ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​អង្គ​រថា​យ​ហ្គឺ​រ ២​រូប ទទួលរង​របួស​ដាច់​សរសៃពួរ​ជង្គង់ ហើយ​អាច​សម្រាក​រយៈពេល​យូរ​

កីឡាករ​របស់​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ២​រូប រួមមាន ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ និង តាំង ពិសី ត្រូវបាន​បង្ហាញ​លទ្ធផល​ថា សុទ្ធតែ​រងរបួស​ដាច់​សរសៃពួរ (ACL) ជង្គង់​ស្ដាំ​ដូចគ្នា បន្ទាប់ពី​ទទួលបាន​ការពិនិត្យ​យ៉ាង​ជាក់លាក់​។​

យោងតាម​គេហទំព័រ​គណៈកម្មាធិកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ( CNCC ) បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ការពិនិត្យ​យ៉ាង​ល្អិតល្អន់ ពី​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​វៀតណាម​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ កីឡាករ​អង្គ​រថា​យ​ហ្គឺ​រ​២​រូប​រួមមាន ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ និង តាំង ពិសី ត្រូវបាន​បង្ហាញ​លទ្ធផល​ថា សុទ្ធតែ​រងរបួស​ដាច់​សរសៃពួរ (ACL) ជង្គង់​ស្ដាំ​ដូចគ្នា ហើយ​ត្រូវ​វះ​កាន់​នា​ព្រឹកស្អែក​នេះ​តែម្ដង​។

គេហទំព័រ​គណៈកម្មាធិការ​ដដែល បានបញ្ជាក់​ពី​ការឆ្លើយ​ឆ្លងតាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម ជាមួយ​ខ្សែប្រយុទ្ធ ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ បាន​ឲ្យ​ដឹង​ទាំង​ក្រៀមក្រំ​ថា អ្វី​ដែល​ខ្លួន​ខ្លាចរអា​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់ បាន​ចូល​មក​ដល់​ហើយ ដោយ​គ្រូពេទ្យ​បានបញ្ជាក់​យ៉ាងច្បាស់​ថា គេ​បាន​ដាច់​សរសៃពួរ​ជង្គង់​។ «​ពេទ្យ​ពិនិត្យ​ច្បាស់លាស់​ហើយ គាត់​ប្រាប់​លទ្ធផល​ដូច​ពេទ្យ​នៅ​ខ្មែរ​យើង​ដែរ គឺ​ខ្ញុំ​ដាច់​សរសៃពួរ​ជង្គង់​ស្ដាំ ហើយ​មិត្ត​រួម​ក្រុម​ខ្ញុំ តាំង ពិសី ក៏​ដាច់​ដូចគ្នា ហើយ​ជង្គង់​ស្ដាំ​ដូចគ្នា​ទៀត​។ តាម​ពេទ្យ​ប្រាប់ ខ្ញុំ​ទាំង​២​នាក់​នឹង​ត្រូវ​ចូល​វះកាត់​ម៉ោង​៦-៧​ព្រឹកស្អែក​នេះ​។ ខ្ញុំ​អត់​ទាន់​ដឹង​ទេ​ថា ត្រូវ​សម្រាក​រយៈពេល​ប៉ុន្មាន​ខែ​ទើប​អាច​ចូល​លេង​វិញ​បាន ព្រោះ​គ្រូពេទ្យ​អត់​ទាន់​ផ្ដល់ដំណឹង​»​។

សម្រាប់​របួស​ដាច់​សរសៃ​ពួរ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា (ACL) ត្រូវបាន​គេ​ចាត់ទុកថា​ជា​របួស​មួយ​ដែល​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​បាល់ទាត់ ដ្បិត​របួស​នេះ​ត្រូវ តែ​ទទួល​ការវះកាត់​ជាដាច់ខាត និង​ត្រូវ​ចំណាយ​ពេល​ពេល​ព្យាបាល​រយៈពេល​យូរ​ផងដែរ ហើយ​ពេល​ជា​ពីរ​បួស​ក៏​ទម្រង់​លេង​អាច​ប្រែប្រួល​ផងដែរ ដោយសារ​កីឡាករ​ផ្ទាល់​ហាក់​នៅ​មាន​ភាព​ស្រៀវ​ជាមួយ​របួស​នេះ​ថែម​ទៀតផង​។ នេះ​បើ​យោងតាម​កីឡាករ​ដែល​ធ្លាប់មាន​បទពិសោធន៍​ទទួលរង​របួស​នេះ​កន្លងមក​។

គួររំឭក​ថា ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ បាន​រងរបួស​ដាច់​ស​រ​សៃ​ពួរ ក្រោយ​ទាត់​ផ្ទប់​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ក្នុងពេល​ហ្វឹកហាត់ ខណៈ តាំង ពិសី របួស​ដោយសារ​ក្រឡាច់​ជើងពេល​បោះជំហាន ប្រជែង​យក​បាល់​ជាមួយ​ខ្សែការពារ សារ៉េត គ្រី​យ៉ា របស់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។

ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ រដូវ​កាល​២០១៩ នេះ បានបង្ហាញ​ខ្លួន​បាន ៥​ដង​ក្នុង​លី​គ និង​ទាត់​បញ្ចូល​ទី​បាន ៥​គ្រាប់ ខណៈ​ខ្សែការពារ តាំង ពិសី ប្រកួត ១២​ដង និង​ទាត់​ចូល​ទី​បាន ១​គ្រាប់​។

និយាយ​ពី​អង្គ​រថា​យ​ហ្គឺ​រ វិញ បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ ៥​នៃ​តារាង​ចំណាត់ថ្នាក់​លី​គ​កំពូល​កម្ពុជា បន្ទាប់ពី​ប្រកួត​ចំនួន ២៣​លើក ឈ្នះ ១២​លើក ស្ម ៦​លើក និង​ចាញ់ ៥​លើក មាន ៤២​ពិន្ទុ ហើយ​បាន​អស់​ឱកាស​ប្រជែង​ពាន​ផងដែរ ដ្បិត​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ដាច់​ដល់​ទៅ ១៧​ពិន្ទុ ហើយ​ការប្រកួត​នៅសល់តែ ៣​ប្រកួត​ទៀត​ទើប​បញ្ចប់​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114