់​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​”។ “​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០ ទៅ​២០​ឆ្នាំ ប្រសិនបើ​បទល្មើស​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114