ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ទាមទារ​ឲ្យ​ទណ្ឌិត សម រង្ស៊ី បង្ហាញ​ភស្តុតាង ដែល​បញ្ជាក់​ថា​ សញ្ញាបត្រ​ពី​សា​លា West Point ផ្តល់ឲ្យ​និស្សិត​យោធា​បរទេស ក្លែងក្លាយ ឬ​ការទូត​

ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​បុត្រា​ច្បង​របស់ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទាមទារ​ឲ្យ​ទណ្ឌិត សម រង្ស៊ី បង្ហាញ​ភស្តុតាង ដែល​បញ្ជាក់ថា សញ្ញាបត្រ​ពីសា​លា West Point នៅ​សហរដ្ឋអាមេរិក ដែល​ផ្តល់ឲ្យ​និស្សិត​យោធា​បរទេស ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ជា​សញ្ញាបត្រ​ការទូត ហើយ​បើ​រក​ភស្តុតាង​មិនបាន​ទេ លោក​ស្នើ​ឲ្យ​ទណ្ឌិត សម រង្ស៊ី ឈប់​ពី​នយោបាយ​ជា​រៀងរហូត​។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​បែបនេះ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន កាលពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ និង ​បន្ទាប់ពី ​ទណ្ឌិត សម រង្ស៊ី បាន​និយាយ​ជា​សាធារណៈ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ​ឆ្នាំ​២០១៩ ថា សញ្ញាបត្រ​ដែល ​លោក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ពី​សាលា​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក West Point ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ជា​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ឲ្យ​និស្សិត​យោធា​បរទេស ដើម្បី​ជាការ​លើកទឹកចិត្ត​តែប៉ុណ្ណោះ។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សរសេរ​យ៉ាង​នេះ​ថា “​តើ​ លោក សម រង្ស៊ី ហ៊ាន​ភ្នាល់​គ្នា​ជា​មួយ​ខ្ញុំ ដើម្បី​ការពារ​សម្ដី​របស់​លោក​ទេ? ការ​ភ្នាល់​គ្នា​ជា​សាធារណៈ ជា​រឿង​មួយ​ដែល​ខ្ញុំ​មិនសូវ​ដែល​ចង់​ធ្វើ​ទេ ប៉ុន្តែ​ពេលខ្លះ​គ្មាន​ជម្រើស​ផ្សេង​ក្នុង​ការ​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់ខ្ញុំ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការវាយប្រហារ​ដោយ​គ្មាន​ហេតុផល​ពី​សំណាក់​បុគ្គល​មួយចំនួន​”។

តាម​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត “​កន្លងមក នៅ​ពេល​ជួប​ជជែក​គ្នា​ជាមួយ​កូន​របស់​ លោក សម រង្ស៊ី ខ្ញុំ​ធ្លាប់បាន​ប្រាប់​គាត់​ថា ឪពុក​របស់ខ្ញុំ ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ លោក​មិនដែល​ធ្វើការ​វាយប្រហារ​ទៅលើ​គ្រួសារ​របស់​គូបដិបក្ខ​ទេ ជាពិសេស​គឺ​ទៅលើ​កូនចៅ​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​។ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ទៅ​កូន​របស់គាត់​អោយជួយ​ប្រាប់​ទៅ​ឪពុក​របស់គាត់​ផង​ថា ក្នុង​នាម​ជា​អ្នកនយោបាយ​ចាស់ទុំ មិនគួរ​ធ្វើការ​វាយប្រហារ​ទៅលើ​ក្រុមគ្រួសារ​របស់​គូបដិបក្ខ​របស់ខ្លួន​ទេ​។ គួរ​មាន​ព្រំដែន​សីលធម៌ គុណធម៌​មួយ ក្នុង​ការធ្វើ​នយោបាយ ប៉ុន្តែ​ជាច្រើនលើក​ច្រើនសា​ហើយ​ដែល ​លោក សម រង្ស៊ី បើក​ការវាយប្រហារ មួលបង្កាច់​មកលើ​ក្រុម​គ្រួ​ស្រា​របស់ខ្ញុំ ដោយ​រួម​ទាំង​រូបខ្ញុំ និង​ប្អូនៗ​របស់ខ្ញុំ​។ ជាក់ស្តែង​ថ្ងៃនេះ​ខ្ញុំ​ក៏មាន​ការភ្ញាក់ផ្អើល​មួយ​នៅពេល ដែល​បានឃើញ​វីដេអូ ដែល​លោក សម រង្ស៊ី និយាយ​ជា​សាធារណៈ​ទៅកាន់​អ្នកគាំទ្រ​គាត់់​នៅ​សហរដ្ឋអាមេរិក (​កាលពី​ថ្ងៃទី​២៨ កញ្ញា ២០១៩) ដែល​ក្រៅពី​លើកតម្កើង​ប្រព័ន្ធ​អប់រំ​ស្រុក​បារាំង និង​ខ្លួន​គាត់ ដែល​បាន​សិក្សា​នៅ​ទីនោះ គាត់​ក៏បាន​វាយប្រហារ​មើលងាយ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា និង​ សម្តេច​តេ​ជោ​ផងដែរ​។ អ្វីដែល​ជាការ​ចាប់អារម្មណ៍​សម្រាប់​ខ្ញុំ គឺ​គាត់​ក៏បាន​ចោទ​ជា​សាធារណៈ​ថា សញ្ញាបត្រ​ដែល​ខ្ញុំ​បានទទួល​ពីសា​លា​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក West Point ជា​សញ្ញាបត្រ​ក្លែងក្លាយ ជា​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់ឲ្យ​និស្សិត​យោធា​បរទេស ដើម្បី​ជាការ​លើកទឹកចិត្ត​តែប៉ុណ្ណោះ ហើយ​និស្សិត​បរទេស​មិនបាច់​ខំរៀន​ក៏បាន​ចូល និង​បាន​ជាប់​ដោយ​ងាយ​ដែរ​”។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សរសេរ​ទៀត​ថា “​ចំពោះ​ លោក សម រង្សី ដែល​គាត់​បាន​តាំង​ខ្លួន​ជា​អ្នកចេះដឹង​ខ្ពស់ និង​មាន​សញ្ញាបត្រ​ពី​ស្រុក​បារាំង​នោះ ខ្ញុំ​គិតថា ការដែល​គាត់​ហ៊ាន​លើក​យក​មក​និយាយ​ជា​សាធារណៈ​ថា សញ្ញាបត្រ West Point របស់ខ្ញុំ​ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ជា​សញ្ញាបត្រ​ការទូត​នោះ គឺ​គាត់​ប្រាកដជា​បានធ្វើការ​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ មាន​ភស្តុតាង​រឹង​មាំ ដើម្បី​ការពារ​អំណះអំណាង​របស់​គាត់ ហើយនឹង​មិន​ខ្លា​ចនឹង​ការពារ​សម្ដី​របស់គាត់​នោះទេ​។

ហេតុដូច្នេះ ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ដែល​បាន​រង​ការវាយប្រហារ​ជា​សាធារណៈ​ពី​សំណាក់​លោក សម រង្ស៊ី បែបនេះ ប៉ុន្តែ​ត្រូវការ​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់ (​ក៏ដូចជា​របស់​និស្សិត​បរទេស​ផ្សេងទៀត ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា West Point ដែល​រួមមាន​អតីត​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន Fidel Ramos, អតីត​ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័ Anastasia Debayle, អតីត​ប្រធានាធិបតី​ប្រទេស​កូ​ស្តា​រី​កា Jose Maria Figures …​។​ល​។ និង​ដើម្បី​ការពារ​តម្លៃ​របស់​សាលា West Point ដែលជា​ស្ថាប័ន​អប់រំ​ជាន់ខ្ពស់​មួយ​របស់​សហរដ្ឋអាមេរិក ដែលមាន​ស្តង់ដារ​អប់រំ​តឹងរ៉ឹង ម៉ត់ចត់ និង​ស្មើ​ភាព គ្មាន​ការយោគយល់​ចំពោះ​និស្សិត​យោធា​បរទេស ឬ​អាមេរិកាំង​នោះ​ទេ​) ខ្ញុំ​សូម​អញ្ជើញ លោក សម រង្សី ភ្នាល់​គ្នា​បន្តិច ដើម្បី​ឲ្យ​ខ្ញុំ និង​លោក សម រង្ស៊ី មានឱកាស​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​រៀងៗ​ខ្លួន តាមរយៈ​ការការពារ​នូវ​ពាក្យសម្ដី ឬ​អំណះអំណាង ដែល​លោក សម រង្ស៊ី