ព័ត៍មានទាន់​ហេតុការណ៏
Search

កូន​ប្រុស​បង្កើត​កាប់​ឪពុក​ដាច់​.​ក​ស្លាប់​ ខណៈ​កំពុង​សម្រាក​នៅ​ក្រោម​ផ្ទះ

សៀមរាប ​៖​ អធិការ​នគរបាល​ស្រុក​ស្រីស្នំ គឺ​លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ ​ត្រូវជា​កូនបង្កើត ​បាន​ទាញ​កាំបិត​ខ្វែវ​កាប់​មក​លើ​ឪពុក​បង្កើត​របស់ខ្លួន បណ្តាល​ឲ្យ​ដា​ច់​ក ស្លាប់​យ៉ាង​អាណោចអាធ័ម​ ខណៈ​កំពុង​សម្រាក​នៅ​ក្រោម​ផ្ទះ។

ហេតុការណ៍​គួរ​ឲ្យ​តក់ស្លុត​នេះ​ កើតឡើង​នៅវេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃទី​២៥ ខែ កញ្ញា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ បាន​ឲ្យ​ដឹងថា ករណី​ឃាត​កម្ម​នេះ កម្លាំង​នគរបាល​ស្រុក​ស្រីស្នំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សាន គង់ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប។

លោក​បន្តថា អង្គហេតុ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៥​និង​៣០​នាទី ​ជនសង្ស័យ​ឈ្មោះ​សាន គង់ បាន​យក​កាំបិត​ខ្វែវ​ដង​ឈើ​កាប់​ទៅលើ​ឪពុក​បង្កើត​ឈ្មោះ​រៀល វឿ​ង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ នៅ​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ​ មុខរបរ កសិករ​បណ្តាល​ឲ្យ​ដា​ច់​ក ស្លាប់​នៅនឹងកន្លែង​តែម្តង។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ចុះទៅ​ភ្លាម ធ្វើការ​ហ៊ុមព័ទ្ធ​ចាប់​និង​ឃាត់​ជនសង្ស័យ​ភ្លាមៗ​ផងដែរ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា តាម​ការបំភ្លឺ​របស់​អ្នក​ជិតខាង​និង​ភរិយា​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ មុន​នឹងធ្វើ​សកម្មភាព​ប្រហែល​៣​ថ្ងៃមុន គេ​(​ជនសង្ស័យ​)​បាន​ដើរ​កាប់​ដើម​ចេក​អស់​ជាច្រើន​ដើម​។​ ដោយ​ខ្លាច​មាន​បញ្ហា ជនរងគ្រោះ​បាន​ទៅ​ស្នាក់​នៅផ្ទះ​អ្នកជិតខាង​។ ​តែ​ដល់​ថ្ងៃកើតហេតុ​ពួកគាត់​បាន​អង្គុយលេង​នៅក្រោម​ផ្ទះ ក៏​ស្រាប់តែ​ជនសង្ស័យ​បាន​កាប់​ទៅលើ​ឪពុក​បង្កើត​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​ លោក​បន្តថា តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ជនរងគ្រោះ ត្រូវជា​ម្តាយ​បាន​ឲ្យ​ដឹងថា ​កូន​គាត់ វា​វិកល​ច​រិ​ត ប៉ុន្តែ​គ្មាន​ឯកសារ​បញ្ជាក់​នោះទេ។​

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114