ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត​ថា សម រង្សី មិន​ហ៊ាន​ចេញមុខ​ការពារ​នូវ​អ្វីដែល​ខ្លួន​លោក​បាន​និយាយ បញ្ជាក់​ពី​កម្រិត ​នៃ​ភាព​ក្លាហាន​

​ភ្នំពេញ​ ៖ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​បុត្រា​ច្បង​របស់ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អះអាងថា ទណ្ឌិត សម រង្សី មិន​ហ៊ាន​ចេញមុខ​ការពារ​នូវ​អ្វីដែល​ខ្លួន​លោក​បាន​និយាយ ដូច្នេះ​បញ្ជាក់​ពី​ក​ម្រិត ​នៃ​ភាពក្លាហាន​របស់ ទណ្ឌិត សម រង្សី ក្នុង​ការ​ការពារ​ពាក្យ​សម្ដី​របស់​ខ្លួន។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​បែបនេះ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ និង ​បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី បាន​ប្រកាស​មិន​ហ៊ាន​ភ្នាល់ ដោយ​យក​លេស​ផ្សេងៗ។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អះអាងថា កាលពី​ម្សិលមិញ លោក​បាន​ចោទសួរ​ទៅ​លោក សម រង្ស៊ី ថា​ តើ​លោក​ហ៊ាន ឬ​មិន​ហ៊ាន​ភ្នាល់​ជាមួយ​លោក​ដែរ ឬទេ ដើម្បី​ការពារ​ពាក្យសម្ដី​ដែល​លោក​បាន​និយាយ​ជា​សាធារណៈ​ទាក់ទង​រឿង​សញ្ញាបត្រ West Point ហើយ​លោក​បាន​គុណ​លោក សម រង្ស៊ី ដែល​បានផ្តល់​ចម្លើយ​ដែល​បញ្ជាក់​ពី​កម្រិត​ នៃ​ភាពក្លាហាន​របស់​លោក​ក្នុង​ការ​ការពារ​ពាក្យសម្ដី​របស់​ខ្លួន​។

លោក​ឧត្ដមសេនីយ៍​​បញ្ជាក់​យ៉ាងនេះ​ថា “​លោក សម រង្សី បាន​ឆ្លើយថា មិនចាំបាច់​ភ្នាល់​ទេ គឺ​មាន​ន័យ​ស្មើនឹង ​លោក សម រង្ស៊ី មិន​ហ៊ាន​ភ្នាល់ !!! ពោលគឺ​មិន​ហ៊ាន​ចេញមុខ​ការពារ​នូវ​អ្វីដែល​ខ្លួន​លោក​បាន​និយាយ​នោះទេ​។ ការ​និយាយថា មិនចាំបាច់​ភ្នាល់ ឬ​ការព្យាយាម​បង្វែរ​ប្រធានបទ​ពី​ការ​ការពារ​អំណះអំណាង​របស់លោក​ចេញពី​ប្រធានបទ​សញ្ញាបត្រ​នៅ​សាលា West Point ទៅជា​ប្រធាន​បទ​ផ្សេង អ្នកណា​ក៏​អាច​យល់បាន​ថា ជា​វិធីសាស្ត្រ​ដកថយ ដែល​សូម្បីតែ​ក្មេង​ក៏​អាច​យល់​បាន​ដោយ​ងាយ​ដែរ​។ ខ្ញុំ​សុំ​មិន​និយាយ​ទៀត​ទេ ដោយ​ខ្ញុំ​មាន​កិច្ចការ​ច្រើន​ទៀត ដែល​ត្រូវ​ធ្វើ ដូច្នេះ​មិន​មាន​ពេល​កំដរ​លោក សម រង្ស៊ី ឆ្លើយឆ្លង​រឿង​អ្វី ដែល​លោក​និយាយ​ហើយ​មិន​ហ៊ាន​ការពារ​នោះ​ទៀត​ទេ​។​ សូម​ទុក​ជូន​មហាជន​លោក​វិនិច្ឆ័យ​ចុះ​”។

សូមបញ្ជាក់ថា លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​បុត្រា​ច្បង​របស់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទាមទារ​ឲ្យ​ទណ្ឌិត សម រង្ស៊ី បង្ហាញ​ភស្តុតាង ដែល​បញ្ជាក់ថា សញ្ញាបត្រ​ពីសា​លា West Point នៅ​សហរដ្ឋអាមេរិក ដែល​ផ្តល់ឲ្យ​និស្សិត​យោធា​បរទេស ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ជា​សញ្ញាបត្រ​ការទូត