ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គួច ខេ​វិ​ន ដែល​ជា​អ្នក​ផលិត​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​ដ៏​ល្បី​ម្នាក់ ​បញ្ចេញ​ប្រតិកម្ម​លើ​សម្ដី​ទណ្ឌិត សម រង្សី

ភ្នំពេញ ​៖ ​អ្នក​ផលិត​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ លោក គួច ខេ​វិ​ន ថ្មីៗ​នេះ​ បាន​បញ្ចេញ​ប្រតិកម្ម​ និង​បង្ហាញ​ពី​ការ​អាក់អន់ចិត្ត​ខ្លាំង​ ចំពោះ​សម្ដី​ទណ្ឌិត សម រង្សី ដែល​បាន​លើកឡើងថា សញ្ញាបត្រ​ពីសា​លា West Point របស់​សហរដ្ឋអាមេរិក​ដែល​ លោក ម៉ា​ណែ​ត ​បាន​ទទួល​កាលពី​ឆ្នាំ​១៩៩៩​ នោះ ​ជា​សញ្ញាបត្រ​ក្លែងក្លាយ​ ឬ​ជា​សញ្ញាបត្រ​ការទូត។

ដោយសារតែ​ហេតុផល​ នៃ​ការលើកឡើង​នេះ​ ទើបបានជា​ លោក​គួច ខេ​វិ​ន ដែល​ក្នុងនាម​ជា​អតីត​និស្សិត​ជាប់​អាហារូបករណ៍​ម្នាក់​នៅ​សាកលវិទ្យាល័យ Northeastern University នៃ​រដ្ឋ Boston, Massachusetts សហរដ្ឋអាមេរិក​ និង​ទទួលបាន​សញ្ញាបត្រ​ជា​អនុបណ្ឌិត​ផ្នែក​ទស្សនវិទ្យា​ពី​សាកល​វិទ្យាល័យ​ល្បីឈ្មោះ​មួយ​នេះ​ កាលពី​ឆ្នាំ​១៩៩២​ នោះ បាន​បញ្ចេញ​ប្រតិកម្ម​ថា​ តើ ​ទណ្ឌិត ​សម រង្សី មាន​មនសិការ សមជា​អ្នកនយោបាយ​ដែល​គួរ​ឲ្យ​ឈរ​ឈ្មោះ ដើម្បី​ប្រជាជន​ខ្មែរ​បោះឆ្នោត​ជ្រើស​រើស​ដឹកនាំ​ប្រទេស​បានដែរ​ឬទេ​?។

លោក គួច ខេ​វិ​ន​ បាន​បន្តទៀតថា បើ​សូម្បីតែ​ជាតិខ្មែរ​មាន​កិត្តិយស​ទទួល​សញ្ញាបត្រ​ជាន់ខ្ពស់ តាម​រយៈ​ នៃ​ការតស៊ូ​សិក្សា​នៅ​ឯ​បរទេស ក៏ត្រូវ​ទណ្ឌិត​រូបនេះ​មើលងាយមើលថោក មិន​លើក​តម្លៃ​ជាតិ​ខ្លួន​ឯង​ផង​នោះ​?​។​ ពិតជា​គួរ​ឲ្យ​ស្អប់ខ្ពើម​ខ្លាំងណាស់​ បន្ទាប់ពី​បានឃើញ​សារ និង​វីដេអូ​ ស្ដីពី​សកម្ម​ភាព​អះអាង​របស់​ទណ្ឌិត សម រង្សី ដែលថា​នៅ​អាមេរិក​គេ​មាន​បែងចែក​សញ្ញាបត្រ​ជា​ពីរ​ប្រភេទ ​គឺ​ប្រភេទ​ទី​១,​សម្រាប់​និស្សិត​នៅ​អាមេរិក ​រីឯ​ប្រភេទ​ទី​២,​គឺ​សម្រាប់​និស្សិត​មកពី​ក្រៅប្រទេស ​គឺ​វា​គ្រាន់​តែ​ជាការ​ឆ្លុះបញ្ចាំង​មួយ​ នៃ​ចំណេះដឹង ​និង​ជំនាញ​កម្រិត​ទាប​តែប៉ុណ្ណោះ …។

លោក​និយាយទៀតថា ​ខ្ញុំ​ចង់​សួរថា ​តើ​បងប្អូន​ខ្មែរ​ដែល​កំពុង​សិក្សា​នៅឯ​សហរដ្ឋអាមេរិក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ពាក្យសំដី គ្មាន​មនសិការ​របស់​ទណ្ឌិត​រត់គេច​ទោស​រូបនេះ​? ប៉ុន្តែ​ទោះជា ​ទណ្ឌិត សម រង្សី បំភ្លៃ​ការពិត ហើយ​អះអាង​យ៉ាងនេះ​ក៏ដោយ​ ក៏​កូន​ខ្មែរ​មួយចំនួន​ដូចជា​រូបខ្ញុំ​នេះ​ និង​កូន​ខ្មែរ​យើង​ជាច្រើន​ទៀត បាន​រៀន​ចប់​បានទទួល​សញ្ញាបត្រ បាន​យក​ចំណេះដឹង​ពី​ការរៀនសូត្រ​នោះ មក​បំពេញការងារ​បម្រើ​ជាតិ​មាតុភូមិ​របស់ខ្លួន​ដោយស្មោះ​ និង​អស់ពី​សមត្ថភាព​…។

