ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រាសាទ​បន្ទាយឆ្មារ ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជិត​ពីរ​ម៉ឺន​នាក់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

បន្ទាយមានជ័យ​ ៖ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិប្រមាណ​ជា​ពីរ​ម៉ឺន​នាក់ ​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ បាន​ដើរ​កម្សាន្ត​លេង​លើ​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​ដែល​កសាង​អំពី​ឈើ ភ្ជាប់​ពី​ប្រាសាទ​បន្ទាយឆ្មារ ទៅ​ប្រាសាទ​មេបុណ្យ​ ដែល​ទើបតែ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ថ្មីៗ​នេះ ​ពី​សំណាក់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹមយ៉ាន​ និង​ លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ​ គឹមយ៉ាន ​ជា​អ្នក​ផ្តួច​ផ្តើម​កសាង​ទទួលបាន​ការទាក់ទាញ​ និង​ចាប់អារម្មណ៍​យ៉ាង​ច្រើន​កុះករ។

ស្ពាន​នេះ​ស្ថិតនៅ​ក្នុងភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ មាន​ប្រវែង​បួន​រយ​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​គគីរ​ជាការ​គំនិត​ផ្ដួចផ្ដើម ​និង​ចំណាយធនធាន​របស់​លោក​ជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ដោយ​ទើបតែ​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា​ ឆ្នាំ​២០១៩​។​

លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​បាន​ឲ្យ​ដឹងថា ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​កន្លងទៅ​ថ្មីៗ​នេះ ​ស្រុក​ថ្មពួក​ទទួលបាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជា​ជិត២ម៉ឺន​នាក់​ ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ គឺមាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ពី​ឆ្នាំ​កន្លងទៅ។ លោក​បន្តថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​មក​កម្សាន្ត​លេង​នៅតាម​រមណីយដ្ឋាន​នានា​នៅក្នុង​ស្រុក​ថ្មពួក​ គឺ ​ដោយសារ​តែមាន​ការរៀប​ចំ​របស់លោក​ជំទាវ​ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹមយ៉ាន ​បាន​កសាង​ស្ពាន​បារាយណ៍​មេបុណ្យ​ដែលមាន​ប្រវែង​ចំនួន ៨០០ម៉ែត្រ​ ទទឹង២ម៉ែត្រ​ ត​ភ្ជាប់​ពី​ប្រាសាទ​បន្ទាយឆ្មារ ​ឆ្ពោះ​ទៅ​ប្រាសាទ​មេបុណ្យ​ និង​ម្យ៉ាង​ទៀត​ គឺ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក ​ក៏ដូចជា​ពលរដ្ឋ​ក្នុង​ខេត្ត​ និង​តាម​បណ្ដា​ខេត្ត​នៅជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ ​បាននាំគ្នា​មក​ទស្សនា​លេង​ស្ពាន​នេះ​តែម្ដង។

សម្រាប់​ស្រុក​ថ្មពួក​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​គឺមាន​គោលដៅ​ទេសចរណ៍​ចំនួន​៣ ដែល​ពលរដ្ឋ​បាន​ទៅ​កម្សាន្ត​ទី១-គឺ​ប្រាសាទ​បន្ទាយឆ្មារ ទី​២-គឺ​ស្ពាន​ភ្ជាប់​និស្ស័យ​មេបុណ្យ​ និង​ ទី៣-អាង​ជើង​គ្រុស​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បានមក​លេង​កម្សាន្ត​នៅតាម​ស្ពាន​នៅ​តាម​ប្រាសាទ​ រួចហើយ​ទៅលេង​ទឹក​នៅ​អាង​ជើងគ្រុស​តែម្ដង។

ក្រៅពី​គោលដៅ​ទេសចរណ៍​ទាំងបី​ខាងលើ ​គឺ​នៅមាន ភ្នំ​តំបន់​ទេសចរណ៍ ​ភ្នំ​ព្រះ​ ដែលជា​ការរៀបចំ​របស់​លោកជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ​ ផងដែរ។

ក្នុង​រយៈពេល​៣ថ្ងៃនេះ ​គឺ​អាជ្ញាធរ​ក្រោម​ការណែនាំ​របស់​អាជ្ញាធ​រ​ខេត្តបន្ទាយមានជ័យ ​ក្នុងនាម​លោក​ជា​អភិបាលស្រុក ​បាន​រៀបចំ​ការពារ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ដោយមាន​កម្លាំង​ប្រជា​ការពារ​ភូមិ​អាជ្ញាធរ​សមត្ថកិច្ច​នគ​របាល​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​រៀបចំ​តាម​ទី​កម្សាន្ត​នានា​ទទួល​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​ល្អ​ មិនមាន​ករណី​ដែល​គួរ​ឲ្យ​កត់​សំគាល់​កើតឡើង​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114