ព័ត៍មានទាន់​ហេតុការណ៏
Search

លោក យស បូ​វណ្ណៈ ចំណាយ​ពេល​ត្រឹម​១២​ថ្ងៃ​ ហោះ​ពី​អាមេរិក​មក​ថត​រឿង លោក​ឪពុក ដែល​ទើប​ប្រកាស​ចាក់​បញ្ចាំង​ផ្លូវការ

ភ្នំពេញ ​៖​ បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី ​លោក អ៊ិន សុ​ភិន និយាយថា​ តារា​សម្តែង​ជើងចាស់ លោក យស បូ​វណ្ណៈ បាន​ចំណាយពេល​ចំនួន​១២​ថ្ងៃ​ដើម្បី​ហោះ​ពី​ទឹកដី​អាមេរិក​មក​ស្រុក​ខ្មែរ​ចូលរួម​ថត​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង លោកឪពុក របស់​ផលិតកម្ម​មហាហង្ស​ដើម្បី​តប​តាម​ការអញ្ជើញ​របស់លោក​។​យ៉ាងណាមិញ​នៅ​ឱកាស​ថ្ងៃ​សម្ពោធ​ភាពយន្ត​នេះ​ផ្លូវការ​គឺ​លោក យស បូ​វណ្ណៈ ពុំមាន​វត្តមាន​ចូលរួម​នោះទេ​ព្រោះ​លោក​នៅ​ឆ្ងាយ​។​

លោក អ៊ិន សុ​ភិន បានលើកឡើង​នាឱកាស​ប្រកាស​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ខ្មែរ​គឺ​រឿង លោកឪពុក ដែល​ធ្វើឡើង​នៅ​ផ្សា​ទំនើប​អ៊ី​អន​១​កាលពី​យប់​ថ្ងៃទី​០៧ ខែតុលា​ថា​ចំពោះ​ខ្សែភាពយន្ត​រឿង​បែប​មនោសញ្ចេតនា ទឹកចិត្ត​ឪពុក នេះ​គឺមាន​តួអង្គ​សំខាន់ៗ​ចំនួន​៣​នាក់​ដែល​តួ​សម្តែង​ធ្វើជា​ឪពុក​ ខណៈ​រឿងនេះ​ បាន​បញ្ចុះ​បញ្ចាំង​ពី​ទឹកចិត្ត​ឪពុក​។​ តួអង្គ​ប្រុស​សំខាន់​ដែល​សម្តែង​ជា​ឪពុក​នោះ​រួមមាន ​៖​ លោក ហម ឈ​រ៉ា ,​លោក ម៉េង សាវុធ និង​អតីត​តារា​សម្តែង​ជើងចាស់​លោក យស បូ​វណ្ណៈ។​

ម្ចាស់​ផលិតកម្ម​មហាហង្ស​លោក អ៊ិន សុ​ភិន បាន​បន្តទៀតថា ​រឿង លោកឪពុក គឺជា​ខ្សែភាពយន្ត​ដែលមាន​ការឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សង្គម​បច្ចុប្បន្ន​អំពី​គុណ​ឪពុក​ដែល​លោក​ហ៊ាន​​​បូជាជីវិត លះបង់​អាយុសង្ខារ សាច់​ញើស​ឈាម ពេលវេលា សុខភាព កិត្តិយស​ឥត​អៀនខ្មាស​ដើម្បី​កូនៗ​គ្រប់រូប​ធ្វើ​ឲ្យ​គុណសម្បត្តិ​របស់​ឪពុក​ខ្ពស់​ឧ​ត្ត​ម​គ្មាន​អ្វី​ប្រៀបធៀប​ផ្ទឹម​បានឡើយ។

លោក អ៊ឹ​ន សុ​ភិន បាន​បន្ថែមទៀតថា​ភាពយន្ត​ខ្នាត​ធំ​រឿង លោកឪពុក នេះ​គឺ​សម្រាប់​ការថត​មាន​ការ​លំបាក​ព្រោះ​តម្រូវ​តាម​ការ​កត់​ពេលវេលា​របស់លោក យស បូ​វណ្ណៈ ដែល​គាត់​មាន​ពេល​ត្រឹមតែ​១២​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការថត​សម្តែង​ហេតុនេះ​ទើប​ការប្រើ​ពេលវេលា​ថត​ហើយ​ប្លង់​ខ្លះ​ត្រូវ​កំណត់​តាម​នេះ​។​ម្យ៉ាងទៀត​រាល់​បច្ចេកទេស​ នៃ​ការថត​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទាំង​អ្នក​កាន់​កាមេរ៉ា​ថត​និង​អ្នកដឹកនាំ​សម្តែង​ជាដើម​។​

សូម​បញ្ជាក់ដែរថា​ គិត​រហូតមកទល់​ថ្ងៃ​ចាក់បញ្ចាំង​នេះ​រឿង លោកឪពុក បាន​ប្រើពេល​ថត​សម្តែង​មាន​រយៈពេល​០១​ឆ្នាំ​គត់​តែម្តង​ ខណៈដែល​រឿងនេះ​នឹងត្រូវ​ចាក់​បញ្ចាំង​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១០​ខែ​តុលា​ឆ្នាំ​២០១៩​ខាងមុខនេះ​តទៅ ​នៅ​គ្រប់​បណ្ដា​រោងកុន​ទូទាំង​រាជធានី​ និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114