ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា ផ្ទុះ​ប្រតិកម្ម​រិះគន់​មិន​សំចៃ​មាត់​លើ​មន្ត្រី​ប​.​ស​.​ស ​និង​ក្រុម​គ្រូពេទ្យ ​ដែល​មិន​យកចិត្តទុកដាក់​បណ្តាល​ឲ្យ​នារី​កម្មរិនី​ម្នាក់​ស្លាប់

ភ្នំពេញ ​៖​ បន្ទាប់ពី​មានការ​ចុះផ្សាយ​ និង​ចែករំលែក​ទាក់ទង​រឿងរ៉ាវ​ ដែល​នារី​ជា​កម្មករ​រោងចក្រ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ព្រោះតែ​ហេតុផល​នៃ​ភាព​អសកម្ម​និង​ការមិន​យកចិត្តទុកដាក់​ពី​ខាង​មន្ទីរពេទ្យ​សុខលាភ​ទួល​សង្កែ​ដែល​ជា​មន្ទីរពេទ្យ​ដៃគូ​សហការ​ជាមួយ​របប​បេឡា​ជាតិ (​ប​.​ស​.​ស​)​នោះ ​ស្រាប់តែ​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​ចេញមុខ​ប្រតិកម្ម​យ៉ាង​ចាស់ដៃ​លើ​ករណីនេះ។

បើ​ផ្អែក​តាម​ការរៀបរាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក អ៊ឹម ជីវ៉ា ភ្ជាប់​ជាមួយ​ដំណឹង​នោះ​ថា ​ថ្នាក់ដឹកនាំ​ខាងលើ​គួរ​មាន​វិធានការ​ពួក​គ្រូពេទ្យ​មួយចំនួន​ដែល​កា​ន់ប​.​ស​.​ស​ពេលខ្លះ​គ្នា​ឈឺ​មិន​ពិនិត្យ អោយ​ថ្នាំ​ប៉ា​រ៉ា​តែ​២​គ្រាប់​ ហើយ​ឲ្យ​ទៅវិញ។ មិនដឹង​ថ្នាក់លើ​ដែល​កាន់កាប់ ប​.​ស​.​ស គួរ​មក​ត្រួតពិនិត្យ​មន្ត្រី​ខ្លួន​ផ្នែក​ខាងក្រោម​ថា​តើ​មាន​ចរិត​បែបណា សម្តី​ឈ្លើយ អសីលធម៌ មើលងាយ​អ្នកជំងឺ​។​

លោក អ៊ឹម ជីវ៉ា បន្តទៀត​ថា បើ​អស់លោក​មិន​ជឿ​បន្លំ​តែងខ្លួន​ធ្វើជា​អ្នក​ស្លៀក​ខោអាវ​រយីក​រយាក​ដើរ​ចូលទៅ​ចូល​ពេទ្យ​ ហើយ​ហុច​ប័ណ្ណ ប​.​ស​.​ស​អោយ​ពួកគេ​នឹង​ដឹង​ហើយ​ថា​ចរិត​ពេទ្យ​ខ្លះ​សម្តី​យ៉ាងម៉េច។ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​សូម​ឯកឧត្តម​ប្រធាន​ជួយ​ត្រួតពិនិត្យ​កូនចៅ​ខាងក្រោម និង​ប្រជុំ​ជាមួយ​ដៃគូ​នៃ​មន្ទីរពេទ្យ​នានា​មួយចំនួន​ដែល​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​អោយជួយ​ពង្រឹង​និង​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ផង​។​

តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បានបញ្ជាក់​បន្ថែម​ប្រាប់​កម្ពុជា​ថ្មី​នា​ព្រឹក​ថ្ងៃទី​០៤​ខែតុលា​ ឆ្នាំ​២០១៩​ថា​តាមពិតទៅ​មិនមែន​ប្រតិកម្ម​តែ​រឿងនេះ​មួយ​នោះទេ ​ដោយសារតែ​កន្លងមក​មាន​ករណី​ដូចនេះ​ជា​ច្រើន​ទៀត​ដែល​ធ្លាប់បាន​កើតឡើង​។​ ម្យ៉ាងទៀត​យើង​ក៏​មិន​បន្ទោស​លើ​តែ ប​.​ស​.​ស តែ​ម្ខាង​នោះដែរ​គឺមាន​បុគ្គល​ពេទ្យ​មួយចំនួន​ដែល​តែង​ប្រើ​សម្តី​មិន​សមរម្យ​លើ​អ្នកប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស អំឡុងពេល​ទៅ​ជួប​ប្រឹក្សា​ជំងឺ​ជាដើម​។​

សូមបញ្ជាក់ថា​ ប្រតិកម្ម​របស់លោក អ៊ឹម ជីវ៉ា ខាងលើនេះ ​បានធ្វើ​ឡើង​ក្រោយពេល​ដែលមាន​ការចុះផ្សាយ​លើ​ករណី​នារី​រងគ្រោះ​ដែលជា​កម្មករ​រោងចក្រ​ម្នាក់​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សុខលាភ​ទួល​សង្កែ ដែលជា​មន្ទីរពេទ្យ​ដៃគូ​សហការ​ជាមួយ​ប​.​ស​.​ស តែ​ជា​អកុសល​ដោយ​មិនមាន​ការយកចិត្តទុកដាក់​ពី​ខាង​មន្ទីរពេទ្យ​ទើប​បណ្តាល​ឲ្យ​នារី​រងគ្រោះ​ដាច់ខ្យល់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​តែម្តង​។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី​០២​ខែតុលា​ឆ្នាំ​២០១៩ ស្ថិតនៅ​មន្ទីរពេទ្យ​ខាងលើ​ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១​ខណ្ឌ​ឬ​ស្សី​កែវ​។​ នារី​រងគ្រោះ​មានឈ្មោះ ឈន ច​ន្ធូ អាយុ​២៤​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ហើយ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ចំការ​ខាងជើង​ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114