ព័ត៍មានទាន់​ហេតុការណ៏
Search

រមណីយដ្ឋាន​ទំនប់​គង្គា ​កន្លែង​មុជទឹក​លេង​កម្សាន្ត​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាង​៤​ម៉ឺន​នាក់​

កំពង់ឆ្នាំង​ ៖ កន្លែង​មុជទឹក​លេង​កម្សាន្ត​រមណីយដ្ឋាន​ទំនប់​គង្គា គឺជា​តំបន់​ទេសចរណ៍​នា​ទីជនបទ​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​គោក​ពួច ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ ខាងត្បូង​ទី​រួម​ខេត្តកំពង់ឆ្នាំង។ តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​ចម្រុះ ការពារ​សន្តិសុខ ឲ្យ​ដឹង​ថា ​៖​ រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយនេះ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទៅលេង​កម្សាន្ត​ជាង​៤​ម៉ឺន​នាក់។

រមណីយដ្ឋាន​ទេសចរណ៍​មួយ​នេះ​មាន​ប្រភពទឹក​ហូរ​មកពី​ស្ទឹង​ក្រាំង​ពន្លៃ ខេត្ត​កំពង់ស្ពឺ ធ្លាក់​មកលើ​ទំនប់​ស្ទឹង​គង្គា និង​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ទប់ទឹក​ស្តុក​ទុក​សម្រាប់​ស្រោចស្រព​ស្រូវ​រដូវប្រាំង ហើ យ​ចរន្តទឹក​ហូរ​តាម​ទ្វារ​ទំនប់​នេះ បាន​ក្លាយ​ជា​កន្លែង​មុជទឹក​លេង​កម្សាន្ត​របស់​អ្នក​ទេសចរណ៍ ដោយ​នៅ​សងខាង​មាត់​ស្ទឹង​គង្គា​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កសាង​សង់រោង​ស្លឹក​រាប់រយ​កន្លែង សម្រាប់​ឲ្យ​អង្គុយលេង​ហូបចុក​ចំណីអាហារ​បាន​ច្រើន​ពាន់​នាក់។

ប្រជាពលរដ្ឋ​ជា​អ្នកលក់ដូរ​ចំណីអាហារ​នៅក្នុង​រមណីយដ្ឋាន​ទំនប់​គង្គា​បានឲ្យ​ដឹងថា ​៖ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​លោក​មេឃុំ​តាំងក្រសាំង បាន​កោះហៅ​ប្រជាពលរដ្ឋ​ជា​អ្នកលក់ដូរ​ទៅ​ប្រជុំ​ណែនាំ​ឲ្យ​ធ្វើ​ការលក់ដូរ​ចំណីអាហារ កំណត់ឲ្យ​មាន​តារាង​តម្លៃ​មុខម្ហូប​ត្រឹមត្រូវ​សម្រាប់​ភ្ញៀវ មិនត្រូវ​លក់ដូរ​ឡើងថ្លៃ​តាម​ទំនើងចិត្ត​នោះ​ឡើយ​។ ជាក់ស្ដែង​មុខម្ហូប​ត្រី​សាច់​ធម្មតា លក់​ជូន​ភ្ញៀវ​តម្លៃ ចាន​តូច​២​ម៉ឺន​រៀល និង​៣​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​សម្រាប់​ចាន​ធំ។ ដោយឡែក​ការដាក់​ផ្ញើ​ម៉ូតូ​១​គ្រឿង​២​ពាន់​រៀល រថយន្ត​១​ម៉ឺន​រៀល តម្លៃ​រោង​មួយកន្លែង​២​ម៉ឺន​រៀល ថ្លៃ​កង់ឡាន​ស​ហែល​ទឹក​តូច​២​ពាន់​រៀល ធំ​៤​ពាន់​រៀល។

