ព័ត៍មានទាន់​ហេតុការណ៏
Search

CNCC ចេញ​សេចក្តី​ជូនដំណឹង​អំពី វគ្គ​ផ្តាច់ព្រ័ត្រ Hun Sen Cup ដែល​ផ្លាស់ប្តូរ​ទីលាន​ប្រកួត​

គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា – CNCC កាលពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ តុលា ឆ្នាំ​២០១៩ បានចេញ​សេចក្តីជូនដំណឹង​អំពី​ការប្រែប្រួល​នៃ​ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី ១៣ ឆ្នាំ ២០១៩ វគ្គ​ផ្តាច់ព្រ័ត្រ រវាង បឹងកេត ទល់នឹង ព្រះខ័ន​រាជ​ស្វាយរៀង និង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ រវាង វិសាខា និង ភ្នំពេញ​ក្រោ​ន ។

ក្នុង​សេចក្តីជូនដំណឹង​នោះ​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖
១. ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ក្លិប​បាល់ទាត់​វិសាខា ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នឹងមិន​ធ្វើការ​ប្រកួត​នោះទេ ដោយមាន​ការស្នើសុំ​ពី​ក្លិប​ទាំង​២ ពីព្រោះ​ទុក​ឲ្យ​កីឡាករ​របស់ខ្លួន ដែល​ជាប់​ជម្រើសជាតិ​មាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​មិន​ប្រឈម​ក្នុងការ​របួស​ក្នុងពេល​ប្រកួត​។ ក៏ដូចជា​ទុក​ឲ្យ​កីឡាករ​ដែល​បាន​កោះ​ហៅចូល​ជម្រើសជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ ធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​យុវជន​អាស៊ី​ក្រោម​១៩​ឆ្នាំ រដូវ​កាល​ឆ្នាំ​២០២០ ( AFC U-19 Championship 2020 Qualifiers ) ចាប់ពី​ថ្ងៃទី ០២ ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

២. ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ រវាង​ក្លិប​បាល់ទាត់​បឹងកេត ជាមួយ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង នឹងធ្វើ​ការផ្លាស់ប្តូ​រម​ក​ប្រកួត​នៅ​ថ្ងៃ​ពុធ ទី​០៦ ខែ វិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៨:០០​នាទី​ល្ងាច ដោយ​មូលហេតុ​មានការ​ស្នើសុំ​ពី​ក្លិប​ទាំង​២​។ ទីលាន​ប្រកួត​នឹង​ផ្លាស់ប្តូរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​ទៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោ​ន ( Smart RSN ) ដោយសារតែ​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវ​រៀបចំ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​យុវជន អាស៊ី​ក្រោម​អាយុ​១៩​ឆ្នាំ រដូវ​កាល​ឆ្នាំ​២០២០ ( AFC U-19 Championship 2020 Qualifiers ) ចាប់ពី​ថ្ងៃទី ០២ ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩។

គួរ​ឲ្យ​ដឹង​ថា ក្រុម​ទាំងពីរ បឹងកេត ជួប ព្រះខ័ន​រាជ​ស្វាយរៀង ២​លើក​ក្នុង​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ ដោយ​ស្មើគ្នា ២-២ ក្នុង​ជើង​ទី​១ និង ស្វាយរៀង យកឈ្នះ ២-១ ក្នុង​ជើង​ទី​២ ។ មុន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ បឹងកេត បាន​យកឈ្នះ វិសាខា ៤-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ស្រប​ពេលដែល ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ ភ្នំពេញ​ក្រោ​ន ក្នុង​វគ្គ​កាត់សេចក្តី​បាល់ ១១​ម៉ែត្រ ៥-៤ ក្រោយពី​ស្មើគ្នា​ក្នុង​៩០​នាទី​នៃ​ការប្រកួត៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114