ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា​ អំពាវនាវ​ឲ្យ​អាណាព្យាបាល​ដែលមាន​កូនចៅ​មាត់​ឆែប ​និង​ក្រអូប​មាត់​ឆែប ​មក​ធ្វើការ​វះកាត់​ដោយ​ឥតគិតថ្លៃ​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត

ភ្នំពេញ​ ៖ ​អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា ​បាន​អំពាវនាវ​ឲ្យ​អាណាព្យាបាល​ដែលមាន​កូនចៅ​មាត់​ឆែប​ និង​ក្រអូប​មាត់​ឆែប​ មក​ធ្វើការ​វះកាត់​ដោយ​ឥតគិតថ្លៃ​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត​ ដើម្បី​ទទួល​បាន​នូវ​ស្នាមញញឹម​ជាថ្មី​ក្នុង​ជីវិត​។

លោក​សាស្ត្រាចារ្យ មហា​បរិញ្ញា ម៉ុក ធា​វី ប្រធាន​អង្គការ និង​ជា​នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​កូន​មាត់​ឆែប​ និង​ក្រអូប​មាត់​ឆែប​នៅ​ទូទាំងប្រទេស​មក​ចុះ​ឈ្មោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​សូ​វៀត ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០១៩​ ខាងមុខនេះ​ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​ការវះកាត់​កែ​សម្ផស្ស​ឲ្យ​បាន​ស្រស់ស្អាត​ឡើងវិញ។

លោក​សាស្ត្រាចារ្យ មហា​បរិ​ញ្ញា ម៉ុក ធា​វី​ បាន​មានប្រសាសន៍ថា​ ការវះកាត់​កុមារ​មាត់​ឆែប ​និង​ក្រអូប​មាត់​ឆែប​នេះ ​មិន​ត្រឹមតែ​វះកាត់​ដោយ​ឥតគិតថ្លៃ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​មាន​ផ្តល់​កន្លែង​ស្នាក់នៅ​និង​អាហារ​ចំនួន​ពីរ​ពេល​ដល់​គ្រួសារ​អ្នកជំងឺ​ទៀតផង ​ដោយសារ​អង្គការ​ បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មកពី​ប្រទេស​សិង្ហបុរី​ និង​មានការ​ជួយឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា​ និង​សម្ភារៈ​ផ្សេងៗ​ពី​សប្បុរស​ជន​នៅក្នុង​ស្រុក។

លោក​សាស្ត្រាចារ្យ មហា​បរិ​ញ្ញា ម៉ុក ធា​វី​បាន​បន្តទៀតថា​ ការវះកាត់​កុមារ​មាត់​ឆែប​ គឺធ្វើឡើង​ចំពោះ​កុមា រ​ចាប់ពី​អាយុ​៦​ខែ​ និង​មាន​ទម្ងន់​៦​គីឡូក្រាម​ឡើងទៅ ​និង​កុមារ​មាន​ក្រអូប​មាត់​ឆែប​ អាយុ​ចាប់ពី​១​ឆ្នាំ​ ដល់​១៣​ឆ្នាំ​។​ ចំណែក​មនុស្ស​ចាស់​វិញ​ ការវះកាត់​មាត់​ឆែប​បាន​ដូច​កុមារ​ដែរ​ តែ​និយាយ​មិន​ច្បាស់​បានល្អ​ទេ​ ដោយសារ​កោសិកា​លែង​លូតលាស់​ដូច​នៅ​កុមារ​។

អ្នកស្រី ហូ ថាវ​រី អ្នកសម្របសម្រួល​បច្ចេកទេស​អង្គការ​ស្នាមញញឹម​កម្ពុ​ជា​បាន​ឲ្យ​ដឹង​ដែរ​ថា ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កុមារ​មាន​មាត់​ឆែប​ និង​ក្រអូប​មាត់​ឆែប​ និង​ពិការ​ផ្សេងៗ ​គឺ​បណ្តាលមកពី​កង្វះ​ជាតិ​អាស៊ីតហ្វូលីក​ដែលមាន​នៅ​ចំណីអាហារ បន្លែ​ពណ៌​បៃតង​ជាពិសេស​មាន​ច្រើន​នៅក្នុង​សណ្តែកបារាំង តំណពូជ ផឹកស្រា ជក់បារី ជាតិពុល​ផ្សេងៗ​និង​ការប្រើប្រាស់​ឧបករណ៍​អេឡិច​ត្រូនិក​ដែលមាន​ហ្វ្រេ​កង់​ខ្ពស់​ដូចជា អង់តែន​ទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រ​ នៅ​ពេល​ស្ត្រី​ចាប់ផ្ដើម​មាន​ផ្ទៃ​ពោះ​។

