ព័ត៍មានទាន់​ហេតុការណ៏
Search

ចៅក្រម​ស៊ើបអង្កេត ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន សម រង្ស៊ី និង​ ភរិយា ព្រមទាំង​បក្ខពួក​ សរុប​៩​នាក់ ដើម្បី​យក​មក​អនុវត្ត​ទោស​

ភ្នំពេញ ៖ ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន សម រង្ស៊ី និង​បក្ខពួក​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ចោទប្រកាន់​អ្នក​ទាំងនោះ​ពីបទ ឧបឃាត ដោយ​យោង​តាម​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​អង្គហេតុ នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ចុះ​ថ្ងៃទី​០៣ ខែតុលា ថា កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​០៩ រូប រួមមាន ឈ្មោះ សម រង្សី​, ឈ្មោះ អេង ឆៃអ៊ាង​, ឈ្មោះ មូរ សុខ​ហួរ​, ឈ្មោះ អ៊ូ ច័ន្ទ​រិ​ទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ ឡុង រី​, ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ​, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា និង​ឈ្មោះ នុត រំដួល។

ជន​ត្រូវ​ចោទ​ទាំង​០៩ រូបនេះ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៦៥៣៦ ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ពីបទ ឧបឃាត ដោយ​យោង​តាម​មាត្រា​២៧ និង​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​អង្គហេតុ នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ”​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា “​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​” ដោយមាន​ការអំពាវនាវ និង​ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​។

អ្នកនាំពាក្យ​បញ្ជាក់ជូន​ថា ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ខាងលើនេះ ត្រូវបាន​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​មនុស្ស​ចំនួន​០៩​នាក់ រួមមាន​ឈ្មោះ សម រង្ស៊ី , ឈ្មោះ អេង ឆៃ​អាង , ឈ្មោះ មូរ សុខ​ហួរ , ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ , ឈ្មោះ ហូរ វ៉ាន់ , ឈ្មោះ ឡុង រឺ , ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ , ឈ្មោះ ជូ​ឡុង​សូ​មូរ៉ា និង​ឈ្មោះ នុត រំដួល ព្រមទាំង​គូកន​ពីបទ ឧបឃាត ដោយ​យោងតាម​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាចមាន​ទោស​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ ការ​ចោទ​ប្រកាន់​ខាងលើ គឺពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ “​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ “​ផ្ដល​រំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា “​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ដោយមាន​ការអំពាវនាវ និង​ប្រើប្រាស់​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់​អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​។

តាម​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផែនការ​ដែលមាន​ក្នុង​អង្គហេតុ​ខាងលើ គឺជា​ឧក្រិដ្ឋ​កម្ម​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​នៃ​រដ្ឋ ហើយ​អ្នកពាក់ព័ន្ធ និង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ខាងលើនេះ នឹងត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​បញ្ជូនទៅ​តុលាការ​កាត់​ទោស​តាមច្បាប់​ពី “​បទ​រួមគំនិត​ក្បត់​” ដែល​អាចមាន​ទោស​ពី​៥​ឆ្នាំ ទៅ​២០​ឆ្នាំ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែង​អ្នកពាក់ព័ន្ធ​ទាំងនោះ​ចូលមក​សារភាព​បាន​ទាន់ពេលវេលា ដែល​អាច​នឹងត្រូវ​លើកលែង​អោយ​រួច​ពី​ទោស​តាម​ប្បញ្ញត្តិ​ពិសេស នៃ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​។

គួររំលឹកថា សរុបមក​ដល់ពេលនេះ តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២២​នាក់​ហើយ ត្រូវបាន​ចោទប្រកាន់​ពីបទ “​ឧបឃាត​” និង​បទ “​រួម​គំនិត​ក្បត់​” ដែល​រួមមាន ១-​សម រង្ស៊ី ២-​អេង ឆៃអ៊ាង ៣-​មូរ សុខ​ហួរ ៤-​អ៊ូ ច័ន្ទ​ឬ​ទ្ធិ ៥-​ហូរ វ៉ាន់ ៦-​ឡុង រី ៧-​ម៉ែន សុថា​វរិ​ន្ទ្រ ៨-​ជូ​ឡុង សូ​ម៉ូ​រ៉ា ៩-​នុត រំដួល ១០-​ឈ្មោះ ម៉ៅ វិបុល នៅ​ខេត្ត ស្វាយរៀង ១១-​ឈ្មោះ ស្រឿ​ន ស្រ៊ាង នៅ​ខេត្តកំពង់ចាម ១២-​ឈ្មោះ ដុង សុ​វណ្ណា​រិ​ទ្ធិ នៅ​ខេត្តកំពង់ចាម ១៣-​ឈ្មោះ ងិន សុផាត នៅ​ខេត្ត​រតនគីរី ១៤-​ឈ្មោះ ធឿន ប៊ុនធន នៅ​ខេត្ត​រតនគីរី ១៥-​ឈ្មោះ ម៉ោញ សារ៉ាត់ នៅ​ខេត្ត ឧ​ត្ត​រ​មានជ័យ ១៦-​ឈ្មោះ វ៉ែន ដា​រ៉ា នៅ​ខេត្ត ប៉ៃលិន ១៧-​ឈ្មោះ ឈុន សិទ្ធី នៅ​ខេត្ត​ប៉ៃលិន ១៨-​ឈ្មោះ ឃិន ប៉ុន នៅ​ខេត្ត​ប៉ៃលិន ១៩-​ឈ្មោះ ហ៊ុយ ហួន នៅ​ខេត្ត​ប៉ៃលិន ២០, ឈ្មោះ ស៊ីម ស៊ា​ង​ឡេង ហៅ វែង ២១, ឈ្មោះ យឹម វណ្ណ​ណែ​ត (​ភេទ​ស្រី​) ២២, ឈ្មោះ មាន ឡា ទាំង​៣​នាក់​នេះ​នៅ​ខេត្ត​ត្បូងឃ្មុំ​៕
 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114