ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចូលរួម​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​១​ខ្សែ ចូល​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​សិស្សានុសិស្ស

ប៉ៃលិន ៖ ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ចូល​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ស្ថិតក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន តប​តាម​ការស្នើសុំ​ពី​សិស្សានុសិស្ស និង​លោក​គ្រូ អ្នកគ្រូ ព្រមទាំង​អាណាព្យាបាល​សិស្ស នាពេល​កន្លងទៅ​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ ឯកឧត្ដម ជា ចាន់​ឌិន សមាជិក​ក្រុមប្រឹក្សា​ខេត្ត ,​អភិបាលក្រុង​ប៉ៃលិន ព្រមទាំង​ថ្នាក់ដឹកនាំ​តាម​មន្ទីរ ស្ថាប័ន​ជំនាញ​ជុំវិញ​ខេត្ត ,​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​។

ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​នោះដែរ​ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​លើកឡើងថា​ ៖ ដើម្បី​សម្រួល​និង​បំពេញ​សេចក្តីត្រូវការ របស់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​ស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស ដោយ​ផ្តល់នូវ​ភាពងាយស្រួល ដល់​សិស្សានុសិស្ស សម្រាប់ធ្វើ​ដំណើរ​ទៅមក​សាលារៀន ក្នុងនាម​រដ្ឋបាលខេត្ត ត្រូវតែ​ឆ្លើយតប​ភ្លាមៗ តាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​មិន​ទុក​ឲ្យ​មានការ​រិះគន់​នោះទេ​។

ឯកឧត្ដម​អភិបាលខេត្ត​បាន​បន្តថា ផ្លូវ ស្ពាន គឺជា​សរសៃឈាម ​នៃ​សេដ្ឋកិច្ចជាតិ និង​គ្រួសារ ដូច្នេះ​មាន​ផ្លូវ គឺមាន​ក្តីសង្ឃឹម ហើយ​ការ​ធ្វើ​ផ្លូវ​១​ខ្សែ​នេះ គឺ​ពិតជា​បាន​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​បាន​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស​បានធ្វើ​ដំណើរ​ទៅមក​សាលារៀន​។

ជាមួយគ្នានេះ​ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​បញ្ជាក់ដែរថា​ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ សែន គឺ​ បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការកសាង​ហេដ្ឋារចនាសម្ពន្ធ​រូបវន្ត​នានា មិន​ដូចជា​ការឃោសនា​បោកប្រាស់​របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី ដែល​ជា​ជន​ក្បត់ជាតិ ព្រោះតែ​មហិច្ឆតា​ចង់បាន​អំណាច ហ៊ាន​ជេរ​ដៀល​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែល​កើតឡើង ពី​ការ​បោះឆ្នោត និង​ប្រឆាំង​ទៅ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ របស់​ជាតិ​ផង​ដែរ​។

ជា​ចុងបញ្ចប់ ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ទាំង​អស់ សូមមេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា ក្នុង​ការ​ស្ថាបនា​ផ្លូវ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ទៅតាម​ផែនការ​គ្រោងទុក ក្នុងនោះ​ត្រូវ​ចូលរួម​ថែរក្សា ដើម្បី​ឲ្យ​ផ្លូវ​មួយ​នោះ​ប្រើប្រាស់​បានយូរ​អង្វែង ជាមួយគ្នានេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ ដោយ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​លាយឡំ ជាមួយ​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ និង​ជំនន់​ទឹកភ្លៀង ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ផងដែរ​។

សូមបញ្ជាក់ថា​ ៖ ផ្លូវ​បេតុង ១​ខ្សែ ដែល​អាជ្ញាធរខេត្ត​ប៉ៃលិន បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​ស្ថាបនា នា​ពេល​នេះ គឺមាន​ប្រវែង​៣២០​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ សំណង់​ប្រព័ន្ធ​លូ​សងខាង​ផ្លូវ ចាប់ពី​ផ្លូវជាតិ​លេខ ៥៧ រហូតដល់​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ខេត្ត​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114