បាន​លើក​មក​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​”​។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ទី​១. បើសិនជា​សាលា​បណ្ឌិតសភាយោធា​សហ​រដ្ឋ​អាមេរិក West Point មានការ​ផ្ដល់​សញ្ញាបត្រ​ពីរ​ប្រភេទ​ដូច​ លោក សម រង្ស៊ី បាន​លើក​នោះ ជា​ពិសេស ​គឺ​សញ្ញាបត្រ​ប្រភេទ​២ ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ការទូត​ដែល​សាលា West Point ផ្តល់​ឲ្យ​និស្សិត​យោធា​បរទេស​នោះ ហើយ​បើ​ការ​បណ្ដុះបណ្ដាល​នៅ​សាលា West Point ពិតជា​មានការ​បែង​ចែក​ស្តង់ដារ​ខុសគ្នា​រវាង​និស្សិត​យោធា​បរទេស និង​អាមេរិក​មែន​នោះ ខ្ញុំ​នឹង​លាលែង​តួនាទី​ទាំង​អស់​របស់ខ្ញុំ​ក្នុង​កងកម្លាំងប្រដាប់អាវុធ ហើយ​ធ្វើជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត​។ ទី​២.ប៉ុន្តែ​បើ​លោក សម រង្ស៊ី មិនអាច​បង្ហាញ​ថា សាលា West Point មាន​សញ្ញាប័ត្រ​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ខុស​គ្នា ដោយ​មួយ​ប្រភេទ​មានតម្លៃ​ពិតប្រាកដ​សម្រាប់​ផ្ដល់​ដល់​និស្សិត យោធា​អាមេរិក និង​មួយ​ប្រភេទ​ទៀត​ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ដល់​និស្សិត​នាយទាហាន​បរទេស ហើយ​ការអប់រំ​បណ្ដុះបណ្ដាល​និស្សិត​យោធា​បរទេស និង​និស្សិត​យោធា​អាមេរិក​មាន​ស្តង់​ដារ​ខុសគ្នា​នៅ West Point នោះ ខ្ញុំ​សូមអោយ​លោក សម រង្ស៊ី លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​។

ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អះអាង​ថា “​លោក សម រង្ស៊ី ដែល​បាន​តាំង​ខ្លួន​ជា​អ្នកនយោបាយ​ជើងចាស់ និង​ជា​អ្នកចេះដឹង​ខ្ពស់​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង ប្រាកដជា​មិន​ខ្លាច​នឹង​ការ​ភ្នាល់​គ្នា​ទេ ដើម្បី​ការពារ​នូវ​អ្វី​ដែល​គាត់​ហ៊ាន​និយាយ​ជា​សាធារណៈ ព្រោះ​លោក រម រង្ស៊ី ពិតជា​ចង់​រក្សា​តម្លៃ​របស់​គាត់ ដើម្បី​ជា​គំរូ​ដល់​អ្នក​អ្នកគាំទ្រ​គាត់ ជាពិសេស​យុវជន​ជំនាន់​ក្រោយ ប៉ុន្តែ​បើសិនជា​លោក​សម រង្ស៊ី មិន​ហ៊ាន​ភ្នាល់ ឬ​មិន​អាច​បង្ហាញ​នូវ​ភស្តុតាង ដើម្បី​ការពារ​នូវ​អ្វី ដែល​គាត់​បាន​និយាយ​នោះទេ គាត់​នឹង​បង្ហាញ​ថា គាត់​ជា​អ្នកនយោបាយ​ម្នាក់ ដែល​ចាស់​តែ​អាយុ ចំណេះដឹង​ខ្ពស់​តែ​នៅ​លើ​ក្រដាស​សញ្ញាបត្រ និង​គ្មាន​ការទទួលខុសត្រូវ និង​គ្មាន​ភាពជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ​”។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ដែរ​ថា “​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួល​ខុស​ត្រូវ​ជាមួយនឹង​សម្តី​របស់ខ្ញុំ ដែល​បាន​និយាយ​ខាងលើ តើ​លោក សម រង្ស៊ី ហ៊ាន​ទេ ? តើ​គាត់​ហ៊ាន​ការពារ​នូវ​អ្វី​បាន​គាត់​បាន​និយាយ​ជា​សាធារណៈ​នោះទេ​? ផ្ញើ​ជូន​ លោក សម រង្ស៊ី ពី​សំណាក់​ក្មេង​ជំនាន់​ក្រោយ​ម្នាក់​…​ហើយ​ក្មេង​ម្នាក់​នេះ កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​សំណាក់​អ្នក​ចាស់​ទុំ​ម្នាក់​នោះ​….”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114