ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​បេតុង​ខាងក្រោយ​វត្ត​ទួល​សន្តិ​វ័ន ដែល​ទើប​ស្ថាបនា ​អាច​នឹង​ឆាប់​ខូច​ទៅវិញ ​ប្រសិន​មាន​ទឹក​ដក់​ជា​ប្រចាំ​បែបនេះ

ភ្នំពេញ ៖ បន្ទាប់ពី​ទទួល​បាន​ការ​សំណូម​ពី​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការផ្សាយ​ទូរទស្សន៍ កាសែត អំពី​បញ្ហា​ផ្លូវ​ខូច ដោយសារតែ​រថយន្ត​ធុន​ធំ​ជា​អ្នក​បំផ្លាញ ឥឡូវ​រហូតមកដល់​ពេលនេះ​បញ្ហា​ផ្លូវ​ខូច​នោះ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ស្ថាបនា​ជា​ផ្លូវ​បេតុង​រួចរាល់​ជា​ស្ថាពរ​ហើយ។

បើទោះបី​ទទួលបាន​ផ្លូវ​បេតុង​ស្អាត​បែបនេះហើយ​ក្តី បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ក៏​នៅ​មានការ​ព្រួយបារម្ភ​អំពី​ការ​ខូច​ផ្លូវ​ទៅវិញ ដោយសារតែ​មាន​ទឹក​ដក់​ជាប់​ជាប្រចាំ ពីព្រោះ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ហើយ​ម្យ៉ាងទៀត​ទឹក គឺជា​សត្រូវ​ខ្លាំង​បំផុត​ជាមួយនឹង​ផ្លូវ​ថ្នល់។

ពលរដ្ឋ​ប្រាប់​ឲ្យ​កាសែត​កម្ពុ​ជាថ្មី ដឹងថា ផ្លូវ​ដែល​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ស្ថាបនា​ជា​ផ្លូវ​បេតុង​នេះ គឺ​ស្ថិតនៅ​ខាងក្រោយ​វត្ត ទួល​សន្តិ​វ័ន ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ ប្រវែង​២៧០​ម៉ែត្រ ទំហំ​៨​ម៉ែត្រ កម្រាស់​២​តឹក ឆ្អឹង​ដែក គឺជា​គម្រោង​ស្ថាបនា​របស់​សាលា​រាជធានី​ភ្នំពេញ។

ដោយ​ឃើញ​ផ្លូវ​បេតុង​ស្អាត​បែបនេះ ពលរដ្ឋ​រស់នៅ​ទីនោះ ក៏បាន​សំណូមពរ​បន្ថែម​នូវ​ប្រព័ន្ធ​លូបង្ហូរ​ទឹក ដោយសារតែ​តំបន់​ដែល​ពួកគាត់​រស់នៅ​រាប់​ឆ្នាំ​មកហើយ​មិនទាន់មាន​ប្រព័ន្ធ​លូ​ប្រើប្រាស់​នៅ​ឡើយ​នោះទេ។

យោងតាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ផ្លូវ​នេះ​ពី​ដើមឡើយ គឺ​ជា​ផ្លូវដី​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ​លំបាក​ខ្លាំង​ណាស់ ទឹក​លិច​ផង រអិល​ផង ប៉ុន្តែ​ក្រោយមក​ត្រូវ​អាជ្ញាធរ​ស្ថាបនា​ជា​បេតុង។ នៅពេល​ឃើញបែបនេះ ពួកគាត់​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​ទើប​តែ​ស្ថាបនា​បាន​រយៈពេល​ប្រហែល​៤​ទៅ​៥​ឆ្នាំ ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ គ្រប់​ប្រភេទ ជាពិសេស​រថយន្ត​ដឹក​ថ្ម ដឹក​ខ្សាច់ ដើម្បី​យកទៅ​សាងសង់ បុរី លឹម ឈាង​ហាក់ នៅ​ខាងកើត​វត្ត ទួល​សន្តិ​វ័ន រយៈពេល​រាប់​ខែ ទើប​ធ្វើឲ្យ​ផ្លូវ​១​ខ្សែ​នេះ ចេះតែ​ខូច​ខ្លាំង​ទៅៗ​បែបនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114