ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលក្រុង​ព្រះសីហនុ​ ត​ម្រូ​វ​ឲ្យ​ការដ្ឋាន​មួយកន្លែង​ ដែល​កំពុង​ចាក់​ដី ​លុប​ប្រឡាយ​អូរ​កាយ​ចេញ​វិញ​ឲ្យ​អស់

ព្រះសីហនុ​ ៖​ ការដ្ឋាន​កំពុង​ចាក់ដី​ទ្រង់ទ្រាយ​ធំ​មួយកន្លែង ​ត្រូវបាន ​លោក អ៊ី សុខ ឡេង អភិបាល​ក្រុង ព្រះសីហនុ​ដាក់បទបញ្ជារ​ឲ្យ​កាយ​ដី​ចេញ​អូរ​វិញ​ឲ្យ​អស់​ក្រោយ​ពិនិត្យឃើញថា ​ទីតាំង​ដែល​កំពុង​ចាក់​នោះ បាន​ចាក់ដី​រំលោភ​យក​ដី​អូរ​ប្រព័ន្ធ​លំហូរ​ទឹក​សាធារណៈ​ទំហំ​ទទឹង​ប្រវែង​៦​ម៉ែត្រ និង បណ្តោយ​ប្រវែង​ប្រមាណ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ លេខ​០៤ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ បើតាម​បងប្រុស​ម្នាក់​ដែល​អះអាង​ថា រូប​គាត់​ជា​ម្ចាស់​ការដ្ឋាន​ចាប់ដី លុប​អូរ​ខាង លើ​បាន​និយាយថា ​គាត់​ពិតជា​បាន​ចាក់ដី​លុប​អូរ​ពិតប្រាកដ​មែន​ ពីព្រោះ​ដី​នៅ​សងខាង ជាប់​ព្រំ​អូរ សុទ្ធសឹងតែ​ជា​មាន​ប្លង់​កម្មសិទ្ធិ​របស់គាត់​ទាំងអស់ ហើយ​ការ​ចាប់ដី​លុប​អូរ​បែបនេះ​គឺជា​ការចាក់​លុប​បណ្ដោះអាសន្ន​ប៉ុណ្ណោះ និង​កាយ​ចេញ​វិញ​ឆាប់ៗ នេះ​វិញ​ក្រោយពេល គាត់​ចាក់ដី​បំពេញ​ក្នុង​ដី​ឡូត៍​ដែល​នៅ​ព្រំ​អូរ​ម្ខាង​ទៀត​រួចរាល់ (​ពោលគឺ​ការចាក់ដី​លុប​អូរ​នេះ​គ្រាន់តែ​ធ្វើជា​ស្ពាន​សម្រាប់​ដឹក​ដី​ឆ្លងកាត់​តែ​ប៉ុណ្ណោះ​)​ ដោយ​លោក​បំណង​យក​ដី​អូរ​នោះ​ធ្វើជា​កម្មសិទ្ធិ​ទេ។

