ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្តរ​ជាតិ​ជាង​១​ពាន់​នាក់ នៅ​កោះ​ពេជ្រ

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ នៅវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃ​ទី​០២​ ខែ​តុលា​ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចែក​វិញ្ញាបនបត្រ ​និង ​សញ្ញាបត្រ​ ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ ​និង​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​សរុប​១,១៨៣​នាក់​ ក្នុងនោះ​នារី​៦៣៥ នាក់ ​នៃ​សាកលវិទ្យាល័យ​បែ​ល​ធី​អន្តរជាតិ ​និង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​ «​ហ៊ុន សែន ​កម្ពុជា​» ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។

លោក​ លី ឆេង សកលវិទ្យាធិការ​សាកលវិទ្យាល័យ​«​ប៊ែ​ល​ធី អន្តរជាតិ​» បាន​ឲ្យ​ដឹង​ថា ​និស្សិត​ជ័យ​លាភី​នេះ ​មានឱកាស​ទទួល​បាន​ការងារ​ធ្វើ​ប្រមាណ​៩៦.៥៣​ភាគរយ។ គិត​មកដល់​ឆ្នាំ​សិក្សា ២០១៨-២០១៩ សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ​ និង ​និស្សិត​បានបញ្ចប់​ការសិក្សា​សរុប​ចំនួន ១,៩១៨​នាក់ ក្នុងនោះ​នារី​៩៤៩​នាក់។

បើតាម ​លោក លី ឆេង នៅពេល​បច្ចុប្បន្ននេះ​ សាកលវិទ្យាល័យ​«​ប៊ែ​ល​ធី អន្តរជាតិ​»​ មាន​២​ទីតាំង​ក្នុងនោះ​ទីតាំង​ទី​១-​ស្ថិតនៅ​ទួលស្លែង​ កំពុង​ដំណើរការ និង ​ទី​តាំងទី​២-​រង្វង់​មូល​ចោមចៅ​ កំពុង​សាង​សង់ ​ដោយមាន​បុគ្គលិក​ និង​សាស្ត្រាចារ្យ​ កំពុង​បម្រើការ​ចំនួន​១១៤​នាក់ នារី២៤​នាក់ និង​និស្សិត​កំពុង​សិក្សា​ចំនួន​១,៥៨០​នាក់ នារី​៧៥៣​នាក់។

ក្រៅពី​ការចែក​វិញ្ញាបនបត្រ​ និង​សញ្ញាបត្រ​ ក៏មាន​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ ​«​ហ៊ុនសែន​កម្ពុជា​» ផងដែរ​។ បើតាម​លោក លី ឆេង សៀវភៅ​«​ហ៊ុន សែន​កម្ពុជា​» ត្រូវ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​និពន្ធ​កាលពី​ខែសីហា ​ឆ្នាំ​២០១៥​ ហើយ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៩។ សៀវភៅ​នេះ​ រៀប​រៀង​ឡើង ​ក្នុង​គោលបំណង​ចងក្រង​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​ និង​គោល​នយោ​បាយ​បង្រួបបង្រួម​ជាតិ ​និង​ អភិវឌ្ឍន៍​ប្រទេស​ពី​គំនរ​បាក់បែក​ដោយសារ​សង្គ្រាម​ និង​ការបំផ្លាញ​ខ្ទេច​ខ្ទី​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​ ជាពិសេស​ប្រមូល​ចងក្រង​នូវ​អនុសាសន៍​ប្រកបដោយ​គតិ​បណ្ឌិត​របស់ ​សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​ ដើម្បី​ទុកជា​ឯកសារ​ដ៏​មានតម្លៃ​បំផុត​ជូន​ដល់​សិស្ស​-​និស្សិត​ និង​ អ្នកសិក្សា​គ្រប់​មជ្ឈដ្ឋាន​ ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ពិស្ដារ ​និង​ការ​តស៊ូ​របស់​ថ្នាក់​ដឹកនាំ​ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ និង​ហ៊ាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ និង​ប្រជាជន ហើយ​បន្ត​ការពារ កសាង ស្វែងរក​សុខសន្តិភាព​ និង ​អភិវឌ្ឍន៍​ជូន​ប្រទេសជាតិ រហូតមកដល់​បច្ចុ​ប្បន្ន៕
         



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114