ព័ត៍មានទាន់​ហេតុការណ៏
Search

បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៥​ថ្ងៃ នៅ​ខេត្ត​រតនគិរី ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ចំនួន​២៣.០៣២​នាក់

រតនគិរី ៖ ក្នុង​រយៈពេល៥​ថ្ងៃ​(២៥-២៩ ខែកញ្ញា ​ឆ្នាំ​២០១៩)​ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅក្នុង​ខេត្តរតនគិរី មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ​បានមក​ទស្សនា​កម្សាន្ត នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ចំនួន២៣.០៣២​នាក់ ក្នុងនោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​២២.៦៤៧​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣៨៥​។ បើ​ប្រៀបធៀប​ឆ្នាំ​២០១៨ មានការ​ភ្ញៀវ​ទេសចរ​សរុប​កើនឡើង​៤.៣៤% ភ្ញៀវ​ជាតិ​កើន​ឡើង​៤.៣៥% ភ្ញៀវ​អន្តរជាតិ​កើន​ឡើង​៧.៣៣% នេះ​ បើ​តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី ។

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹងថា ដោយសារ​កត្តា​សន្តិភាព និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ រួម​នឹង​ការរៀបចំ​សោភ័ណភាព​ទីប្រជុំជន និង​នៅ តាម​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្ត​របស់​ថ្នាក់ដឹកនាំ ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​បាន​មកលេង​កម្សាន្ត​ចាប់​ពី​ថ្ងៃទី​២៥មក ​គឺ​មុន​មួយថ្ងៃ​ នៃ​ការឈប់​សម្រាក ​នៃ​ពិធីបុណ្យ​ភ្ជុំ​ និង​ក្រោយ​មួយថ្ងៃ​ នៃ​ការ​បញ្ចប់​ពិធីបុណ្យ​ក៏​នៅមាន​ភ្ញៀវ​ជា​បន្តបន្ទាប់​ផងដែរ ​ដូច្នេះ​តួលេខ​ភ្ញៀវ​នេះ​ គឺ​ខាង​មន្ទីរ​គិត​រយៈពេល​៥​ថ្ងៃ​។ តែបើ​លើសពី​ថ្ងៃទី​២៩ ​ទៅ​គឺ​រាប់​បញ្ចូល​ជា​ភ្ញៀវ​ខែ​វិញ។

លោក​ថា ភ្ញៀវ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ភាគ​ច្រើន​ពួកគាត់​បាន​ឈប់សម្រាក​នៅ​ខេត្តរតនគិរី និង​បន្តដំណើរ​ទៅ​ខេត្ត​ផ្សេងៗ​ទៀត។​ ហើយ​នៅក្នុង​ខេត្ត​មានផ្ទះ​សំណាក់ សណ្ឋាគារ និង​អាហារ​ដ្ឋា​ន​គ្រប់គ្រាន់​សម្រាប់​បម្រើសេវា​ជូន​ភ្ញៀវ។

គួរគត់សម្គាល់​ថា ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅ​ខេត្ត​ភូមិភាគឥសាន្ត ភាគច្រើន​ គឺ​ពួកគាត់​ធ្វើដំណើរ​ទស្សនា​ជា​ខ្សែ ពោល​គឺ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ដូចជា​ខេត្ត​ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​សៀមរាប​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114