លោក ជួប សីហា មន្ត្រី សាលាក្រុង​ព្រះសីហនុ​ក្នុងពេល​ចុះ​អនុវត្ត​ន៏​កាយ​ដី​ប្រឡាយ​អូរ​ខាងលើ បាន​និយាយ​បញ្ជាក់ថា ​ដី​ប្រឡាយ​អូរ​ចំណុច​នេះ មាន​ប្រវែង​ប្រមាណ​២០០​ម៉ែត្រ ​និង​ទទឹង​ទំហំ​៦​ម៉ែត្រ ត្រូវ​បាន​គេ​ចាក់​ដី​លុប​ស្ទើរ​ទាំងស្រុង​ ថែមទាំង​មាន​ចំណុច​ខ្លះ​មាន​សាងសង់​របង​ថ្ម​នៅ​លើ​ដី​អូរ​ថែម​ទៀត​ផង​ ជាហេតុ​ធ្វើ​ឲ្យ​ដី​អូរ​ប្រឡាយទឹក​ចំណុច​នេះ​ស្ទើរ​បាត់បង់​អត្តសញ្ញាណ​ទាំងស្រុង​ទៅហើយ ។ ​ចំពោះមុខ ​ដើម្បី​អនុវត្ត​វិធានការ​ផ្លូវច្បាប់ រដ្ឋបាល​ក្រុងព្រះសីហនុ គឺ​តម្រូវ​ឲ្យ​ម្ចាស់​ដី​ឡូត៍​ដែល ពាក់​ព័ន្ធ ត្រូវ​កាយ​ចេញ​វិញ​ឲ្យ​អស់ រួម​នឹង​វាយ​កម្ទេចរបង​ថ្ម​ និង​សំណង់​ផ្សេងៗ ដែល​សាងសង់​នៅ​លើ​ដី​អូរ​ផងដែរ​ ដោយ​គ្មាន​កាត​វ៉ា ក្នុង​ករណី​មិន​អនុវត្ត​តាម​រដ្ឋបាល ក្រុងព្រះសីហនុ​ នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​មិន​យោគយល់​នោះ​ឡើយ។

គូរ​បញ្ជាក់​ផង​ដែរ​ថា ក្រុងព្រះសីហនុ ​ក្នុងពេល​បច្ចុប្បន្ន ឲ្យ​តែមាន​ភ្លៀង​ធ្លាក់ ទោះ​តិច ឬ​ច្រើន គឺ តែង​តែ​ជន​លិច​ផ្លូវ លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ទំនាប​ជាប្រចាំ​ ដោយសារតែ​បញ្ហា​ប្រព័ន្ធ អូរ​ប្រឡាយ ទឹក តូច​​ចង្អៀត។​ ហើយ​បញ្ហា​នេះ កន្លងមក លោក គួច ចំរើន អភិបាល នៃ គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ តែងតែ​យកចិត្ត​ទុកដាក់​ខ្លាំង​ណាស់​បញ្ហា​អូរ​ប្រឡាយ ក្នុង​ក្រុង​ព្រះសីហនុ​នេះ លោក​តែងតែ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​កាយ​ស្ដារ មិន​ថា យប់ ឬ​ថ្ងៃ ភ្លៀង​ឬ ក្ដៅ​នោះ ទេ មិនតែប៉ុណ្ណោះ ក៏បាន​អំពាវនាវ ដល់​មន្ត្រី​របស់ លោក ឬ មន្ទីរ​ពាក់ព័ន្ធ ក្នុង​ខេត្ត​ខិតខំ​ធ្វើ​យ៉ាង ណា ដើម្បី​បញ្ចៀសការ​ជន់​លិច​ដោយទឹកភ្លៀងទាំងនេះ។ ប៉ុន្តែ ពលរដ្ឋមួយចំនួននៅតែ​ផ្គើន​ទៅ​នឹង សេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត ពិសេសថ្នាក់ដឹកនាំកំពូល នៃ​រាជរដ្ឋាភិបាល កម្ពុជាយើង ។​

តែ​ទោះជា​យ៉ាងណាក៏ដោយ សង្ឃឹមថា ទីក្រុង​ព្រះសីហនុ នឹង​ឈប់​លិចលង់​ក្នុងពេល​ឆាប់ៗ​នេះ​ជាមួយ​ការអនុវត្ត​ន៏​ច្បាប់​របស់​រដ្ឋបាល​ក្រុង រដ្ឋបាលខេត្ត ក្នុងការ​កំណត់ និង​រំដោះ​ទំហំ​ដី ប្រឡាយ អូរឡើង​វិញ​ តាម​ទំហំ ​នៃ​ប្លង់​ប្រព័ន្ធ​មាន​ស្រាប់​ដែល​កំណត់​ដោយ​មន្ត្រីជំនាញ​សុរិយោដី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114