ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ សោ​ម៉ា​វ​ត្តី បើក​កកាយ​ពី​ប្រវត្តិ​ផ្ដើម​ស្នេហ៍​ដំបូង​ជាមួយ លី វ៉ា​ហេ​ទ ទម្រាំ​ជួប​រឿង​ផ្អែមល្ហែម​ដូច​សព្វ​ថ្ងៃ

ភ្នំពេញ​ ៖​ សម្ពន្ធភាព​ស្នេហា​រវាង​តារា​សម្ដែង​ស្រី​កូន​មួយ​ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី និង ​កីឡាករ​បាល់​ទាត់​រូប​សង្ហា​ លោក លី វ៉ា​ហេ​ទ គិត​មកទល់​ពេល​បច្ចុប្បន្ននេះ​ មាន​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​មកហើយ ​បន្ទាប់ពី​គូស្នេហ៍​អ្នក​ទាំងពីរ​ បាន​សាង​ភាព​ផ្អែមល្ហែម​បង្ហាញ​ឲ្យ​ទស្សនិកជន​បាន​ដឹង​ជា​សាធារណៈ​ ក្រោយ​ពេលដែល​កន្លងមក ​ភាគី​ខាង​ស្រី សុខ សោ​ម៉ា​វ​ត្តី តែង​ឆ្លើយ​បដិសេធ​ការពិត​។​

ថ្វីត្បិតតែ​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ប្រៀប​ដូច​សត្វ​ស្រមោច​ និង​ស្ករតាំងម៉ែ​របស់​អ្នក​មេម៉ាយ​ចាយ​រាង​រូប​ស្រស់​ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី និង​ លោក លី វ៉ា​ហេ​ទ បាន​កាន់​ដៃ​ដើរ​លើ​ផ្លូវ​ជីវិត​ជាមួយគ្នា​មក​ដល់ពេល​សព្វថ្ងៃ​រហូត​ទទួល​បាន​ការលើកសរសើ​រ​ពី​ទស្សនិកជន​ក៏ពិតមែន​ ប៉ុន្តែ​កន្លងមក​ អ្នក​ទាំងពីរ​ពុំ​ធ្លាប់​បង្ហើប​ប្រាប់​មហាជន​ឲ្យ​ដឹង​ពី​ប្រវត្តិ​ស្នេហា​ចាប់តាំងពី​គ្រា​ដំបូង​មកទល់ពេលនេះ​នោះ​ទេ​ តែ​យ៉ាងណាមិញ​ថ្មីៗ​នេះ​ នាង​ក៏​ស្រាប់តែ​គាស់កកាយ​ពី​ប្រវត្តិ​ស្នេហ៍​យ៉ាង​ភ្ញាក់ផ្អើល។

អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បាន​រៀបរាប់​គ្រា​ចូលរួម​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​កម្មវិធី​3 Fun កាលពី​ថ្មីៗ​នេះ​ថា​ រវាង​នាង​ និង​ លោក លី វ៉ា​ហេ​ទ ចាប់ផ្តើម​ស្គាល់គ្នា​ដំបូង ​គឺ​អំឡុងពេល​ថត​ខ្សែភាពយន្ត​រឿង ខូច​ចិត្ត​អាជីព ​ហើយ​ពេលនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​ និង​កីឡាបាល់ទាត់​រូបនេះ ​បាន​នៅ​ជិតគ្នា​រយៈ​ពេល​១​ខែ​ ពោលគឺ​សម​ល្អ​ដែល​អាច​ស្គាល់​ចិត្តគំនិត​គ្នា។

តារា​ស្រី​កូន​មួយ​ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បាន​បន្ត​ថា គ្រានោះ​ហើយ​ដែល​នាង​កើតមាន​ការ​ស្រលាញ់​ ហើយ​ចេះ​មានចិត្ត​ប្រចណ្ឌ​លើ​ លោក លី វ៉ា​ហេ​ទ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​ស្នេហ៍​របស់​នាង​នោះ​ គឺ​ស្ថិតនៅត្រង់​អាយុ​ដែល​ លោក លី វ៉ា​ហេ​ទ មាន​វ័យ​ប្អូន​នាង​រហូតដល់​ទៅ​១០​ឆ្នាំ​ឯណោះ​។​
ហេតុផល​នេះហើយ ​ទើប​ធ្វើ​ឲ្យ​នាង ​និង​ លោក​លី វ៉ា​ហេ​ទ ធ្លាប់​សម្រេចចិត្ត​លែងដៃ​ដើរចេញ​ពីគ្នា​ច្រើនលើកច្រើនសា ​ទម្រាំ​បើក​ចិត្ត​ទទួលយក​វិញ ​ដោយ​មិនមាន​លក្ខខណ្ឌ​អ្វី​ទៀតឡើយ។

អ្នកនាង សុខ សោ​ម៉ា​វ​ត្តី​ បានបញ្ជាក់​បន្ថែមទៀតថា​ នាង​សម្រេច​ច្បាស់​ហើយ​ថា​ ខ្លួន​នឹង​ផ្ញើ​វាសនា​អនាគត​លើ​ លោក លី វ៉ា​ហេ​ទ ដោយ​មិន​បិទ​សេចក្តីសុខ​របស់​ខ្លួន​ឯង​ដូច​មុនៗ​ទៀតឡើយ​ បើ​ទោះ​បីជា​មានការ​រិះគន់​តាមរយៈ​ប្រៀបធៀប​អាយុ​រវាង​នាង ​និង​ម្ចាស់​បេះដូង​ លោក ​លី វ៉ា​ហេ​ទ យ៉ាង​ណា​ក្តី​។​ នាង​ថា​ លោក លី វ៉ា​ហេ​ទ ជា​បុរស​ម្នាក់​ដែល​ល្អ សុភាពរាបសារ មាន​ទំនួល​ខុសត្រូវ ជា​ពិសេស​លើក​តម្កើង និង​ផ្តល់​កិត្តិយស​ឲ្យ​នាង​គ្រប់ពេល​តែម្ដង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114