ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ឃាតក​ជា​ជនជាតិ​ចិន​ដូចគ្នា​បាញ់សម្លាប់​ទម្លាក់​ពី​រថយន្ត​ ផ្អើល​ក្រុងព្រះសីហនុ

ព្រះសីហនុ ៖​ ផ្អើល​ក្រុងព្រះសីហនុ ទាំង​ព្រឹក​ ខណៈ​មាន​អំពើ​ឃាតកម្ម ជនជាតិ​ចិន បាញ់ សម្លាប់​ជនជាតិ​ចិន ដូចគ្នា​ទម្លាក់​ពី​រថយន្ត​នៅត្រង់ចំណុច ផ្លូវ​សេ​តេ​ស្ថិត ក្នុងភូមិ​លេខ ០២ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ វេលា ម៉ោង ប្រមាណ​៩​និង​១៥​នាទី​។ ​ក្រុម​ជនសង្ស័យ​មាន​ចំនួន​០៣​នាក់ ស្ត្រី​ម្នាក់ និង​ប្រុស ២​នាក់ ក្រោយ​ពី​បាញ់​សម្លាប់ ជនរងគ្រោះ ទម្លាក់​ពី​រថយន្ត​រួច​ ក៏បាន​ព្យាយាម​បើក​រថយន្ត​រត់គេច​ខ្លួន ​ជា​លទ្ធផល ត្រូវ​សមត្ថកិច្ច ប៉ូលិស​តាម ចាប់​ខ្លួន​បាន ចំនួន​២​នាក់​ភ្លាមៗ​ផងដែរ រីឯ ម្នាក់​រត់គេច​ខ្លួន។

ពាក់ព័ន្ធ​ករណី​មនុស្សឃាត ខាងលើនេះ បើតាម សាក្សី​រស់នៅ​ចំណុច កើតហេតុ​បាន​និយាយ ប្រាប់ ឲ្យ​ដឹង​ថា​ នៅមុខ​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AJ.8653​ពណ៌​ទឹកប្រាក់ បាន​បើក​មកដល់​ចំណុច កើតហេតុ ក៏​ស្រាប់តែ ឮ​សំឡេង​ ផ្ទុះអាវុធ ចំនួន​មួយ​គ្រាប់ ហើយ​ភ្លាមនោះ ក៏​ឃើញ ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​គេ​រុញ​ទម្លា​ក់​ពីលើ​រថយន្ត ក្នុងស្ថានភាព​ឈាម​ប្រឡាក់​ពេញ​ខ្លួន ​ហើយ​រថយន្ត​នោះ ​ក៏បាន​បើក​យ៉ាង​លឿន រត់គេច​ខ្លួន​បាត់ តែម្តង។ ដោយឡែក​សម្រាប់ ជនរងគ្រោះ ភ្លាមៗ ត្រូវបាន គេ អះអាងថា បាន​ស្លាប់​បាត់​បង់ជីវិត ទៅហើយ​នៅ​នឹង​កន្លែងកើតហេតុ។

សមត្ថកិច្ច​ប៉ូលិស ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ករណី​ខាងលើនេះ ក្រោយពេល កើតហេតុ សមត្ថកិច្ច​ប៉ូលិស បាន​ចុះ​ធ្វើការ ស្រាវជ្រាវ ភ្លាមៗ​ផងដែរ​ ដោយបាន រកឃើញ រថយន្ត របស់ ក្រុម​ជនល្មើស​បើក​រត់​យកទៅ​ចត​ចោល ក្បែរ បរិវេណ​វត្ត​លើ ស្ថិត​ក្នុងភូមិ លេខ ១ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ និង​ឈានដល់​ការកំណត់​អត្តសញ្ញាណ​ជនដៃដល់ ចាប់​ខ្លួន​បាន​ចំនួន ២​នាក់ ក្នុងនោះ​ស្រី​ម្នាក់។ ជាមួយគ្នានេះ សមត្ថកិច្ច​ប៉ូលិស ក៏បាន បញ្ជាក់​ផងដែរ ថា ក្រុម​ជនដៃដល់ មាន​ចំនួន​បក្ខពួក​ចំនួន​៣​នាក់ ឥឡូវ​ចាប់​បាន​២​នាក់​ហើយ នៅ​ម្នាក់ទៀត ដែល សង្ស័យ​ថា​ជា​ជនដៃដល់ នោះ កំពុង​បន្ត​តាម ស្រាវជ្រាវ​ចាប់​ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ត្រូវបាន សមត្ថកិច្ច ប៉ូលិស ធ្វើការ សាក សួរ ដើម្បី​បន្ត​នីតី​វិធី​ចាត់ការ តាមផ្លូវ​ច្បាប់។ ដោយឡែក​ចំពោះ អំពើ​ឃាតកម្ម បាញ់សម្លាប់ ឆៅៗ​នេះ សមត្ថកិច្ច​ប៉ូលិស មិនទាន់ បញ្ជាក់ ប្រាប់ ឲ្យ​ដឹងថា បណ្តាលមកពី​មួល​ហេតុ អ្វី​នោះទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114