ព័ត៍មានទាន់​ហេតុការណ៏
Search

រមណីយដ្ឋាន​ធម្មជាតិ​អាងទឹក​ត្រពាំង​ថ្ម​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ ជាតិ​និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ច្រើន​ដល់​រាប់​ពាន់​នាក់

បន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ប្រពៃណី​ជាតិខ្មែរ​ដ៏​ធំ​មួយ​ គេ​សង្កេតឃើញ​មាន​មន្ត្រី​រាជការ​ដែល​ឈប់សម្រាក​ពី​ការងារ ​ក៏ដូចជា​ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ស្រុក ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏ដូចជា​មកពី​តាម​បណ្ដា​ខេត្ត​នានា​ បាននាំគ្នា​ជិះ​រថយន្ត​មកលេង ​និង​ងូតទឹក​លំហែ​កាយ​ជា​លក្ខណៈ​ក្រុមគ្រួសារ​យ៉ាង​សប្បាយរីករាយ​ក្នុង​រមណីយដ្ឋាន​ធម្មជាតិ​អាងទឹក​ត្រពាំងថ្ម​នេះ​រាប់ពាន់​នាក់។

ជាមួយគ្នា​នោះដែរ គេ​ឃើញ​មាន​កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល​ទទួលបញ្ជា​ពី​លោក​ឧត្ដម​សេនីយ៍​ទោ ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​ លោក​ឧត្ដមសេនីយ៍​ត្រី​បោ​ន ​ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កម្លាំងយោធា​សឹក​រង​ស្រុក កម្លាំង​ប្រជា​ការពារ និង​អាជ្ញាធរ​ដែនដី​ចុះមក ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ នៅ​ទីនោះ បាន​យ៉ាង​ល្អប្រសើរ ជូន​ភ្ញៀវ​មកលេង​អាងទឹក​ត្រពាំង​ថ្ម​នោះ ដោយ​ពុំមាន​បាតុភាព​អ្វី​កើតឡើង​ឡើយ ធ្វើ​ឲ្យ​ពួកគាត់​មានការ​សប្បាយរីករាយ​ និង​មាន​ភាពកក់ក្តៅ​ពី​សន្តិសុខ​។

ក្នុង​ពិធី​មកលេង​អាងទឹក​ត្រពាំង​ថ្ម​នេះ ​ភ្ញៀវ​ទេសចរ​បាន​មានការ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​អំពី​អាងទឹក​ត្រពាំងថ្ម​នេះ ​ព្រោះ​វា​មាន​ទំហំ​ធំ​ មានទឹក​ល្ហល្ហេវ ​ចំណែក​សន្តិ​សុខ សណ្ដាប់ធ្នាប់​វិញ ​គឺ​ល្អ ដោយមាន​កងកម្លាំង​សមត្ថកិច្ច​បាន​ដើរ​ត្រួតពិនិត្យ​ល្បាត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​សប្បាយ។

គួរ​បញ្ជាក់​ផងដែរ​ថា ​អាង​ត្រពាំងថ្ម​នេះ​វា ស្ថិតក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ដែលមាន​ចម្ងាយ​ពី​ទីរួមស្រុក​ភ្នំស្រុក​ប្រមាណ​ជា​៧​គីឡូម៉ែត្រ​អាងទឹក​នេះ អាច​ផ្ទុក​ទឹកបាន​ចំនួន​១៨០​លាន​ម៉ែត្រ​គីប មាន​បណ្ដោយ​ប្រវែង​១២​គីឡូម៉ែត្រ និង​ទទឹង​ប្រវែង​១០​គីឡូម៉ែត្រ​។ អាងទឹក​នេះ​ឲ្យ​តែ​រដូវ​បុណ្យទាន និង​ថ្ងៃ​សម្រាក មន្ត្រីរាជការ និង​ភ្ញៀវ​ទេសចរ​​មកលេង​នៅ​អាង​ត្រពាំង​ថ្ម​ពុំ​ដែល​ដាច់ គ្រាន់តែតិច​ ឬ ច្រើនតែ​ប៉ុណ្ណោះ​។

លោក​ឃួ​ត ឃួន មេឃុំ​ប៉ោយចារ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា នា​រដូវ​វស្សា​ឆ្នាំនេះ​មាន​ភ្ញៀវ​ទេសចរ​មកលេង​នៅ​អាងទឹក​ត្រពាំង​ថ្ម​នេះ​ច្រើនជាង​ឆ្នាំមុន​ដល់​ទៅ​៥,២៥០​នាក់ ព្រោះ​ឆ្នាំនេះ​មាន​ទឹក​ច្រើន បើ​ឆ្នាំទៅ​មិញ​មិនមាន​ទឹក​លេង គឺ​មិនសូវមាន​អ្នក​មកលេង​នោះទេ។

ក្នុងនោះដែរ​ លោក មេឃុំ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​មកលេង​អាងទឹក​ត្រពាំងថ្ម​នេះ​ គឺ​សុំ​ឲ្យ​ជួយ​សម្អាត​បរិស្ថាន​ផងដែរ ក្រោយពី​ការហូបចុក​រួច សុំ​ឲ្យ​វេច​ខ្ចប់​កាកសំណល់​ទាំងនោះ​យកទៅ​ដាក់​ក្នុង​ធុងសំរាម​ ឬ​ខ្ចប់​យកទៅ​បោះចោល​ឲ្យ​ល្អ​ម្យ៉ាងវិញទៀត​ គឺ​សុំ​ឲ្យ​បងប្អូន​ប្រុងប្រយ័ត្ន​ចំពោះ​កូន ចៅ​តូចៗ កុំ​បណ្ដែតបណ្ដោយ​ឲ្យ​លេង​ទឹកតែ​ម្នាក់ឯង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​លង់ទឹក​ស្លាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114