ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួម​បច្ច័យ​បុណ្យ​សព​នាយ សាន​ម៉ៅ ចំនួន​១០​លាន​រៀល​បន្ថែម

ភ្នំពេញ ​៖ ជាការ​ចូលរួម​រំលែក​ទុក្ខ​ និង​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​បុណ្យសព​តារា​កំប្លែង​ នាយ សាន ម៉ៅ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​ចាត់​ឲ្យ​តំណាង​នាំ​យក​បច្ច័យ​ចូលរួម​បុណ្យសព​របស់​នាយ សាន ម៉ៅ បន្ថែម​នូវ​ទឹកប្រាក់​ចំនួន​១០​លាន​រៀល​ទៀត​។​នេះ​គឺជា​ទឹកចិត្ត​សន្ដោស​ប្រណី​របស់ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​ចំពោះ​ក្រុម​គ្រួសារ​នាយ សាន ម៉ៅ ដែល​ត្រូវបាន​បាត់បង់​តារា​កំប្លែង​រូបនេះ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់ក្រោយ​។​

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី ​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​លើកឡើងថា ​ជំនួសមុខ​ឲ្យ​គ្រួសារ​សព​តារា​កំប្លែង​នាយ សាន ម៉ៅ សូម​អបអរសាទរ​ និង​គោរព​ថ្លែងអំណរគុណ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែល​បាន​ចូល​បុណ្យ​ចំនួន​១០​លាន​រៀល​បន្ថែមទៀត ​ដើម្បី​សម្រួលការ​ធ្វើបុណ្យ​ដល់​សព​ នាយ សាន ម៉ៅ។

លោក​បាន​បន្ថែមថា ចំពោះ​ទឹកប្រាក់​ដែល​ត្រូវបាន​នាំយកទៅ​ចូលរួម​បុណ្យសព ​នាយ សាន ម៉ៅ ដែល​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ចាត់​តំណាង​នោះ​ គឺធ្វើឡើង​តាមរយៈ​ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​។​ សព​តារា​កំប្លែង​នាយ សាន ម៉ៅ គឺ​បូជា​នៅវេលា​ម៉ោង​៧​យប់ ​ថ្ងៃទី​៥​ ខែតុលា ​ឆ្នាំ​២០១៩​ ស្ថិត​ក្នុង​បរិវេណ​វត្ត​ព្រែកប្រា​ សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ក្រោម​ការ​ឲ្យ​ភ្លើង​បូជា​ពី​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ ​និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស។

សូមបញ្ជាក់ថា​ នាយ សាន់ ម៉ៅ ស្ថិតក្នុង​អាយុ​៦០​ឆ្នាំ​ បាន​ធ្លាក់ខ្លួន​មាន​ជំងឺ​បេះដូង​ និង​សួត​ហើយ​បាន​វះកាត់​បំពង់ក​រហូត​និយាយ​លែង​បាន​។​ ជំងឺ​នាយ សាន់ ម៉ៅ កាន់តែ​ធ្វើទុក្ខ​ធ្ងន់ធ្ងរ ​ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ តែ​ជា​អកុសល​ នាយ សាន ម៉ៅ ក៏​ទទួល​មរណភាព​កាលពី​វេលា​ម៉ោង​៦​ល្ងាច ​ថ្ងៃទី​០២ ​ខែតុលា​ ឆ្នាំ​២០១៩​ នៅ​មន្ទីរពេទ្យ​អូ​ប៊ុន ប្រទេស​ថៃ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114