លោក គួច ខេ​វិ​ន បាន​បន្ថែមថា​ តើ​កូនប្រុស/​ស្រី​របស់​ ទណ្ឌិត​សម រង្សី បានទទួល​សញ្ញាបត្រ​ប្រភេទ​ទី​ប៉ុន្មាន​ដែរ​? ហើយ​កូន​ទណ្ឌិត​រូបនេះ​ធ្លាប់​យកចំណេះ​ដឹង​ស្អី​ខ្លះ មក​បម្រើ​ជាតិ​មាតុភូមិ​ខ្លួន​ឯង​ហើយ​ឬ​នៅ​? បើ​ទណ្ឌិត​កំសាក​មិនបាន​ជួយ​កូន​ខ្មែរ មិនបាន​ការពារ​សន្តិភាព ​ក៏​គួរ​កុំ​ប្រមាថ​មើល​ងាយ​ខ្មែរ ​កុំ​កុហក​បោកប្រាស់​ខ្មែរ ដើម្បី​ប្រយោជន៍​បុគ្គល​ខ្លួន។ ខ្មែរ​ស្រលាញ់​ជាតិ​ទាំងអស់​សុទ្ធតែ​បាន​ស្គា​ល់ហើយ​ក្រយៅ​ទណ្ឌិត​សម រង្សី ដើម្បី​ទៅដល់​គោលដៅ​សូម​ជនរួមជាតិ​ខ្មែរ ឈប់​ស្ដាប់​ឆ្កែ​ព្រូស​នៅតាម​ចិញ្ចើមផ្លូវ​…។

គួររម្លឹកថា​ ទណ្ឌិត សម រង្សី កាលពី​ថ្ងៃទី​២៨​ ខែកញ្ញា ​ឆ្នាំ​២០១៩ ​បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​ដោយ​ចោទថា សញ្ញាបត្រ​ដែល​ លោក ហ៊ុន ម៉ា​ណែ​ត ទទួល​បាន​ពី​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក West Point ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាបត្រ​ការទូត សម្រាប់​ផ្ដល់​ឲ្យ​និស្សិត​យោធា​បរទេស​ជា​ការ​លើកទឹកចិត្ត​ប៉ុណ្ណោះ ហើយ​និស្សិត​បរទេស​មិនចាំបាច់​រៀន ក៏បាន​ចូល​ និង​បាន​ជាប់​ដោយ​ងាយ​ដែរ។

ការលើកឡើង​របស់ លោក សម រង្សី នេះ​ ក៏បាន​ធ្វើ​ឲ្យ​ លោក ហ៊ុន ម៉ា​ណែ​ត ប្រតិកម្ម​ និង​ បបួល​លោក​សម រង្សី ភ្នាល់​គ្នា​ ដោយមាន​លក្ខខណ្ឌ​ថា បើសិន​អ្វីដែល​ លោក​សម រង្សី លើកឡើងថា សញ្ញាបត្រ​ដែល​លោក​បានទទួល​ពីសា​លា West Point ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ជា​សញ្ញាបត្រ​ប្រភេទ​ទី​២​មែន​នោះ លោក​នឹង​លាលែង​ពី​តួនាទី​ទាំងអស់ ហើយ​ព្រម​ធ្វើជា​ប្រជាជន​ស៊ីវិល​ជា​រៀង​រហូត។

លើសពីនេះទៅទៀត ​ជុំវិញ​ការចោទប្រកាន់​របស់ លោក សម រង្សី នេះដែរ​ ក៏​ធ្វើ​ឲ្យ​មានប្រតិកម្ម​ជាច្រើន​ពី​មហាជន ​និង​អតីត​និស្សិត​ដែល​ធ្លាប់បាន​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ផងដែរ។ ខណៈ​ដែល​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​អ្នកស្រី​Emily V. Zeeberg បាន​ប្រាប់​អ្នកកាសែត​ថា​ ជន​ទាំងឡាយ​ដែល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​សាកលវិទ្យាល័យ ​ឬ​វិទ្យាស្ថាន​ថ្នាក់​ឧ​ត្ត​ម​សិក្សា នឹង​ទទួល​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ ប្រសិនបើ​ពួកគេ​បំពេញ​លក្ខខណ្ឌ​ នៃ​គ្រឹះស្ថានសិក្សា​ទាំងនោះ​បាន ដោយ​មិន​ប្រកាន់​ប្រទេស​កំណើត​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114