ព័ត៍មានទាន់​ហេតុការណ៏
Search

ជុំ លី​ណូ រិះគន់​ និង​ស្នើ​ឲ្យ​ថៅកែ​តាម​បណ្ដា​ស្ថានីយ​សាំង​មួយ​ចំនួន​ ត្រួតពិនិត្យ​មើល​លើ​បុគ្គលិក​ដែល​បំបាត់​សាំង​មិន​គ្រប់​លីត្រ​អតិថិជន

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ លោក​ជុំ លី​ណូ​ បន្ទាប់ពី​ជួប​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​ ដែល​ត្រូវ​បាន​បុគ្គលិក​ចាក់​សាំង​របស់​ស្ថានីយ​មួយ​លួច​បំបាត់​លីត្រ​នោះ​ លោក​ក៏បាន​ចេញ​វីដេអូ​ធ្វើការ​រិះគន់​ និង​ស្នើ​ឲ្យ​ថៅកែ​នៅ​តាម​បណ្ដា​ស្ថានីយ​កា​រ៉ាស់​សាំង​មួយចំនួន ​ត្រួត​ពិនិត្យ​ និង​អប់រំ​អតិថិជន​របស់ខ្លួន​ផងដែរ ​រាល់​ការ​ចាក់​សាំង​ឲ្យ​អតិថិជន ​ព្រោះ​ទង្វើ​នេះ ​គឺ​មិនល្អ​សម្រាប់​មហាជន​នោះ​ទេ​។

លោក ជុំ លី​ណូ បាន​និយាយ​នៅក្នុង​វីដេអូ​មាន​រយៈពេល​ជាង​២​នាទី​ថា​ សំណូមពរ​ដល់​ម្ចាស់​ស្ថានីយ​ឬ​កា​រ៉ាស់​សាំង​មួយចំនួន ​សូមមេត្តា​លក់​សាំង​ឲ្យ​គ្រប់​ចំណុះ​លីត្រ​ជូន​ដល់​អតិថិជន​ផង ហើយ​រឿង​តម្លៃ​ធ្វើយ៉ាងណា​ឲ្យ​ទៅតាម​ទីផ្សារ​(១​លីត្រ​៣៧០០​រៀល ​ឬ​៣៨០០​រៀល​)​ ទៅតាម​ទីផ្សារ​អញ្ចឹង​ទៅ​។​ ប៉ុន្តែ​សូម​កុំ​ឲ្យ​លួច​ចំណុះ​លីត្រ​របស់​អតិថិជន​ធ្វើ​អ្វី​…..​។

តារា​ចម្រៀង ​លោក ជុំ លី​ណូ បាន​បន្តថា ​ប្រសិន​បើ​យើង​លួច​បំបាត់​លីត្រ​គេ​នោះ ​បើទោះបីជា​ស្លាប់​ទៅ​ក៏​មិនអាច​យកទៅ​តាម​បាន​នោះដែរ​ ហេតុនេះ​សូម​អំពាវនាវ​ដល់​បុគ្គលិក​នៅតាម​កា​រ៉ាស់​សាំង​ទាំង​អស់​មិន​ថា​CA LTEX ,SOKIMEX ,TELA ឬ​ក្រុមហ៊ុន​កា​រ៉ា​ស់​សាំង​ដទៃទៀត​នោះទេ ​ត្រូវធ្វើ​យ៉ាងណា​កុំ​ចាក់​បំបាត់​ចំណុះ​លីត្រ​របស់​អតិថិជន​អី​។​ ថ្វីត្បិតតែ​យ៉ាងនេះ​ក៏ពិតមែន​ លោក ជុំ លី​ណូ មិនបាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ពី​ឈ្មោះ​កា​រ៉ា​ស់​សាំង​ដែល​លួច​លីត្រ​របស់លោក​នោះទេ​ គឺ​គ្រាន់តែ​ប្រាប់​កម្ពុ​ជាថ្មី​ដោយ​ខ្លី​ថា​ពេលដែល​លោក​បាន​ជួប​រឿង​បែបនេះ​ពិតជា​ហួសចិត្ត​ខ្លាំង។

សូមជម្រាបថា​ ករណីនេះ​ ពុំមែន​ទើប​ជា​លើក​ទី​១ ​ដែល​កើតមាន​ចំពោះ​តារា​ប្រុស​ លោក​ជុំ​ លី​ណូ នោះ​ទេ​ ខណៈ​កន្លងមក ​គេ​នៅចាំ​បាន​ថា​ តារា​ចម្រៀង​សិច​ស៊ី​ អ្នកនាង ឆៃ លីដាឡែន ក៏​ធ្លាប់​ប្រតិកម្ម​ និង​រិះគន់​លើ​ករណីនេះ​ម្តង​រួចមក​ហើយ ដោយ​នាង​និយាយ​ចំៗ​ឈ្មោះ​លើ​ក្រុមហ៊ុន​នោះ​តែម្ដង​។ ​ម្យ៉ាងទៀត​ជារឿយៗ ​ក៏​ធ្លាប់​មាន​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​មួយចំនួន​បាន​រិះគន់​ និង​និយាយ​ពី​បញ្ហា​នេះ​ផង​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114