ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះករុណា ព្រះមហាក្សត្រ កោត​សរសើរ រដ្ឋសភា រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ក្នុងឱកាស​បើក​បវេសនកាល​រដ្ឋសភា ដែល​ប្រារព្ធ​ឡើង​ក្នុង​សម័យប្រជុំ រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៩​នេះ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជសារ​ចូលរួម​អបអរសាទរ និង​កោតសរសើរ រដ្ឋសភា រាជរដ្ឋាភិបាល ដែល​បាន​ខិត​ខំ​យកចិត្តទុកដាក់​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ។

តាម​ខ្លឹមសារ​ព្រះ​សារ​ផ្ញើជូន​ក្នុងឱកាស​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិ​កាល​ទី​៦ មាន​ខ្លឹមសារ​ថា ​ខ្ញុំ​បាន​សម្គាល់​ឃើញថា រយៈកាល​កន្លង​មកនេះ រដ្ឋសភា និង​រាជរដ្ឋាភិបាល បាន​សហការ​រួមគ្នា​យ៉ាង​យកចិត្តទុកដាក់ ក្នុង​សកម្មភាព​ជា​ចម្បង ដើម្បី​ថែរក្សា​នូវ​ស្ថិរភាព សន្តិសុខ ជូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​។ រដ្ឋសភា និង​រាជរដ្ឋាភិបាល បាន​កសាង​គោលនយោបាយ និង​ច្បាប់​រដ្ឋ​បានល្អ​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ទទួលបាន​អត្ថប្រយោជន៍​ដ៏​មាន​សក្ដានុពល​ធំ​បំផុត សម្រាប់​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​សង្គមរ​បស់​យើង។ ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លងមក​នេះ កម្ពុជា​សម្រេចបាន​នូវ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។ មូលដ្ឋានគ្រឹះ ​នៃ​ជោគជ័យ​ទាំងនេះ គឺជា​ការ​ប្ដេជ្ញា​ចិត្ត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋសភា និង​រាជរដ្ឋាភិបាល ក្នុង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​តាមរយៈ​ការអនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោល​នយោបាយ​ច្បាប់ និង យុទ្ធសាស្ត្រ​នានា ដោយបាន​ផ្តល់​អាទិភាព​ដល់​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ..។ល។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្ដម​បណ្ឌិត​អនុប្រធាន​ទី​១ នៃ រដ្ឋ​សភា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត អនុប្រធាន​ទី​២ នៃ​រដ្ឋសភា សម្ដេច ឯកឧត្ដម លោកជំទាវ ជា​ប្រធាន​គណៈកម្មការ និង​សមាជិក សមាជិកា​ នៃ​រដ្ឋសភា​ទាំងអស់ ដែល​បាន​បំពេញការងារ​អស់ពី​កម្លាំង​កាយ​ចិត្ត ពុំ​គិតពី​ការនឿយហត់ ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បម្រើ​ដល់​ប្រជាពលរដ្ឋ និង​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​បានជា​បន្តបន្ទាប់។

ការ​ខិតខំ​ប្រឹងប្រែង​រ​បស់ សម្ដេច ឯកឧត្ដម លោកជំទាវ និង​ សមាជិក សមាជិកា នៃ​រដ្ឋសភា​ទាំង​អស់​ គឺជា​សកម្មភាព​ដ៏​ឧត្តុង្គ​ឧត្ដម ក្នុង​ការ​តាមដាន​នូវ​សុខទុក្ខ ទទួលយក​នូវ​រាល់​បញ្ហា​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដើម្បី​រួមគ្នា​ដោះស្រាយ​ទៅតាម​ស្ថានការណ៍​ជាក់ស្ដែង​ដោយ​យកចិត្តទុកដាក់​ខ្ពស់។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​កោត សរសើរ​យ៉ាង​កក់ក្ដៅ​ចំពោះ ​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល ប្រកប​ដោយ​គតិបណ្ឌិត និង ​សក្ដានុពល ដែល​បាន​បំពេញការងារ​អស់ពី​កម្លាំងកាយ​ចិត្ត​ពុំ​គិតពី​ការ​នឿយ​ហត់។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូម​បួងសួង​ដល់​គុណ បុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី ទេវតា​រក្សា​ព្រះមហា​ស្វេត​ឆ័​ត្រ និង​ព្រះ​ទសបារមី ព្រមទាំង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក សូម​តាម​បីបាច់​ថែរក្សា សម្ដេច ឯកឧត្ដម លោកជំទាវ និង​ជនរួមជាតិ​ទាំងអស់ សូម​បាន ប្រកប​ដោយ​សិរី​សួស្ដី កម្លាំង​ពលំ​មាំមួន អាយុ​យឺនយូរ និង​វិបុល​សុខ​គ្រប់​ប្រការ។

នៅ​ទី​បញ្ចប់​នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ប្រសិទ្ធិ​ពរ​បវរ​សួស្ដី ជ័យ​មង្គល​មហា​ប្រសើរ ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ មាន​សក្ដានុពល​ខ្លាំងក្លា​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន បាន​ប្រកបដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114