អ្នកស្រី​បាន​ណែនាំ​ដល់​ស្ត្រី​នៅពេល​មាន​ផ្ទៃពោះ​ត្រូវ​ទៅពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ទទួល​បាន​ការពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​សម្រាប់​ថែរក្សា​គភ៌​ឲ្យ​បានល្អ ​និង​ផ្តល់​ថ្នាំពេទ្យ ​ព្រមទាំង​អាហា​រូបត្ថម្ភ ​ដើម្បី​កុំ​ឲ្យ​ទារក​កើតមក​មាន​មាត់​ឆែប ​ឬ​ក្រអូប​មាត់​ឆែប​ ព្រោះថា​នៅក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ចំណោម​អ្នក​កើត​រស់​៥០០​នាក់​ មាន​ម្នា​ក់​មាន​មាត់​ឆែប​។

លោក​សាស្ត្រាចារ្យ មហា​បរិ​ញ្ញា ម៉ុក ធា​វី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​កូនចៅ​មាន​មាត់​ឆែប​និង​ក្រអូប​មាត់​ឆែប​មក​ចុះឈ្មោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ ដើម្បី​ទទួលបាន​ការវះកាត់​កែ​សម្ផស្ស​ដល់​កុមារ​ឲ្យ​បាន​ស្រស់ស្អាត​ឡើងវិញ​ ដើម្បី​ឲ្យ​កុមារ​មាន​សិទ្ធិ​ពេញលេញ​នៅក្នុង​សង្គម​ក៏ដូចជា​បាន​ចូលរៀន​ដូច​កុមារ​ដទៃៗ​ទៀតផង​ដែរ​។

ជាមួយគ្នានេះដែរ ​ប្រជាពលរដ្ឋ​អាច​ទំនាក់ ទំនង​មកកាន់​អង្គការ​ស្នាមញញឹម​កម្ពុ​ជា មជ្ឈមណ្ឌល​ភាព​ញញឹម ជាន់​ទី​៣ អគារ​វះកាត់ និង​កែលំអ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​តាមរយៈ​ទូរស័ព្ទ​លេខ​០២៣ ២១១ ៤០៥/០១២ ៦៥៥ ៧៨៦/០៩៦ ៨៤៦ ៦៩៩១។

ដោយមាន​ការយកចិត្ត​ទុកដាក់ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមប្រឹក្សាភិបាល​ទាំង​១៣​រូប ជា​ពិសេស លោកជំទាវ ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន អង្គការ​ស្នាមញញឹម​ក៏​នៅតែ​បន្ត​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល​។

លោក​សាស្ត្រាចារ្យ មហា​បរិ​ញ្ញា ម៉ុក ធា​វី ក្នុងនាម​ឲ្យ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមការងារ​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​តែងតែ​លះបង់​ទាំង​កម្លាំង​កាយ​-​ចិត្ត និង ពេលវេលា​ផ្ទាល់ខ្លួន ជួយ​ជ្រោមជ្រែង​ដល់​ការវះកាត់​របស់​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ។

ទន្ទឹមនឹងនេះ​ លោក​ក៏​សូម​ថ្លែងអំណរគុណ ដល់​អង្គការ​នានា ដូចជា កាកបាទក្រហម​កម្ពុជា ធនាគារ​ជាតិ អង្គការ​អា​ដ្រា អង្គការ អេ អេ អរ ជប៉ុន ស​ហ័​ព្ធ​យុវជន​កម្ពុជា អង្គការ អាយ​ស៊ី​ស៊ី ទូរទស្សន៍​ជាតិ និង​វិទ្យុ​ទាំង​នៅ​ក្រុងភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ និង ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ដែល​បាន​ចូលរួមចំណែក​ផ្សព្វផ្សាយ​អំពី​បេសកកម្ម​របស់​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ក៏ដូចជា​បាន​ជួយ​ជ្រោមជ្រែង​ក្នុងការ​បញ្ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានមក​ទទួល​ការវះកាត់​មាត់​ឆែប ក្រអូម​ឆែប និង​ពិការ​មុខមាត់​ដែល ទង្វើ​ទាំងអស់​សុទ្ធតែ​បានរួម​ចំណែក​ផ្តល់​ឲ្យ​ពួកគាត់​ទទួលបាន​ក្តីសង្ឃឹម ទំនុក​ចិត្ត និង​ស្នាមញញឹម​សារ​ថ្មី​សម្រាប់​អនាគត​។

គួរ​បញ្ជាក់ថា ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០២​ ហើយ​រហូតមកដល់​ឆ្នាំ​២០១៨​នេះ​ បាន​វះកាត់​កែ​សម្ផស្ស​ដល់​កុមារ​មាត់​ឆែប ​និង​ក្រអូប​មាត់​ឆែប​បាន​ចំនួន​៤៥៣៦​នាក់​។​

ដោយឡែក ​ក្នុង​រយៈពេល​មួយ​ឆមាស​ដំបូង​ នៃ​ឆ្នាំ​២០១៩ អង្គការ​ បានផ្តល់​ការវះកាត់​សរុប​ចំនួន ១១៨​នាក់ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114