ព័ត៍មានទាន់​ហេតុការណ៏
Search

ប៊ុន សុធា ជួប ឌី សរ​ ប្លើ​ន​ជិត ខណៈ ឯម សុធី ជួប ផូ​ប្រាក នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​

ប៊ុន សុធា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ឯម សុធី អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ ទី​១១​ ខែ​តុលា​ ឆ្នាំ​២០១៩​នេះ។

អ្នក​ប្រដាល់​កម្ពុជា ប៊ុន សុធា ត្រូវគេ​ផ្តល់​ឱកាសឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ឌី សរ​. ភ្លើន​ជិត (Dee Sor.Plernjit)​ក្នុង​ប្រភេទ​ទម្ងន់៥៧​គីឡូក្រាម។

ប៊ុន សុធា ជា​អ្នក​ប្រដាល់​វ័យក្មេង និង ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដែល​វាយ​ខ្លាំង ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា ដែលមាន​វ័យក្មេង​ និង​ទម្ងន់​ដូចគ្នា​នោះ ហើយ​សុធា ​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ សម្រាប់​ពេល​បច្ចុប្បន្ននេះ។ សុធា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នា​ពេល​កន្លងមក ដែល​លទ្ធផល​ភាគច្រើន​ឈ្នះ​ច្រើនជាង​ចាញ់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។​

ការប្រកួត​លើកចុងក្រោយ​នេះ ប៊ុន សុធា បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ផា​យ៉ាក់​ហ៊​រ៉ា​ន់ ឆ​.​ហារ​ផា​យ៉ាក់ ឲ្យ​បោះបង់ចោល​ការប្រកួត ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​០៩ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ។​

និយាយ​ជារួម សុធា ​ឥឡូវនេះ គេ​ឡើង​កូដ​ខ្លាំង គឺ​វាយ​ល្អ​និង​មាន​ផ្លែ​ល្អ។​ ហើយ​មានបទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​ទប់ទល់​ និង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ រូបនេះ​បាន​៥​ទឹក​មិន​ខាន។

អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ឌី សរ​. ភ្លើន​ជិត វិញ​នោះ គេ​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ នៅ​ស្រុកថៃ ដែលមាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ។ ​ឌី សរ​ ភ្លើន​ជិត ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​កន្លងមក ដោយ​វាយ​ចាញ់​ឯម សុធី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​០៦ ខែ​កញ្ញា​ ឆ្នាំ​២០១៩​កន្លងមក។

បើតាម​ការបញ្ជាក់​ប្រាប់​ពី​អ្នកគ្រប់គ្រង​និង​ដឹកនាំ​កីឡាករ​ថៃ​ឲ្យ​ដឹង​នោះ​ថា ឌី សរ​ ភ្លើន​ជិត មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ និង​កាយសម្បទា​ល្អ រឹងមាំ ហើយ​វាយ​ខ្លាំង​មិន​ចាញ់​ប៊ុន សុធា ប៉ុន្មាន​ទេ។ ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ ប៊ុន សុធា និង ឌី សរ​ ភ្លើន​ជិត នោះ មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះទេ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ។ យ៉ាងណា ប៊ុន សុធា មិនអាច​មើលស្រាល​ឌី សរ​. ភ្លើន​ជិត នោះឡើយ។ ចាំមើល ប៊ុន សុធា គេ​អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ ឌី សរ​ ភ្លើន​ជិត បាន​ឬ​អត់​នោះ​?។

ចំពោះ​ឯម សុធី អ្នក​ប្រដាល់​វ័យក្មេង ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ផូ​ប្រាក រិ​ទ្ធ​ជីន​ចូ​ដែង (Probrak Rithjingc jodeng ) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ដែរ។

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក ដោយសារ​អ្នក​ប្រដាល់​ថៃ ផូ​ប្រាក នេះ គេ​ក៏​ទើបតែ​ជា​លើកដំបូង​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នេះ ហើយ​ឯម សុធី វិញ គេ​ក៏​ទើប​មានមុខ​មាត់​ឡើង​ប្រកួត​ជាមួយ​ថៃ​ជាង​១០​លើក​ប៉ុណ្ណោះ។ សុធី គេ​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ឌី សរ ផ្លឺ​ន​ជិត​(Dee Sor.Plernjit) ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៦ ខែ​កញ្ញា​ ឆ្នាំ​២០១៩។

ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ​រូបនេះ តាម​ការ​ឲ្យ​ដឹងពី​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នោះ គឺ​គេ​មាន​កម្រិត​សមត្ថភាព​ និង​បច្ចេកទេស​ល្អ ហើយ​រឹងមាំ គេ​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​នៅ​ស្រុកថៃ។ ផូ​ប្រាក មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥២​លើក​និង​ចាញ់​១៣​លើក មិនដែល​ស្មើ។ មិនធម្មតា​ទេ ឡើង​ប្រកួត​ជាង​៦០​លើក ចាញ់​តែ​១៣​លើក​នោះ។ ដូច្នេះ ឯម​សុធី មិនអាច​ធ្វេសប្រហែស​បាន​ឡើយ។ ចាំមើល​ឯម សុធី អាច​យកឈ្នះ ផូ​ប្រាក រិ​ទ្ធ​ជីន​ចូ​ដែង នេះ បានដែរ​ឬ​អត់​។

ចំណែក​ការប្រកួត​មិត្តភាព​ខ្មែរ​និង​ខ្មែរ​វិញ រិទ្ធី សាស្ត្រា​វុ​ធ អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​ពីមុនមក។

ចាន់ ហាវ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ធន អៀង​ឡេង អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​ដែរ។ ចាំមើល រវាង​រិទ្ធី សាស្ត្រា​វុ​ធ និង​ ធន អៀង​ឡេង តើន​រណា​ឈ្នះ?៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114