ព័ត៍មានទាន់​ហេតុការណ៏
Search

អយ្យការ​អម​សាលាដំបូង​ សម្រេច​ចោទប្រកាន់​មនុស្ស​៧​នាក់​ផ្សេងទៀត ពី​បទ “​រួមគំនិត​ក្បត់​”

ភ្នំពេញ​ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រេច​ចោទប្រកាន់​មនុស្ស​៧​នាក់​ផ្សេងទៀត ពីបទ “​រួមគំនិត​ក្បត់​” តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ព្រះរាជាណា​ចក្រ ពាក់ព័ន្ធ​នឹង​អំពើ​របស់​ពួកគេ​ បាន​កៀរគរ​ប្រជាពលរដ្ឋ ដែល​បាន​ចំណាកស្រុក​ទៅ​ទេស​ថៃ ឲ្យ​ទៅ​ចូលរួម​ក្នុង​ផែនការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល “​ផែន​ការ​ នៃ​ការ​វិល​ត្រលប់​មក​កម្ពុជា​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​”។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០១៩ អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានសម្រេច​ធ្វើការ​ចោទប្រកាន់​លើ​មនុស្ស​ចំនួន​២នាក់ រួមមាន ​ឈ្មោះ អូន ស៊ាន ហៅ ស៊ាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ឈ្មោះ ម៉ក់ វណ្ណ​វុទ្ធី ហៅ រុណ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង ​បក្ខពួក ​ពីបទ​រួមគំនិត​ក្បត់ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា។

តាម​អ្នកនាំពាក្យ “​ការចោទប្រកាន់​ខាងលើ​នេះ គឺ​ពាក់ព័ន្ធ​នឹង​អំពើ​របស់​ឈ្មោះ អូន ស៊ាន ហៅ ស៊ាន ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ឈ្មោះ ម៉ក់ វណ្ណ​វុទ្ធី ហៅ រុណ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​បក្ខពួក ដោយបាន​កៀរគរ​ប្រជាពលរដ្ឋ​ដែល​បាន​ចំណាកស្រុក​ទៅ​ទេស​ថៃ ឲ្យ​ទៅ​ចូលរួម​ក្នុង​ផែនការ​ផ្តួល​រំលំ​រាជរដ្ឋា​ភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល “​ផែនការ ​នៃ​ការវិល​ត្រលប់មក​កម្ពុជា​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​” ដោយ​អនុវត្តតាម​ការអំពាវនាវ​របស់​ឈ្មោះ សម រង្ស៊ី និង​បក្ខពួក។ ស្រប​នឹង​នេះ​ផងដែរ​ ឈ្មោះ អូន ស៊ាន ហៅ ស៊ាន​ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ឈ្មោះ ម៉ក់ វណ្ណ​វុទ្ធី ហៅ រុណ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​បក្ខពួក បាន​ធ្វើ​សកម្មភាព​កៀរគរ​ប្រជាពលរដ្ឋ​ដែល​បាន​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ព្រមទាំង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់ខ្លួន​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

ដោយឡែក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​ចោទប្រកាន់​លើ​មនុស្ស​ចំនួន​៥​នាក់ រួមមាន​ ៖ ឈ្មោះ គុយ សុ​ខេ​ម​រិ​ទ្ធ , ឈ្មោះ សេង ខន , ឈ្មោះ ទិ​ត្យ សុជាតិ , ឈ្មោះ រឿង សំណាង , ឈ្មោះ យិន សុខ​ហៀ​ង ព្រមទាំង​គូកន ពី​ប​ទ ៖ រួមគំនិត​ក្បត់ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា “​ការចោទប្រកាន់​ខាងលើ គឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព របស់​ឈ្មោះ គ្រុយ សុ​ខេ​ម​រិ​ទ្ធ , ឈ្មោះ សេង ខន , ឈ្មោះ ទិ​ត្យ សុជាតិ , ឈ្មោះ វឿ​ង សំណាង , ឈ្មោះ យិន សុខ​ហៀ​ង ព្រមទាំង​គូកន ដែល​បាន​កៀងគរ និង​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា “​ផែនការ​ នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​” ដោយ​អនុវត្ត​តាម​ការ​អំពាវនាវ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី និង​គូកន​។ ជន​ឈ្មោះ គុយ សុ​ខេ​ម​រិ​ទ្ធ​, ឈ្មោះ សេង ខន , ឈ្មោះ ទិ​ត្យ សុជាតិ , ឈ្មោះ រឿង សំណាង , ឈ្មោះ ឈិន សុខ​ហៀ​ង ព្រមទាំង​គូកន បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់ខ្លួន​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សកម្ម​ភាព​ផ្តួល​រំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​។​

