ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ​ អាជីវករ​លក់​មាន់​ទា សប្បាយ​កើប​លុយ​មិន​តិច​ជាង​រាប់​ម៉ឺន​ដុល្លារ

ភ្នំ​ពេ​ញ ៖ បើ​តាម​ការ​អះអាង​ពី​បងប្អូន​អាជីវករ​លក់​មាន់​និង​ទា​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ​អ្នក​ប្រកប​របរ​លក់​មាន់​ទា​សប្បាយ​និង​កើប​លុយ​ខ្លាំងណាស់​។

តាម​ការ​រៀបរាប់​ពី​បងប្រុស​គង់ ស៊ីធួន ជា​អាជីវករ​លក់​មាន់​ទា​ ហើយ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដើម​ស្លែង​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​តាំង​ពីថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១​ រហូតដល់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ធំ ​គឺ​អ្នក​ប្រកប​របរ​លក់​មាន់​និង​ទា​សឹង​ដឹក​យក​មក​លក់​មិនទាន់​ព្រោះ​ឆ្នាំនេះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ គេ​នាំគ្នា​សម្រុក​ទិញ​មាន់​ទាយក​ទៅ​ធ្វើ​ម្ហូប​សែន​និង​ធ្វើជា​ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ជាដើម​។

បងប្រុស​បន្ត​ថា ​សត្វ​មាន់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​នោះ ​គឺ​មាន​ស្រែ​ដែល​ប្រជាពលរដ្ឋ​លោក​ចិញ្ចឹម​តាម​ផ្ទះ​ដែល​ក្នុង​មួយ​គីឡូក្រាម​ទិញ​ចូល​តម្លៃ​១៩០០០​រៀល​ហើយ​លក់​ចេញថ្លៃ​២៥០០០​រៀល​ឯណោះ​។​ ដោយឡែក​មាន់​ចិញ្ចឹម​ គឺ​ក្នុង​មួយ​គីឡូក្រាម​លក់​ចេញថ្លៃ​១៤០០០​រៀល​។

អាជីវករ​រូប​នេះ​បន្ត​ថា ​ទីតាំង​សត្វ​ឃាត​របស់​បងប្រុស​តុង ភឿន​វិញ ​គឺ​ក្នុង​មួយថ្ងៃ​គាត់​ទិញ​ចូល​សត្វ​មាន់​និង​ទា​រស់​ហើយ​ធ្វើ​ឲ្យ​ស្អាត​បោះ​ឲ្យ​ម៉ូយ​គឺ​ក្នុង​មួយថ្ងៃ​មិន​តិច​ជា​៥​តោន​ឡើយ​។

បើ​យោង​តាម​ប្រសាសន៍​លោក​សាន់ ប៊ុន​ណា ប្រធាន​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១ ​ខែតុលា​នេះ​ថា​ នៅ​ផ្សារ​របស់​លោក​គឺ​បងប្អូន​អាជីវករ​លក់​សាច់​មាន់​និង​ទា​ពួកគាត់​សប្បាយ​និង​កើប​លុយ​ខ្លាំង​ណាស់ ​ព្រោះ​ម្នាក់ៗ​សំដៅ​រកតែ​មាន់​និង​ទាយក​ទៅធ្វើ​ម្ហូប​សែន​។ ​ហើយ​ឆ្នាំនេះ​ទៀត​គឺ​បងប្អូន​អាជីវករ​លក់ដូរ​សឹង​គ្រប់​ផ្សារ​សប្បាយចិត្ត​ ព្រោះ​លក់ដូរ​ដាច់​ខុស​ប្លែក​ពី​ឆ្នាំមុនៗ​។

ម្យ៉ាងទៀត​ បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ សម្បូរ​អ្នក​ទៅ​ធ្វើ​បុណ្យ​សឹង​គ្រប់​ផ្ទះ​ទៀត​ផង​។ ​ហើយ​នេះ​ក៏​ដោយសារ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​យើង​ធូរធារ​ផង​ដែរ​៕
នរា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114