ហើយ​បើ​រក​ភស្តុតាង​មិនបាន​ទេ លោក​ស្នើ​ឲ្យ​ទណ្ឌិត សម រង្ស៊ី ឈប់​ពី​នយោបាយ​ជា​រៀងរហូត ប៉ុន្តែ​ទណ្ឌិត សម រង្ស៊ី បានបញ្ជាក់​នៅ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា …​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ត្រូវ​បង្ហាញ​តាមរយៈ​ស្នាដៃ​ជាក់ស្ដែង និង​ស្មារតី​ទទួលខុសត្រូវ មិនចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​ថា “​តើ​លោក សម រង្ស៊ី ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​ខ្ញុំ ដើម្បី​ការពារ​សម្តី​របស់លោក​ទេ​? ការ​ភ្នាល់​គ្នា​ជា​សាធារណៈ ជា​រឿង​មួយ​ដែល​ខ្ញុំ​មិនសូវ​ដែល​ចង់​ធ្វើ​ទេ ប៉ុន្តែ​ពេលខ្លះ​គ្មាន​ជម្រើស​ផ្សេង​ក្នុង​ការការពារ​កិត្តិយស​ និង​សេចក្ដីថ្លៃថ្នូរ​របស់ខ្ញុំ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវាយប្រហារ​ដោយ​គ្មាន​ហេតុផល​ពី​សំណាក់​បុគ្គល​មួយចំនួន​”។

តាម​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត “​កន្លងមក នៅពេល​ជួប​ជជែក​គ្នា​ជាមួយ​កូន​របស់លោក សម រង្ស៊ី ខ្ញុំ​ធ្លាប់បាន​ប្រាប់​គាត់​ថា ឪពុក​របស់ខ្ញុំ ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ លោក​មិនដែល​ធ្វើការ​វាយប្រហារ​ទៅលើ​គ្រួសារ​របស់​គូបដិបក្ខ​ទេ ជាពិសេស ​គឺ​ទៅលើ​កូនចៅ​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​។ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ទៅ​កូន​របស់គាត់​ឲ្យ​ជួយ​ប្រាប់​ទៅ​ឪពុក​របស់គាត់​ផង​ថា ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ មិនគួរ​ធ្វើការ​វាយប្រហារ​ទៅលើ​ក្រុមគ្រួសារ​របស់​គូបដិបក្ខ​របស់ខ្លួន​ទេ​។
គួរ​មាន​ព្រំដែន​សីលធម៌ គុណធម៌​មួយ ក្នុង​ការធ្វើ​នយោបាយ ប៉ុន្តែ​ជា​ច្រើនលើកច្រើនសា​ហើយ​ដែល​លោក សម រង្ស៊ី បើក​ការវាយប្រហារ មួលបង្កាច់​មកលើ​ក្រុម​គ្រួ​ស្រា​របស់ខ្ញុំ ដោយ​រួមទាំង​រូបខ្ញុំ និង​ប្អូនៗ​របស់ខ្ញុំ​។

ជាក់ស្ដែង​ថ្ងៃនេះ ​ខ្ញុំ​ក៏មាន​ការភ្ញាក់ផ្អើល​មួយ​នៅពេល ដែល​បានឃើញ​វីដេអូ ដែល​ លោក សម រង្ស៊ី និយាយ​ជា​សាធារណៈ​ទៅកាន់​អ្នកគាំទ្រ​គាត់​នៅ​សហរដ្ឋអាមេរិក (​កាលពី​ថ្ងៃទី​២៨ កញ្ញា ២០១៩) ដែល​ក្រៅពី​លើកតម្កើង​ប្រព័ន្ធ​អប់រំ​ស្រុក​បារាំង និង​ខ្លួន​គាត់ ដែល​បាន​សិក្សា​នៅ​ទីនោះ គាត់​ក៏បាន​វាយប្រហារ​មើលងាយ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា និង ​សម្ដេច​តេ​ជោ​ ផង​ដែរ​។ អ្វីដែល​ជាការ​ចាប់​អារម្មណ៍​សម្រាប់​ខ្ញុំ គឺ​គាត់​ក៏បាន​ចោទ​ជា​សាធារណៈ​ថា សញ្ញាបត្រ​ដែល​ខ្ញុំ​បានទទួល​ពីសា​លា​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក West Point ជា​សញ្ញាបត្រ​ក្លែងក្លាយ ជា​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ឲ្យ​និស្សិត​យោធា​បរទេស ដើម្បី​ជាការ​លើកទឹកចិត្ត​តែប៉ុណ្ណោះ ហើយ​និស្សិត​បរទេស​មិន​បាច់​ខំរៀន​ក៏បាន​ចូល និង​បាន​ជាប់​ដោយ​ងាយ​ដែរ​”។
លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សរសេរ​ទៀតថា “​ចំពោះ​លោក សម រង្សី ដែល​គាត់​បាន​តាំង​ខ្លួន​ជា​អ្នកចេះដឹង​ខ្ពស់ និង​មាន​សញ្ញាបត្រ​ពី​ស្រុក​បារាំង​នោះ ខ្ញុំ​គិតថា ការដែល​គាត់​ហ៊ាន​លើក​យកមក​និយាយ​ជា​សាធារណៈ​ថា សញ្ញាបត្រ West Point របស់ខ្ញុំ​ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ជា​សញ្ញាបត្រ​ការទូត​នោះ គឺ​គាត់​ប្រាកដជា​បានធ្វើការ​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ មាន​ភស្តុតាង​រឹង​មាំ ដើម្បី​ការពារ​អំណះអំណាង​របស់គាត់ ហើយនឹង​មិន​ខ្លា​ចនឹង​ការពារ​សម្តី​របស់គាត់​នោះទេ​។

ហេតុដូច្នេះ ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ដែល​បាន​រង​ការវាយប្រហារ​ជា​សាធារណៈ​ពី​សំណាក់​លោក សម រង្ស៊ី បែបនេះ ប៉ុន្តែ​ត្រូវការ​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់ខ្លួន​ខ្ញុំ​ផ្ទាល់ (​ក៏ដូចជា​របស់​និស្សិត​បរទេស​ផ្សេងទៀត ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា West Point ដែល​រួមមាន​អតីត​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន Fidel Ramos, អតីត​ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័ Anastasia Debayle, អតីត​ប្រធានាធិបតី​ប្រទេស​កូ​ស្តា​រី​កា Jose Maria Figures …​។​ល​។ និង​ដើម្បី​ការពារ​តម្លៃ​របស់​សាលា West Point ដែលជា​ស្ថាប័ន​អប់រំ​ជាន់ខ្ពស់​មួយ​របស់​សហរដ្ឋអាមេរិក ដែលមាន​ស្តង់ដារ​អប់រំ​តឹងរ៉ឹង ម៉ត់ចត់ និង​ស្មើ​ភាព គ្មាន​ការយោគយល់​ចំពោះ​និស្សិត​យោធា​បរទេស ឬ​អាមេរិកាំង​នោះ​ទេ​) ខ្ញុំ​សូម​អញ្ជើញលោក សម រង្សី ភ្នាល់​គ្នា​បន្តិច ដើម្បី​ឲ្យ​ខ្ញុំ និង​លោក សម រង្ស៊ី មានឱកាស​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​រៀងៗ​ខ្លួន តាមរយៈ​ការការពារ​នូវ​ពាក្យសម្តី ឬ​អំណះអំណាង ដែល​លោក សម រង្ស៊ី បាន​លើក​មក​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​”​។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ទី​១. បើសិនជា​សាលា​បណ្ឌិត​សភា​យោធា​សហរដ្ឋ​អាមេរិក West Point មានការ​ផ្ដល់​សញ្ញាបត្រ​ពីរ​ប្រភេទ​ដូច​ លោក សម រង្ស៊ី បាន​លើក​នោះ ជាពិសេស​គឺ​សញ្ញាបត្រ​ប្រភេទ​២ ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ការទូត​ដែល​សាលា West