ព័ត៍មានទាន់​ហេតុការណ៏
Search

ដើម​ឆ្នាំ​២០២០​នេះ មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ​ មាន​ផែនការ​ពង្រីក​ផ្លូវ​នៅ​ក្នុង​ទី​រួម​ខេត្ត​ឲ្យ​ក្លាយ​ជា​ផ្លូវភ្លោះ​មាន​សួនច្បារ ដើម្បី​ដណ្ដើម​ពានរង្វាន់​ជាទី​ក្រុង​ស្អាត

ព្រះវិហារ​ ៖ ដើម្បី​បង្កើន​ការលើកកម្ពស់​សោភ័ណភាព​ទីក្រុង​ឲ្យ​កាន់តែ​ស្រស់ស្អាត ឈានទៅ​ដណ្ដើម​ផ្ការំដួល​៣​ទង ដែលជា​ទីក្រុង​ស្អាត​ជាងគេ​នៅ​កម្ពុជា អាជ្ញាធរខេត្ត​ព្រះវិហារ មាន​គម្រោង​កែលំអ​សោភ័ណភាព​សណ្ដាប់ធ្នាប់​ និង​អនាម័យ​បរិស្ថាន ​នៅក្នុង​ និង​ជុំវិញ​ទីក្រុង​ព្រះវិហារ ដោយ​នៅ​ដើមឆ្នាំ​២០២០​នេះ មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ មាន​ផែនការ​ពង្រីក​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្ត​ឲ្យ​ក្លាយ​ជា​ផ្លូវភ្លោះ​មាន​សួនច្បារ ដើម្បី​ដណ្ដើម​ពានរង្វាន់​ជាទី​ក្រុង​ស្អាត។

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ​បាន​កំពុង​សម្រុក​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ព្រះវិហារ​ជាច្រើន​ខ្សែ​ដែល​កំពុង​រង​ការខូចខាត មាន​ជង្ហុក​សំបុកមាន់​នា​រដូវវស្សា​នេះ ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍​ឡើងវិញ រួមជាមួយ​នឹង​ការ​ប្រែក្លាយ​ផ្លូវ​ក្រួស​ក្រហម​មួយចំនួនទៀត ឲ្យ​ទៅជា​ផ្លូវ​អ៊ុត​កៅស៊ូ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ មន្ទីរ​បាន​លើក​ផែនការ​ពង្រីក​ផ្លូវ​ម្លូព្រៃ​នៅ​ក្នុង​ទី​រួម​ខេត្ត​ឲ្យ​ក្លាយ​ជា​ផ្លូវ​ភ្លោះ​មាន​សួន​ច្បារ​នៅ​កណ្តាល ពង្រីក​គម្រោង​ផ្លូវ​អ៊ុត​កៅស៊ូ និង​ផ្លូវ​បេ​តុ​ឆ្អឹង​ដែក​នៅ​ជុំវិញ​ទី​រួម​ខេត្ត ដើម្បី​ធានា​គុណភាព​ផ្លូវ ថ្នល់​អាច​ប្រើប្រាស់​យូរ​អង្វែង និង​ធានា​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍​។

បន្ថែម​ពីនេះ​ទៀត ​លោក ប្រធាន​មន្ទីរ​បាន​អះអាង​ថា មន្ទីរ​ ក៏បាន​សម្រេច​កែលំអ​សួនច្បារ​ចាស់ៗ​និង​បង្កើត​សួនច្បារ​ថ្មីៗ បន្ថែម​នៅក្នុង​ក្រុង​ព្រះវិហារ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​នេះ​ឲ្យ​កាន់តែ​ស្រស់ស្អាត សម្រាប់​បង្អួត​ភ្ញៀវ​ទេសចរ​ផង និង​ ដណ្ដើម​ពានរង្វាន់​ជាទី​ក្រុង​ស្អាត​ផង​។

លោក​ថា យើង​មាន​ផែនការ​ប្រែក្លាយ​ទី​រួម​ខេត្ត​ព្រះវិហារ​ឲ្យ​មាន​សោភ័ណភាព​ស្រស់​ស្អាត បរិស្ថាន​ល្អ ពិសេស​ទិសដៅ​របស់​អាជ្ញាធរ​ខេត្ត​ចង់​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ដណ្តើម​បាន​ផ្កា​រំដួល​១​ទង ២​ទង ឬ​៣​ទង​។

ទន្ទឹមនឹងនោះ​ យើង​កែលំអ​សួនច្បារ ​និង​បង្កើត​សួនច្បារ​ថ្មី​នៅក្នុង​ទី​រួម​ខេត្ត​ជាច្រើន​ទៀត​នៅ​ចុងឆ្នាំ​នេះ ដែល​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​ទីក្រុង​របស់​យើង​បានល្អ ស្រស់បំព្រង។

លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ​បន្តថា មន្ទីរ​ នឹង​អនុវត្ត​យុទ្ធនាការ​ដូច​ភ្លៀងរលឹម​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រួមគ្នា​ថែរក្សា​ផ្លូវថ្នល់ សណ្ដាប់ ធ្នាប់ និង​អនាម័យ​នៅ​តាម​ដងផ្លូវ​ ដោយ​មិន​ត្រឹមតែ​ធានាបាន​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​ និង​អ្នកដំណើរ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ទី​ក្រុងមាន​សោភ័ណភាព​ស្រស់បំព្រង​ថែម​ទៀតផង។

សូមបញ្ជាក់ថា ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧ ឆ្នាំ​២០១៩ ​ក្រោម​ប្រធានបទ ទីក្រុង​ស្អាត​ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​ កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខេត្ត​ព្រះវិហារ​ ទទួលបាន​៥​ជ័យលាភី​ ដែល​ប្រគល់​ជូន​ដោយ ​សម្ដេច​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា ​ពាន​រង្វាន់ ធុរកិច្ច​បៃតង ក្នុង​វិស័យ​ទេសចរណ៍ ជ័យ​លាភី​បង្គន់​សាធារណៈ​កម្ពុជា នូវ​ស្នាមញញឹម និង​ទីក្រុង​ស្អាត​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114