ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បើក​ការដ្ឋាន​ជីក​ដាក់លូ​បង្ហូរ​ទឹក​តាម​បណ្ដា​សង្កាត់​ទាំង​៨

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ បាន​បើក​ការដ្ឋាន​ជីក​ដាក់លូ​បង្ហូរ​ទឹក​មុន​ពេល​ស្ថាបនា​ផ្លូវ​ចាក់​ក្រាល​បេតុង។ ជាក់ស្តែង​នៅក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ក៏មាន​ការដ្ឋាន​ជីក​ដាក់លូ​បង្ហូរ​ទឹកមុខ​កាត់​១​ម៉ែត្រ​ ស្ថិតនៅ​ភូមិ​ដើម​ស្លែង​១​ ដែល​កន្លងមក​លូ​ចាក់​មាន​មុខកាត់​តូច​ធ្វើ​ឲ្យ​ទឹកហូរ​យឺត​បង្ក​ឲ្យ​ស្ទះ​ទឹក​រាល់ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​។​ ខណៈ​ពេល​ចុះ​ពិនិត្យមើល​ការស្ថាបនា​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី​មុខកាត់​១​ម៉ែត្រ​នេះដែរ​លោក ​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨​តុលា​នេះ​ថា ​ការដ្ឋាន​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី​នៅក្នុង​ភូមិ​ដើម​ស្លែង​១​នេះ ​គឺអាច​រំដោះ​ទឹក​ចេញពី​កន្លែង​ដែល​ធ្លាប់តែ​លិចលង់​កន្លង​មក​។​ ហើយ​មូល​ហេតុដែល​លិចលង់​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ ​គឺ​ដោយសារ​មុខ​លូ​តូច​ពេក​។​ហើយ​បើ​ដាក់លូ​មុខកាត់​ធំ​នេះ ​រួចរាល់​ គឺ​តំបន់​ដែល​ធ្លាប់​រង​ការលិចលង់ ​គឺ​លែង​លិច​ទៀតហើយ​។​

ដោយឡែក​ប្រព័ន្ធ​លូ​ដែល​កំពុងបើក​ការដ្ឋាន​នៅ​ផ្លូវ​ចូលទៅ​ភូមិ​អូរអណ្តូង​១​សង្កាត់​ព្រែកប្រា​ គឺ​ជិត​រួច​រាល់​ផងដែរ​។​ ដែល​កន្លងមក​ តំបន់​នេះ​ មានតែ​ផ្លូវ​បេតុង ​ប៉ុន្តែ​ពុំ​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក។ ​ដូច្នេះ​ហើយ​រាល់​រដូវវស្សា​ គឺ​ក្នុងភូមិ​អូរអណ្តូង​តែង​រង​ការលិចលង់​មិនដែល​ខកខាន​ឡើយ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114