Point ផ្តល់​ឲ្យ​និស្សិត​យោធា​បរទេស​នោះ ហើយ​បើ​ការបណ្ដុះបណ្ដាល​នៅ​សាលា West Point ពិតជា​មាន​ការ​បែងចែក​ស្តង់ដារ​ខុសគ្នា​រវាង​និស្សិត​យោធា​បរទេស និង​អាមេរិក​មែន​នោះ ខ្ញុំ​នឹង​លាលែង​តួនាទី​ទាំងអស់​របស់ខ្ញុំ​ក្នុង​កងកម្លាំងប្រដាប់អាវុធ ហើយ​ធ្វើជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត​។ ទី​២. ប៉ុន្តែ​បើ​លោក សម រង្ស៊ី មិនអាច​បង្ហាញថា សាលា West Point មាន​សញ្ញាប័ត្រ​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ខុស​គ្នា ដោយ​មួយ​ប្រភេទ​មានតម្លៃ​ពិតប្រាកដ​សម្រាប់​ផ្ដល់​ដល់​និស្សិត យោធា​អាមេរិក និង​មួយ​ប្រភេទ​ទៀត​ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ដល់​និស្សិត​នាយទាហាន​បរទេស ហើយ​ការអប់រំ​បណ្ដុះបណ្ដាល​និស្សិត​យោធា​បរទេស និង​និស្សិត​យោធា​អាមេរិក​មាន​ស្តង់​ដារ​ខុសគ្នា​នៅ West Point នោះ ខ្ញុំ​សូមឲ្យ​លោក សម រង្ស៊ី លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​។​
​ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អះអាងថា “​លោក សម រង្ស៊ី ដែល​បាន​តាំងខ្លួន​ជា​អ្នកនយោបាយ​ជើងចាស់ និង​ជា​អ្នកចេះដឹង​ខ្ពស់​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង ប្រាកដជា​មិន​ខ្លាច នឹង​ការ​ភ្នាល់​គ្នា​ទេ ដើម្បី​ការពារ​នូវ​អ្វីដែល​គាត់​ហ៊ាន​និយាយ​ជា​សា​ធារណៈ ព្រោះ​លោក រម រង្ស៊ី ពិតជា​ចង់​រក្សា​តម្លៃ​របស់គាត់ ដើម្បី​ជា​គំរូ​ដល់​អ្នក​អ្នកគាំទ្រ​គាត់ ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ ប៉ុន្តែ​បើសិនជា​លោក​សម រង្ស៊ី មិន​ហ៊ាន​ភ្នាល់ ឬ​មិនអាច​បង្ហាញ​នូវ​ភស្តុតាង ដើម្បី​ការពារ​នូវ​អ្វី ដែល​គាត់​បាន​និយាយ​នោះទេ គាត់​នឹង​បង្ហាញថា គាត់​ជា​អ្នក​នយោ​បាយ​ម្នាក់ ដែល​ចាស់​តែ​អាយុ ចំណេះដឹង​ខ្ពស់​តែ​នៅលើ​ក្រដាស​សញ្ញាបត្រ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​គ្មាន​ភាពជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ​”។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ដែរថា “​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួល​ខុស​ត្រូវ​ជាមួយនឹង​សម្តី​របស់ខ្ញុំ ដែល​បាន​និយាយ​ខាងលើ តើ​លោក សម រង្ស៊ី ហ៊ាន​ទេ ? តើ​គាត់​ហ៊ាន​ការពារ​នូវ​អ្វី​បាន​គាត់​បាន​និយាយ​ជា​សាធារណៈ​នោះទេ​? ផ្ញើ​ជូន​លោក សម រង្ស៊ី ពី​សំណាក់​ក្មេងជំនាន់ក្រោយ​ម្នាក់​…​ហើយ​ក្មេង​ម្នាក់នេះ កំពុង​រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សំណាក់​អ្នក​ចាស់​ទុំ​ម្នាក់​នោះ​….”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114