តាម​អ្នកនាំពាក្យ​របស់​អយ្យការ​បាន​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​នឹង​ការ​គាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​បញ្ជូនទៅ​តុលាការ​កាត់​ទោស​តាមច្បាប់ ពីបទ “​រួមគំនិត​ក្បត់​” ដែល​អាច​មាន​ទោស​ពី​០៥ (​ប្រាំ​) ឆ្នាំ ទៅ​១០(​ដប់​) ឆ្នាំ តាម​មាត្រា​៨៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែងតែ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ចូលមក​សារភាព​ទាន់ពេលវេលា ដែល​អាច​នឹងត្រូវ​លើកលែង​ឲ្យ​រួច​ពី​ទោស​តាម​ប្បញ្ញត្តិ​ពិសេស នៃ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

សូមបញ្ជាក់ថា សរុបមក​ដល់ពេលនេះ តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អតីត​ថ្នាក់ដឹកនាំ ក៏​ដូចជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២៩​នាក់​ហើយ ត្រូវបាន​ចោទប្រកាន់​ពីបទ “​ឧបឃាត​” និង​បទ “​រួមគំនិត​ក្បត់​” ដែល​រួមមាន ៖
១-​សម រង្ស៊ី
២-​អេង ឆៃអ៊ាង
៣-​មូរ សុខ​ហួរ
៤-​អ៊ូ ច័ន្ទ​ឬ​ទ្ធិ
៥-​ហូរ វ៉ាន់
៦-​ឡុង រី
៧-​ម៉ែន សុថា​វរិ​ន្ទ្រ
៨-​ជូ​ឡុង សូ​ម៉ូ​រ៉ា
៩-​នុត រំដួល
១០-​ឈ្មោះ ម៉ៅ វិបុល នៅ​ខេត្ត ស្វាយរៀង
១១-​ឈ្មោះ ស្រឿ​ន ស្រ៊ាង នៅ​ខេត្តកំពង់ចាម
១២-​ឈ្មោះ ដុង សុ​វណ្ណា​រិ​ទ្ធិ នៅ​ខេត្តកំពង់ចាម
១៣-​ឈ្មោះ ងិន សុផាត នៅ​ខេត្ត​រតនគីរី
១៤-​ឈ្មោះ ធឿន ប៊ុនធន នៅ​ខេត្ត​រតនគីរី
១៥-​ឈ្មោះ ម៉ោញ សារ៉ាត់ នៅ​ខេត្ត ឧ​ត្ត​រ​មានជ័យ
១៦-​ឈ្មោះ វ៉ែន ដា​រ៉ា នៅ​ខេត្ត ប៉ៃលិន
១៧-​ឈ្មោះ ឈុន សិទ្ធី នៅ​ខេត្ត​ប៉ៃលិន
១៨-​ឈ្មោះ ឃិន ប៉ុន នៅ​ខេត្ត​ប៉ៃលិន

១៩-​ឈ្មោះ ហ៊ុយ ហួន នៅ​ខេត្ត​ប៉ៃលិន
២០, ឈ្មោះ ស៊ីម ស៊ា​ង​ឡេង ហៅ វែង

២១, ឈ្មោះ យឹម វណ្ណ​ណែ​ត (​ភេទ​ស្រី​)

២២, ឈ្មោះ មាន ឡា (​ភេទ​ស្រី​) ទាំង​៣​នាក់​នេះ​នៅ​ខេត្ត​ត្បូងឃ្មុំ

២៣, ឈ្មោះ អូន ស៊ាន ហៅ ស៊ាន ភេទ​ប្រុស

២៤, ឈ្មោះ ម៉ក់ វណ្ណ​វុទ្ធី ហៅ រុណ ពីរ​នាក់​នេះ​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ

២៥, ឈ្មោះ គុយ សុ​ខេ​ម​រិ​ទ្ធ

២៦, ឈ្មោះ សេង ខន

២៧, ឈ្មោះ ទិ​ត្យ សុជាតិ ,

២៨ ឈ្មោះ រឿង សំណាង

២៩, ឈ្មោះ យិន សុខ​ហៀ​ង ៥​នាក់​នេះ​នៅ​ភ្នំពេញ ហើយ​ក្នុងចំណោម​ជនជាប់ចោទ ទាំងអស់នេះ មាន​ខ្លះ​ត្រូវ​ចាប់ខ្លួនបាន​ហើយ និង​មួយចំនួនទៀត​កំពុង​គេចខ្លួន ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​បន្តទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114