ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ទាមទារ​ជួប​អ្នកចោទ​ប្រកាន់​ក្នុងការ​ស៊ើបអង្កេត​ដាក់ពាក្យ​បណ្តឹង

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​ចង់​និង​សម​នឹង​ជួប​ជាមួយ​អ្នក​ទម្លាយ​ការសម្ងាត់​អនាមិក​ដែល​ស្ថិតនៅ​ចំ​កណ្តាល​នៃ​រឿងអាស្រូវ​ដ៏​ធំ​មួយ​ដែល​បាន​បង្ក​ឲ្យ​មានការ​ស៊ើបអង្កេត​ចោទប្រកាន់​ប្រឆាំងនឹង​រូបលោក​។​

យោងតាម​លិខិត​របស់​មេធាវី​ដែល​ចេញផ្សាយ​ដោយ​កាសែត CBS News បាន​ឲ្យ​ដឹងថា អ្នក​ទម្លាយ​ការសម្ងាត់​ដែល​អាច​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​សភា​ក្នុងពេល​ឆាប់ៗ​នេះ​កំពុងមាន​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ​ប្រសិនបើ​អត្តសញ្ញាណ​របស់​ពួកគេ​ត្រូវ​បានបង្ហាញ​។​

នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​ដ៏​ជ្រាលជ្រៅ​បំផុត​ក្នុង​តំណែង​ជា​ប្រធានាធិបតី​របស់លោក​, លោក Trump បាន​បង្ហោះ Twitter ជា​បន្តបន្ទាប់​ប្រឆាំងនឹង​ការចោទប្រកាន់​ដែលថា លោក​គួរតែ​ត្រូវបាន​ប្តឹង​ចោទប្រកាន់​ពីបទ​ជំរុញ​ឲ្យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ធ្វើការ​ស៊ើបអង្កេត​លើ​លោក Joe Biden ដែលជា​គូប្រជែង​ដ៏​មាន​សក្តានុពល​របស់លោក​សម្រាប់​តំណែង​សេត​វិមាន​ឆ្នាំ​២០២០​។​

លោក Trump បាន​និយាយថា “​ដូចជា​ជនជាតិ​អាមេរិក​ទាំងអស់​ដែរ ខ្ញុំ​សម​នឹង​ជួប​អ្នកចោទ​ប្រកាន់​របស់ខ្ញុំ​ជាពិសេស​នៅពេលដែល​អ្នកចោទ​ប្រកាន់​ឬ​គេ​ហៅថា​អ្នក​ទម្លាយ​ការសម្ងាត់​បាន​តំណាង​ឲ្យ​ការសន្ទនា​ដ៏​ល្អឥតខ្ចោះ​ជាមួយ​មេដឹកនាំ​បរទេស​តាមរបៀប​មិន​ត្រឹមត្រូវ​និង​ក្លែងបន្លំ​”​។​

ស្របពេល​ជាមួយគ្នា​នោះ លោក Trump បាន​ចោទប្រកាន់​សមាជិកសភា​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Adam Schiff ថា​បាន​កុហក​សភា​កាលពី​សប្តាហ៍​មុន​អំពី​អ្វីដែល​លោក Trump បាន​និយាយ​ទៅកាន់​លោក Zelensky តាម​ទូរស័ព្ទ​កាលពី​ខែកក្កដា​។​

លោក​បានសរសេរថា “​លោក Schiff បាន​សរសេរ​និង​អាន​រឿង​គួរ​ឲ្យ​ភ័យខ្លាច​បន្ទាប់មក​និយាយថា វា​ចេញពី​មាត់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ ខ្ញុំ​ចង់​ឲ្យ​លោក Schiff ត្រូវបាន​សាកសួរ​នៅ​កម្រិត​ខ្ពស់បំផុត​សម្រាប់​ការ​ក្លែងបន្លំ​និង​ការ​ក្បត់ជាតិ​”​។​

ផ្ទុយទៅវិញ ជំនួយការ​គណបក្ស​សាធារណរដ្ឋ​របស់លោក Trump បាន​ព្យាយាម​បង្វែរ​ការចោទប្រកាន់​ទៅ​អ្នកប្រជាធិបតេយ្យ​ដែល​ជំរុញ​ឲ្យ​មានការ​ប្តឹង​ចោទប្រកាន់​គាត់​ដោយបាន​អះអាងថា ប្រធានាធិបតី​គឺជា​អ្នក​ទម្លាយ​ការសម្ងាត់​ពិតប្រាកដ​នៅពេលដែល​គាត់​បាន​ស្នើសុំ​ឲ្យ​អ៊ុយ​ក្រែ​ន​ស៊ើបអង្កេត​លោក Biden និង​កូនប្រុស​របស់គាត់​ពីបទ​ពុករលួយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114