ជាក់ស្តែង​តម្លៃ​កំណត់​ខាងលើនេះ អ្នកលក់ដូរ​ភាគច្រើន​អនុវត្ត​បានល្អ ប៉ុន្តែ​មួយចំនួន​តូច​ក៏​មាន​ការ​លក់​ឡើង​ថ្លៃ​តាម​ទំនើងចិត្ត​ផងដែរ នៅពេល​មាន​ភ្ញៀវ​មកលេង​ច្រើន ​និង​លក់ដូរ​ដាច់​។ ដោយឡែក អ្នក​មកលេង​កម្សាន្ត​មួយចំនួន​ក៏បាន​រិះគន់​ផងដែរ​ថា ​៖ តម្លៃ​ផ្ញើ​ឡាន​មួយគ្រឿង​១​ម៉ឺន​រៀល គឺ​ថ្លៃ​ហួស​ហេតុ​ពេក​ហើយ ខណៈ​ដែល​កន្លែង​ទុកដាក់​ឡាន​ពុំមាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ​នោះ។ ហើយក៏​មានការ​រិះគន់​ផងដែរ​ចំពោះ​ប្រជា​ការពារ និង​សមត្ថកិច្ច​មួយចំនួន​ជា​អ្នករៀបចំ​សណ្ដាប់ធ្នាប់ និង​ការពារ​សន្តិសុខ នៅ​ទីនោះ​ដែល​អ្នក​ខ្លះ​មាន​កាយវិការ​ទ្រេតទ្រោត​ទោរទន់​ដោយ​ស្រវឹងស្រា ជា​ហេតុ​ពេល​បញ្ជា​ចរាចរណ៍​ក្នុងពេល​កកស្ទះ​ជះ​ក្លិន​ស្រា​ស្អុយ​ង៉ោង​ដល់​ភ្ញៀវ ដែល​ចំណុច​រិះគន់​ខាង​លើ​នេះ​គួរតែមាន​ការ​កែលំអ។

ដោយឡែក លោក​វរសេនីយ៍ឯក ខែម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស នៅ​ព្រឹក​ថ្ងៃទី​០១​តុលា នេះ​បានឲ្យ​ដឹងថា ​៖ តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​ចម្រុះ​ការពារ​គោលដៅ​ទំនប់​គង្គា​ឲ្យ​ដឹងថា រយៈពេល​៣​ថ្ងៃ​ចុងក្រោយ​ នៃ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នៅ​តំបន់​ទេសចរណ៍​ទំនប់​គង្គា មាន​ប្រជាពលរដ្ឋ​នៅ​ទីជិត​ឆ្ងាយ​មកលេង​កម្សាន្ត ចំនួន​៤​ម៉ឺន​៥០០​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​អន្តរជាតិ​១៧៥​ផងដែរ និង​មាន​ម៉ូតូ រថយន្ត រាប់ម៉ឺន​គ្រឿង។ ធ្វើឲ្យ​ពេល​ភ្ញៀវ​ចេញទៅ​វិញ​នៅតាម​ផ្លូវ​ចេញ​ទំនប់​នេះ មានការ​កកស្ទះ​ច រា​ចរណ៍​ជា​រៀងរាល់ថ្ងៃ​ផងដែរ ដែល​តម្រូវ​ឲ្យ​សមត្ថ​កិច្ច​ជួយ​សម្រួល​ធ្វើ​ចរាចរណ៍​ទើប​ធូរស្រាល​។

លោក​អធិការ​ស្រុក​បានបញ្ជាក់​ទៀតថា ​៖ ចំពោះ​កម្លាំង​ការពារ​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​វិញ គឺ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បានដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ នគរបាល យោធា កងរាជអាវុធហត្ថ និង​ប្រជា​ការពារ​មូលដ្ឋាន សរុប​មាន ចំនួន​៤០​នាក់ ជា​លទ្ធផល​គឺ​ការពារ​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​បានល្អ។ ក្នុងនោះ​ក៏មាន​បទល្មើស​តូចតាច២,៣​ករណី​កើតឡើង​ដែរ តែ​សមត្ថកិច្ច​បាន​បង្ក្រាប​ទាំង​អស់ គឺ​ពុំ​បង្ក​របួស​ស្នាម​ដល់​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​តំបន់​នោះឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114